នាព្រឹកថ្ងៃទី១៩ ខែមីនា នៅច្រកទ្វារព្រំដែនអន្តរជាតិ Dong Xing ប្រទេសចិន នាយឧត្តមសេនីយ៍ ដុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានធ្វើជាអធិបតីក្នុងពិធីស្វាគមន៍គណៈប្រតិភូការពារជាតិវៀតណាម ដឹកនាំដោយនាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម អញ្ជើញមកចូលរួមសកម្មភាព ក្នុងក្របខ័ណ្ឌនៃកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី១០ នៅតំបន់ស្វយ័តក្វាងស៊ី Zhuang (ចិន)។
នាយឧត្តមសេនីយ៍ ដុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានធ្វើជាអធិបតីក្នុងពិធីស្វាគមន៍គណៈប្រតិភូការពារជាតិវៀតណាម ដឹកនាំដោយនាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមនៅច្រកទ្វារព្រំដែនអន្តរជាតិ Dong Xing ប្រទេសចិន ។ រូបថត៖ Le Phuong/VOV5
បន្ទាប់ពីពិធីស្វាគមន៍ គណៈប្រតិភូនៃប្រទេសទាំងពីរបានទៅទស្សនា កងអនុសេនាធំការពារព្រំដែន Dong Xing ក្នុងទីក្រុង Dong Xing នៃតំបន់ស្វយ័តក្វាងស៊ី Zhuang។ នៅទីនោះ រដ្ឋមន្ត្រីទាំងពីររូបបានដាំដើមឈើអនុស្សាវរីយ៍ និងមើលការប្រកួតកីឡាមិត្តភាព។ ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង បានប្រគល់អំណោយពីក្រសួងការពារជាតិវៀតណាម ជូនចំពោះកងអនុសេនាធំការពារព្រំដែន Dong Xing។
នៅព្រឹកថ្ងៃដដែល នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង និងនាយឧត្តមសេនីយ៍ ដុងជុន បានដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនបដិវត្តន៍វៀតណាម និងចិន ក្នុងឧទ្យានមិត្តភាពប្រជាជនវៀតណាម-ចិន នៃទីក្រុង Dong Xing។
ក្នុងឱកាសនេះដែរ រដ្ឋមន្ត្រីទាំងពីររូបបានទៅទស្សនាផ្ទាំងសិលារំលឹក "ចំណុចចាប់ផ្តើមនៃផ្លូវហូជីមិញនៅលើសមុទ្រ" នៅកំពង់ផែទេសចរណ៍ ហ្វាងឆេង ខេត្តក្វាងស៊ី។ សំណងនេះ ត្រូវបានសាងសង់ឡើងនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៥។ ផ្ទាំងសិលាមានរាងដូចបង្គោលសើន ដែលបានឆ្លាក់អក្សរជាភាសាទាំងពីរចិន-វៀតណាម៖ "ចំណុចចាប់ផ្តើមនៃផ្លូវហូជីមិញនៅលើសមុទ្រ"។
ក្រោយរយៈពេលពីរថ្ងៃ (ថ្ងៃទី ១៨-១៩ ខែមីនា) ជាមួយនឹងសកម្មភាពដ៏មានអត្ថន័យជាច្រើន កម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី ១០ បានបញ្ចប់ដោយពិធីជូនដំណើរសម្រាប់គណៈប្រតិភូវៀតណាមនៅរសៀលថ្ងៃទី ១៩ ខែមីនា នៅច្រកទ្វារព្រំដែនអន្តរជាតិ Dong Xing។ ថ្លែងទៅកាន់សារព័ត៌មាននៅខាងក្រៅកម្មវិធីនេះ ឧត្តមសេនីយ៍ឯក ង្វៀន អាញ ទួន ស្នងការនយោបាយនៃកងទ័ពការពារព្រំដែន បានឲ្យដឹងថា៖ "ការផ្លាស់ប្តូរការពារជាតិ ជាពិសេសការផ្លាស់ប្តូរមិត្តភាពតាមព្រំដែន គឺជាសកម្មភាពកិច្ចការបរទេសជាយុទ្ធសាស្ត្រ សំដៅកសាងខ្សែព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព និងអភិវឌ្ឍ។ ចំណុចលេចធ្លោក្នុងកម្មវិធីឆ្នាំនេះ គឺតាមរយៈកិច្ចសន្ទនា បានពង្រឹង ជំរុញ និងអនុវត្តន៍ជាក់ស្តែងនូវគោលការណ៍យុទ្ធសាស្ត្ររវាងបក្សទាំងពីរនិងរដ្ឋទាំងពីរ បង្កើនទំនុកចិត្តនយោបាយ លើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងរួមគ្នាកសាងសហគមន៍ចែករំលែកអនាគត។ ជាពិសេស ភាគីទាំងពីរយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពូនជ្រុំ និងរឹតចំណងសាមគ្គីភាពប្រពៃណីរវាងបក្សទាំងពីរ រដ្ឋទាំងពីរ រវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ ដោយការគោរពគ្នាទៅវិញទៅមក និងការគោរពច្បាប់អន្តរជាតិ ហើយរួមគ្នាដើម្បីកសាង និងការពារតំបន់ដ៏សន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍"៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម