នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញជួបសន្ទនាជាមួយព្រះមហាក្សត្រហ្ស៊កដានី Abdullah II bin Al Hussein។ (រូបថត៖ VNA)
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងថា វៀតណាមគោរពទំនាក់ទំនងសហប្រតិបត្តិការពហុវិស័យជាមួយហ្ស៊កដានី។ វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការក្នុងវិស័យកសិកម្មនិងជួយឧបត្ថម្ភប្រទេសហ្សកដានីក្នុងការធានាសន្តិសុខស្បៀងអាហារ និងសហប្រតិបត្តិការក្នុងការធ្វើបរិវត្តកម្ម ឌីជីថល។ លោកនាយករដ្ឋមន្ត្រីស្នើឲ្យប្រទេសទាំងពីរឆាប់បង្កើតយន្តការសហប្រតិបត្តិការទ្វេភាគី; ពិចារណាការចរចា និង ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់លិខិតឆ្លងដែនការទូតនិងផ្លូវការ ដើម្បីសម្រួលដល់ការផ្លាស់ប្តូរគណៈប្រតិភូ និងការជួបប្រាស្រ័យរវាង ប្រទេសទាំងពីរ។
រីឯខ្លួនវិញ ព្រះមហាក្សត្រហ្ស៊កដានី Abdullah II bin Al Hussein បានស្វាគមន៍ ចំពោះសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ; ទន្ទឹមនឹងនោះ មានបំណង ចង់ឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស កិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយផលវិបាកនៃ គ្រាប់បែកមីន និងជួយគាំទ្រក្នុងការផលិតអវយវៈសិប្បនិម្មិត។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា នឹងដឹកនាំក្រសួង និងផ្នែកពាក់ព័ន្ធនានា ពន្លឿននីតិវិធីច្បាប់ ដើម្បីឆ្ពោះទៅរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគី ក្នុងឱកាសដែលព្រះមហាក្សត្រយាងមកបំពេញទស្សនកិច្ចនៅ វៀតណាម នាពេលខាងមុខ។ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជា ពិសេសថ្នាក់ជាន់ខ្ពស់ ដើម្បីបង្កើនទំនុកចិត្តផ្នែកនយោបាយ; ពិចារណាលើការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួនលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងវិស័យផ្សេងៗទៀត។
ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាអំពីការបង្កើនការសម្របសម្រួលនៅវេទិកាពហុភាគី និងបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា រួមទាំងស្នើឲ្យ ប្រទេសហ្ស៊កដានី បន្តគាំទ្រគោលជំហររបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងវៀតណាមលើការដោះស្រាយជម្លោះដោយសន្តិវិធី និងធានាសន្តិសុខ សុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើត ស្របតាមច្បាប់អន្តរជាតិ៕