នាព្រឹកថ្ងៃទី២ មិថុនា នៅទីក្រុង Pleiku ខេត្ត Gia Lai អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារជាមួយគណអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Gia Lai និងគណអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Binh Dinh ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និសីទលើកទី ១១ គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ នៅក្នុងមូលដ្ឋានទាំងពីរ។
លោកអគ្គលេខាបក្ស តូ ឡឹម ជាមួយថ្នាក់ដឹកនាំបក្ស និងរដ្ បានថតរូបជាក្រុមជាមួយថ្នាក់ដឹកនាំខេត្ត Gia Lai និង Binh Dinh។ រូបថត៖ VNA
ក្នុងជំនួបនេះ អគ្គលេខាបក្សលោក តូ ឡឹម បានសង្កត់ធ្ងន់ថា ក្នុងបរិបទនៃការរៀបចំបញ្ចូលខេត្ត Gia Lai និង Binh Dinh ទៅជាអង្គភាពរដ្ឋបាល-សេដ្ឋកិច្ចកាន់តែរឹងមាំ ទំនើប និងមានប្រសិទ្ធភាពជា ខេត្ត Gia Lai និង Binh Dinh ត្រូវម្ចាស់ការកសាងចក្ខុវិស័យអភិវឌ្ឍន៍រយៈពេលវែង បង្កើតសមិទ្ធិផលយុទ្ធសាស្ត្រក្នុងអភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ពង្រីកជាអតិបរមានូវការបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមករវាងខេត្តទាំងពីរ ដើម្បីអាចឈានឡើង ក្លាយជាប៉ូលកំណើនដ៏សំខាន់នៃតំបន់ភូមិភាគកណ្តាល និងរួមចំណែកនាំប្រទេសជាតិស្ទុះឈានឡើងយ៉ាងខ្លាំងក្លា ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។
យោងតាមលោកអគ្គលេខាបក្ស ខេត្ត Gia Lai ថ្មី ត្រូវផ្តោតលើការកសាងគំរូអភិវឌ្ឍន៍ប្រកបដោយតុល្យភាព សមាហរណកម្ម ជាមួយនឹងសមត្ថភាពតភ្ជាប់តំបន់ និងតភ្ជាប់យ៉ាងទូលំទូលាយ។ ដំបូងបង្អស់ ចាំបាច់ត្រូវរៀបចំឡើងវិញនូវសេដ្ឋកិច្ចតាមទិសនិរន្តរភាព អភិវឌ្ឍកសិកម្មអេកូឡូស៊ី ប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ អភិវឌ្ឍតំបន់វត្ថុធាតុដើមធំៗ ផ្សារភ្ជាប់ជាមួយនឹងដំណើរការផលិតស៊ីជម្រៅ ស្អាត និងឆ្ពោះទៅអព្យាក្រឹតកាបូន។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវពន្លឿនឧស្សាហូបនីយកម្មឆ្លាតវៃ ផ្តល់អាទិភាពលើឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មបៃតង ថាមពលកកើតឡើងវិញ បញ្ញាសិប្បនិម្មិត និងបង្កើតតំបន់នវានុវត្តន៍ និងតំបន់ឧស្សាហកម្មយុទ្ធសាស្ត្រ។ លោកអគ្គលេខាបក្ស តូ ឡឹម បានលើកច្បាស់ថា៖ “បន្ទាប់ពីការបង្រួម ជាមួយផ្ទៃដីធំទីពីរក្នុងប្រទេស ខេត្ត Gia Laiថ្មី ត្រូវម្ចាស់ការក្តាប់ឲ្យបានតំបន់ ធានាស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងអធិបតេយ្យភាពលើព្រំដែននិងកោះសមុទ្រ។ ទន្ទឹមនឹងនោះ ត្រូវលើកកម្ពស់អត្តសញ្ញាណវប្បធម៌របស់បណ្តាជនជាតិ ថែទាំជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសនៅតំបន់ដាច់ស្រយាល និងតំបន់ជនជាតិភាគតិច”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាមo