កម្ពុជានឹងចូលរួមក្នុងយន្តការដែលមិនប៉ះពាល់ដល់ឯករាជ្យរបស់កម្ពុជាតែប៉ុណ្ណោះ។ ថ្លែងក្នុងពិធីអបអរសាទរខួប ២០ឆ្នាំ នៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) របស់កម្ពុជា នៅថ្ងៃទី១៤ ខែតុលា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានមានឲ្យដឹងថា លោកបានប្រគល់ភារកិច្ចទៅលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ក្នុងការពិនិត្យមើលលើយន្តការក្នុងតំបន់និងនៅលើពិភពលោក ដែលកម្ពុជា គួរចូលរួម ឬមិនគួរចូលរួម។ លោកអះអាងថា ៖ នេះជា គោលនយោបាយរបស់កម្ពុជា កាលពីមុន ហើយនឹងត្រូវបានបន្តជានិច្ច។ កម្ពុជានឹងចូលរួមជាមួយប្លុកនិងយន្តការដែលមានទិសដៅរួម ដើម្បីរក្សាសន្ទិភាព វិបុលភាព និងជំរុញការអភិវឌ្ឍរួមនៅក្នុងតំបន់ ជាពិសេសសេដ្ឋកិច្ច និងយន្តការថែរក្សាសន្តិភាពនៅក្នុងតំបន់ ពីព្រោះកម្ពុជាត្រូវការសន្តិភាព ។
កម្ពុជាបញ្ជាក់ជាថ្មីថា មិនចូលរួមយន្តការអន្តរជាតិណាមួយដែលប្រឆាំងនឹងប្រទេសឬប្លុកដទៃឡើយ ។ រូបថត៖ vando