នំបង្គាបឹងហូតី (Ho Tay) បានចាត់ទុកជាមុខម្ហូបអាហារមួយ ក្នុងចំណោមមុខម្ហូបអាហារ ដែលបង្ហាញបានពីលក្ខណៈពិសេសដាច់ដោយឡែក នៃភាពប្រណិតម្ហូបអាហារ របស់ប្រជាជនក្រុងហាណូយ ដែលភ្ញៀវទេសចរណ៍អន្តរជាតិនរណា ក៏គួរគប្បីសាកល្បងពិសាមួយដង។ មុខអាហារឆ្ងាញ់ពិសានេះ បានឧទ្ទេសនាមក្នុងកម្មវិធី “Destination” នៃបណ្តាញទូរទស្សន៍ CNN ។
តាមការចែករំលែកនៃម្ចាស់ហាងហ្វ័រញ៉ា (Hoa Nha) នៅផ្លូវភូតីហូ (Phu Tay Ho) នំបង្គាចាប់ផ្តើមបើកទូលាយនាឆ្នាំ១៩៣០ រយៈពេលនោះ មានអ្នករែកអង្រែកលក់តាមថ្នល់ ប្រជុំគ្នាលក់បណ្តោយតាមថ្នល់ថាញណៀន (Thanh Nien) ។ ដល់ពេញតំបន់នេះស្តុកស្តមឡើង ស្តង់លក់នំបង្គាតូចៗ ក៏បានបង្កើត ហើយនំបង្គាបឹងហូតី (Ho Tay) ចាប់ផ្តើមបង្កចំណាប់តាំងពីពេលនោះមក។
នំបង្គាបឹងតីហូ (Ho Tay) បានធ្វើឡើងទៅដោយការប្រមូលផ្តុំនៃភាពប្រណិតម្ហូបអាហាររបស់ប្រជាជនក្រុងហាណូយអតីតកាល។ ត្រូវនឹងឈ្មោះហៅ នំបង្គាបឹងហូតី (Ho Tay) គ្រឿងបង្គាសម្រាប់ធ្វើ ត្រូវជាបង្គាទឹកសាប ចាប់មកពីបឹងហូតី (Ho Tay)។ ពីព្រោះបង្គាចាប់បាននៅបឹងហូតី (Ho Tay) តែងមានសាច់ហាប់មាំ និង មានជាតិផ្អែម ហើយពេលចៀនឡើងមានពណ៌ក្រហមឆ្អៅ។ បង្គាបន្ទាប់ពីលាងជ្រះនឹងបានយកទៅប្រឡាក់នឹងម្សៅ រួចហើយយកទៅដាក់ចៀនដោយខ្លាញ់ច្រើន។ ក្នុងការចៀននំ អ្នកធ្វើត្រូវយកចិត្តទុកដាក់ លើស្រទាប់សម្បកនំប្តូរជាពណ៌លឿង ដូចពណ៌ស្លាបសត្វកន្លាត រួចស្រង់យកចេញទុកឱ្យស្រក់សម្ងួតខ្លាញ់។.

បង្គាស្រស់ចាប់បានពីបឹងហូតី (Ho Tay)។

នំបានចៀនក្នុងខ្ទះខ្លាញ់ពេញ។

អាហារនំបង្គាបឹងហូតី (Ho Tay)។
|
នំបង្គាបឹងហូតី (Ho Tay) ជាមួយនឹងរសជាតិឈ្ងុយឆ្ងាញ់ តែងបានពិសាជាមួយនឹងទឹកជ្រលក់ ធ្វើអំពីគ្រឿងម្ទេស ខ្ទឹមស ស្ករ ល្ហុងខ្ចីជាដើម ភ្ជាប់តាមបន្លែស្រស់ ធ្វើឱ្យមុខអាហារល្បីឈ្មោះ របស់ក្រុងហាណូយកាន់តែមានភាពទាក់ទាញជាង។ ពិសេស នំបង្គាបឹងហូតី (Ho Tay) ត្រូវពិសានៅពេលក្តៅ ពីព្រោះពេលនោះ ស្រទាប់នំនៅរក្សាបានភាពស្រួយ ហើយបង្គាក៏មានរសជាតិឈ្ងុយឆ្ងាញ់ដែរ៕
អាហារដ្ឋានហ្វ័រញ៉ា (Hoa Nha) ៖
- អាសយដ្ឋាន៖ លេខ៤៩ ផ្លូវភូតីហូ (Phu Tay Ho) តីហូ (Tay Ho) ក្រុងហាណូយ
- ទូរសព្ទ៖ ០៩០៤ ៨០២ ៦៩៩ / ០៩៣៩ ៥៩១ ២៨៦
|
អត្ថបទ៖ ង៉ឹនហា រូបថត៖ ត្រឹនថាញយ៉ាង