ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី Ta Van Thong បានបញ្ជាក់ពីសារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស និងលោកជំទាវភរិយានៅឥណ្ឌូនេស៊ី
ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាម ប្រចាំនៅឥណ្ឌូនេស៊ី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី លោក Ta Van Thong បានឲ្យដឹងថា៖ នេះគឺជាព្រឹត្តិការណ៍ដែលចាប់ផ្តើមសកម្មភាពជាបន្តបន្ទាប់ដើម្បីអបអរសាទរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងឥណ្ឌូនេស៊ី (១៩៥៥ - ២០២៥)។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ថ្នាក់ដឹកនាំទាំងពីរគ្រោងនឹងមានកិច្ចពិភាក្សាអំពីវិធានការនានា ដើម្បីបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងឥណ្ឌូនេស៊ី។ នេះក៏ជាឱកាសសម្រាប់ប្រទេសទាំងពីរឯកភាពលើវិធានការមួយចំនួន ដើម្បីសម្រេចបាននូវគោលដៅបង្កើនទំហំពាណិជ្ជកម្មនាំចេញនាំចូលដល់ ១៨ ពាន់លានដុល្លារនៅឆ្នាំ ២០២៨។
“ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើងលើសពី ១៦ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៤។ ប្រទេសទាំងពីរនៅតែមានសក្ដានុពលជាច្រើនក្នុងការធ្វើអាជីវកម្ម។ បើនិយាយពីទីផ្សារវិញ ឥណ្ឌូនេស៊ីដែលមានប្រជាជនចំនួន ២៧០ លាននាក់ និងវៀតណាមដែលមានប្រជាជនជាង ១០០ លាននាក់ នេះជាសក្តានុពលដ៏ធំមួយសម្រាប់ប្រទេសទាំងពីរបង្កើនទំនាក់ទំនងពាណិជ្ជកម្មបន្ថែមទៀត។ ជាពិសេសដោយមានការចូលរួមយ៉ាងសកម្មរបស់ភ្នាក់ងារ និងរដ្ឋាភិបាលក្នុងការសម្របសម្រួលពាណិជ្ជ កម្មរវាងភាគីទាំងពីរ ខ្ញុំជឿជាក់ថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម រវាងភាគីទាំងពីរនឹងបន្តអភិវឌ្ឍន៍។ ខ្ញុំគិតថា អ្វីដែលរដ្ឋាភិបាលទាំងពីរត្រូវធ្វើគឺការចេញផ្សាយនូវកិច្ចព្រមព្រៀងដើម្បីសម្រួលដល់ការនាំចេញនាំចូលទំនិញទ្វេភាគី”។ នេះបើយោងតាមប្រសាសន៍របស់លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី។
ក្នុងពេលជាមួយគ្នានោះ ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវិទ្យុសំឡេងវៀតណាម អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី Arrmanatha Christiawan Nasir បានឲ្យដឹងថា ក្នុងបរិបទបច្ចុប្បន្ន វិស័យវប្បធម៌ ការផ្លាស់ប្តូរប្រជាជន និងទេសចរណ៍ក៏មានសារៈសំខាន់ខ្លាំង និងចាំបាច់ត្រូវតែលើកតម្កើងនាពេលខាងមុខ។ អនុរដ្ឋមន្ត្រី Arrmanatha Christiawan Nasir បានសង្កត់ធ្ងន់ថា ឥណ្ឌូណេស៊ីនិងវៀតណាមអាចជាគំរូមួយ មិនត្រឹមតែក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងលើសកលលោកទាំងមូលផងដែរ ដែលតាមរយៈសាមគ្គីភាព ការគោរពគ្នាទៅវិញទៅមក និងទស្សនៈវិស័យរួមគ្នា ភាគីទាំងពីរអាចជំនះឧបសគ្គ និងកសាងអនាគតប្រកប ដោយវិបុលភាព។ ទំនាក់ទំនងទ្វេភាគីឥណ្ឌូណេស៊ី-វៀតណាម គឺជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការ និងសេចក្តីប្រាថ្នារួមគ្នា៕