នាព្រឹកថ្ងៃទី ២០ ខែឧសភា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានដឹកនាំជំនួបធ្វើការជាមួយគណៈកម្មាធិការគោលនយោបាយនិងយុទ្ធសាស្ត្រមជ្ឈិម និងស្ថាប័នពាក់ព័ន្ធ ដើម្បីវាយតម្លៃអំពីធនធានអភិវឌ្ឍន៍ប្រទេសជាតិ ដោយភ្ជាប់នឹងការអនុវត្តគោលដៅកំណើនសេដ្ឋកិច្ចពីរខ្ទង់ និងការបង្កើតគំរូកំណើនថ្មី។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ថ្លែងនៅក្នុងជំនួបធ្វើការ។ (រូបថត៖ Van Hieu/VOV)
ថ្លែងសេចក្ដីសន្និដ្ឋាននៅជំនួបធ្វើការ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក
តូ ឡឹម បានបញ្ជាក់ថា
វៀតណាមកំពុងមានមូលដ្ឋានគ្រឹះដ៏ធំនិងសំខាន់ដើម្បីឈានចូលដល់ដំណាក់កាលអភិវឌ្ឍន៍ខ្ពស់ជាងមុន។
"កំណើនពីរខ្ទង់គឺជាគោលដៅអភិវឌ្ឍន៍ដែលមានគុណភាពខ្ពស់
មិនមែនកំណើនក្នុងតម្លៃណាមួយនោះទេ។
កំណើនខ្ពស់ត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
ការគ្រប់គ្រងអតិផរណា ការធានាតុល្យភាពសំខាន់ៗ សុវត្ថិភាពបំណុលសាធារណៈ
សុវត្ថិភាពប្រព័ន្ធហិរញ្ញវត្ថុ និងធនាគារ ការការពារបរិស្ថាន
ការធានាសុខុមាលភាពសង្គម ការពារជាតិ សន្តិសុខ ការកែលម្អជីវភាពរស់នៅរបស់ប្រជាជន
និងពង្រឹងទំនុកចិត្តសង្គម។ យើងមិនអាចលះបង់ស្ថិរភាពដើម្បីប្ដូរយកកំណើន មិនអាចលះបង់គុណភាពដើម្បីល្បឿន
មិនអាចរំលងប្រសិទ្ធភាពដើម្បីទ្រង់ទ្រាយ
ហើយមិនអាចធ្វើឱ្យមូលដ្ឋានគ្រឹះរយៈពេលវែងចុះខ្សោយ ដើម្បីផលប្រយោជន៍រយៈពេលខ្លីបានទេ”។
ដោយឈរលើស្មារតីនេះ លោកអគ្គលេខាបក្ស
ប្រធានរដ្ឋបានស្នើឱ្យវាយតម្លៃយ៉ាងត្រឹមត្រូវ
និងគ្រប់គ្រាន់អំពីធនធានអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ទាក់ទងនឹងភារកិច្ច
និងដំណោះស្រាយសំខាន់ៗសម្រាប់រយៈពេលខាងមុខ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម
បានស្នើថា៖
“កសាងកញ្ចប់ស្ថាប័នដើម្បីដោះសោធនធាន។
ផ្ដោតសំខាន់លើដីធ្លី ការវិនិយោគ ផែនការមេ ការសាងសង់ ទ្រព្យសកម្មសាធារណៈ
ទីផ្សារមូលធន ទិន្នន័យ កម្មសិទ្ធិបញ្ញា វិទ្យាសាស្ត្រ បច្ចេកវិទ្យា
គំរូសេដ្ឋកិច្ចថ្មី និងយន្តការសាកល្បងដែលគ្រប់គ្រងបាន”។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ
ក៏បានតម្រូវឱ្យប្រមូលផ្ដុំធនធានលើប៉ូលកំណើននានា គម្រោងនិងវិស័យដែលមានឥទ្ធិពលខ្ពស់; ផ្តល់អាទិភាពដល់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ភស្តុភារកម្ម ថាមពល ទិន្នន័យ
តំបន់ទីក្រុង មជ្ឈមណ្ឌលហិរញ្ញវត្ថុ តំបន់ពាណិជ្ជកម្មសេរី
សួនឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ សេដ្ឋកិច្ចសមុទ្រ ច្រករបៀងសេដ្ឋកិច្ច
និងតំបន់កម្លាំងចលករផងដែរ៕
តាម vovworld.vn/km-KH