ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌូនេស៊ី និងដំណើរទស្សនកិច្ចផ្លូវការនៅលេខាធិការដ្ឋានអាស៊ាន ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែមីនា នាថ្ងៃទី ៩ មីនា នៅរដ្ឋធានីហ្សាការតា អគ្គលេខាបក្ស លោកតូ ឡឹម បានទទួលជួបថ្នាក់ដឹកនាំសាជីវកម្ម និងសហគ្រាសធំៗរបស់ឥណ្ឌូនេស៊ី។
ក្នុងជំនួបជាមួយលោក Budiarsa Sastrawinata នាយកប្រតិបត្តិក្រុមហ៊ុន Ciputra គ្រុប អគ្គលេខាបក្ស លោកតូ ឡឹម បានស្វាគមន៍ក្រុមហ៊ុន Ciputra គ្រុប បន្តវិនិយោគក្នុងការអភិវឌ្ឍទីក្រុងបៃតង ទីក្រុងឆ្លាតវៃ និងទេសចរណ៍ ជាមួយនឹងគម្រោងទ្រង់ទ្រាយធំនៅវៀតណាមនាពេលខាងមុខ។
ទទួលជួបលោក Patrick Walujo អគ្គនាយកនិងជាប្រធានក្រុមហ៊ុន Gojek គ្រុប និងលោក Garibaldi Thohir ប្រធានក្រុមហ៊ុន PT Alamtri Resources លោកអគ្គលេខាបក្ស បានស្នើឲ្យ Gojek គ្រុបស្រាវជ្រាវលើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នហិរញ្ញវត្ថុវៀតណាម ដើម្បីចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍហិរញ្ញវត្ថុឌីជីថល ធនាគារឌីជីថល និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម...។
ទទួលជួបលោក Oey Alfred នាយកក្រុមហ៊ុន Sungai Budi គ្រុប អគ្គលេខាបក្ស លោក តូ ឡឹមបានសង្កត់ធ្ងន់ថា ក្រៅពីវិស័យកសិកម្មដែលក្រុមហ៊ុនកំពុងសហការដោយជោគជ័យជាមួយវៀតណាម ភាគីទាំងពីរនៅតែមានឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការដែលចាំបាច់ត្រូវលើកកំពស់ដូចជា លើវិស័យអាហារសមុទ្រ និងអាហារហាឡាលជាដើម។
នៅថ្ងៃទី ៩ មីនា នេះ អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញទទួលជួបលោក Anindya Bakrie ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូនេស៊ី (KADIN) ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម