ទិដ្ឋភាពទូទៅនៃសម័យប្រជុំបើក។ (រូបថត៖ VNA)
សម័យបើក មានការចូលរួមពីនាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីឡាវ លោក សុនសៃ ស៊ីផាន់ដូន នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆាន់វីរៈគុល នាយករដ្ឋមន្ត្រីទីម័រខាងកើត លោក កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ និងអគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន។
ថ្លែងសុន្ទរកថានៅក្នុងសម័យបើក នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានអះអាងថា អាស៊ានកំពុងឈរនៅចំពោះនឹងពេលវេលាដ៏សែនសំខាន់មួយ នៅក្នុងដំណើរការអភិវឌ្ឍន៍ នៅពេលដែលគោលការណ៍ជាមូលដ្ឋាននៃសេដ្ឋកិច្ច បច្ចេកវិទ្យា និងអំណាចសកលកំពុងត្រូវបានកំណត់ឡើងវិញ។
នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង ថ្លែងសុន្ទរកថានៅសម័យប្រជុំបើកវេទិកាអនាគតអាស៊ានឆ្នាំ២០២៦។ (រូបថត៖ VNA)
នៅក្នុងដំណើរអនុវត្តន៍ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអាស៊ានឆ្ពោះទៅរកទិសដៅយុទ្ធសាស្ត្រចំនួនបី។ ទីមួយ អាស៊ានមិនត្រឹមតែចូលរួមក្នុងនិន្នាការសកលប៉ុណ្ណោះទេ ថែមទាំងត្រូវរួមចំណែកក្នុងការបង្កើតនិន្នាការទាំងនោះ។ ទីពីរ យោងតាមលោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង អាស៊ានមិនត្រឹមតែជាមជ្ឈមណ្ឌលផលិតកម្មប៉ុណ្ណោះទេ ថែមទាំងត្រូវក្លាយជាមជ្ឈមណ្ឌលនៃនវានុវត្តន៍ទៀតផង។
“អាស៊ានមិនត្រឹមតែជាកន្លែងដែលបច្ចេកវិទ្យាត្រូវបានប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវក្លាយជាកន្លែងដែលបច្ចេកវិទ្យាត្រូវបានបង្កើតឡើង មិនត្រឹមតែជាកន្លែងដែលខ្សែសង្វាក់ផ្គត់ផ្គង់ឆ្លងកាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងដែលខ្សែសង្វាក់តម្លៃត្រូវបានបង្កើតឡើងទៀតផង។ ដូច្នេះ អាស៊ានត្រូវវិនិយោគកាន់តែខ្លាំងក្លាលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ សេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់ ឆ្ពោះទៅការកសាងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា និងឌីជីថលដែលមានអត្តសញ្ញាណអាស៊ាន ព្រមទាំងរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតស្តង់ដាររួមរបស់ពិភពលោក”។
ទីបី អាស៊ានមិនត្រឹមតែជាសហគមន៍បណ្ដាប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងត្រូវក្លាយជាសហគមន៍ពិតប្រាកដរបស់ប្រជាជនទៀតផង។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានបញ្ជាក់ថា វៀតណាមនឹងបន្តរួមដំណើរជាមួយអាស៊ាន ដោយសេចក្តីប្រាថ្នាស្ថាបនាអនាគត រួមចំណែកដល់ការកសាងតំបន់មួយដែលមានសន្តិភាព ស្ថិរភាព និងវិបុលភាព។
នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ថ្លែងសុន្ទរកថានៅសម័យប្រជុំបើក AFF ២០២៦។ (រូបថត៖ TTXVN)
ចំណែកឯនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កត្តាមនុស្សត្រូវតែដាក់នៅចំណុចស្នូលនៃដំណើរការកសាងសហគមន៍អាស៊ានទាំងមូល។
“ជារួម សន្តិភាពឬវិបុលភាពមិនមែនជាគោលដៅចុងក្រោយនោះទេ។ តម្លៃពិតរបស់វា ស្ថិតនៅក្នុងការលើកកំពស់ជីវភាព សេចក្តីថ្លៃថ្នូរ សន្តិសុខ និងកាលានុវត្តភាពសម្រាប់ប្រជាពលរដ្ឋរបស់យើង។ អាស៊ានមិនគួរវាយតម្លៃសមិទ្ធផលត្រឹមតែដោយផលិតផលក្នុងស្រុកសរុប (GDP) ទំហំពាណិជ្ជកម្ម ឬលំហូរវិនិយោគនោះទេ ប៉ុន្តែគួរវាយតម្លៃថា តើប្រជាពលរដ្ឋរបស់យើងមានជីវភាពកាន់តែប្រសើរ មានសុវត្ថិភាព មានសុខភាពល្អ និងមានសេចក្ដីសង្ឃឹមច្រើនជាងមុនដែរឬទេ”។
វេទិកាអនាគតអាស៊ានឆ្នាំ២០២៦ ដែលធ្វើឡើងក្នុងបរិបទនៃការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ បន្តជាកន្លែងសម្រាប់ថ្នាក់ដឹកនាំ អ្នកប្រាជ្ញ និងអ្នកជំនាញ ផ្លាស់ប្តូរគំនិតថ្មីៗ ដោយរួមចំណែកដល់ការកសាងអាស៊ានប្រកបដោយសាមគ្គីភាព ភាពធន់ រក្សាមជ្ឈភាពរបស់ខ្លួននៅក្នុងរចនាសម្ព័ន្ធតំបន់ ហើយរួមគ្នាស្ថាបនាអនាគតសន្តិភាព វិបុលភាព និងដាក់ប្រជាជនជាស្នូល៕