រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង ជម្រាបជូនស្ថាប័នតំណាងការទូតបរទេស និងអង្គការអន្តរជាតិនៅវៀតណាមអំពីការរៀបចំសម្រាប់មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ (រូបថត៖ VNA)
ទាក់ទងនឹងគោលមាគ៌ាកិច្ចការបរទេសនៅក្នុងឯកសារដែលបានដាក់ជូនមហាសន្និបាត លោករដ្ឋមន្ត្រី លោក ឡេ ហយជុង បានសង្កត់ធ្ងន់លើការទទួលមរតកនូវគោលមាគ៌ាកិច្ចការបរទេសក្នុងសម័យកាលផ្លាស់ប្ដូរថ្មី ព្រមទាំងបំពេញបន្ថែមនូវគោលជំហរដឹកនាំថា ការពង្រឹងការការពារជាតិ សន្តិសុខ ការលើកកម្ពស់ទំនាក់ទំនងកិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិ គឺជាភារកិច្ចដ៏សែនសំខាន់ និងជាប្រចាំ។
“គោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមគឺ ឯករាជ្យ ភាពខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ពហុភាគីនិយម និងការធ្វើពិពិធកម្មទំនាក់ទំនងកិច្ចការបរទេស; ធានាផលប្រយោជន៍ប្រទេសជាតិខ្ពស់បំផុតដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ កិច្ចសហប្រតិបត្តិការដោយសមភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក; ធ្វើជាមិត្ត ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកដ៏សកម្ម និងមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ; ចូលរួមយ៉ាងសកម្ម និងមានទំនួលខុសត្រូវក្នុងការដោះស្រាយបញ្ហារួមក្នុងតំបន់ និងអន្តរជាតិ”។
អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោកស្រី Pauline Tamesis វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលវៀតណាមសម្រេចបានក្នុងអាណត្តិមហាសន្និបាតកន្លងទៅ។ (រូបថត៖ VNA) |
នៅក្នុងជំនួបនេះដែរ ឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នតំណាងការទូតជាច្រើនបានកោតសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផលរបស់វៀតណាម ហើយបានសម្តែងការរំពឹងទុកចំពោះទិសដៅអភិវឌ្ឍន៍នាពេលអនាគត។ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោកស្រី Pauline Tamesis បានវាយតម្លៃថា៖
“ប្រការដែលបានបំផុសគំនិតយ៉ាងពិតប្រាកដ ដល់រឿងរ៉ាវរបស់ប្រទេសវៀតណាម មិនមែនគ្រាន់តែជាតួរលេខសុទ្ធសាធប៉ុណ្ណោះទេ ថែមទាំងជាការប្តេជ្ញាចិត្តដើម្បីធានាថា កំណើនសេដ្ឋកិច្ចនឹងនាំមកនូវជីវភាពរស់នៅកាន់តែប្រសើរឡើងសម្រាប់មនុស្សគ្រប់គ្នាទៀតផង។ នោះគឺជាការសន្យាចំពោះការអភិវឌ្ឍប្រកបដោយចីរភាព ដោយផ្តោតលើមនុស្ស កាត់បន្ថយវិសមភាព និងការពង្រឹងស្ថាប័ន។ នោះគឺជាភាពក្លាហាននៅពេលប្រឈមមុខនឹងភាពងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ខណៈពេលដែលខិតខំប្រឹងប្រែងដើម្បីអនាគតដ៏បៃតងនិងមានភាពធន់ជាងមុន”។
បណ្ដាឯកអគ្គរដ្ឋទូត និងតំណាងស្ថាប័នបរទេសប្រចាំនៅប្រទេសវៀតណាម ក៏បានជឿជាក់ថា មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម នឹងទទួលបានជោគជ័យយ៉ាងធំធេង៕