14/05/2020 13:54 GMT+7 Email Print Like 0

វៀតណាម - ទិសដៅវិនិយោគប្រកបដោយសុវត្ថិភាពបន្ទាប់ពីជំងឺរាតត្បាត

បន្ទាប់​ពីទទួលជោគជ័យក្នុងការរាំងស្កាត់ការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19 មក ឥឡូវនេះ វៀត​ណាម​បាន​ក្លាយជាកន្លែងមានសុវត្ថិភាពសម្រាប់ផលិតកម្មនិងសកម្មភាពអាជីវកម្ម។ ជាមួយនឹង​គុណសម្បត្តិ​ជាច្រើន​ក្រោយ​ COVID-19 វៀតណាមត្រូវបានគេចាត់ទុកថាជាទិសដៅគួឲ្យទាក់ ទាញមួយក្នុង​បរិបទ​ដែល​វិនិយោគិន​អន្តរជាតិ​ កំពុងស្វែងរកវិធីធ្វើពិពិធកម្មខ្សែផ្គត់ផ្គង់របស់ខ្លួន។
 
ប្រព័ន្ធផ្សព្វផ្សាយ​អន្តរជាតិបានកោតសរសើរចំពោះការឆ្លើយតបប្រឆាំងនឹងជំងឺរាតត្បាត COVID-19 យ៉ាងឆាប់​រហ័សនិងប្រកបជោគជ័យរបស់វៀតណាម។ ប្រព័ន្ធសារព័ត៌មាន​បានដក​ស្រង់​សម្តី​អ្នក​ជំនាញ​សេដ្ឋកិច្ច​​ថា ​ដោយមានករណីឆ្លង COVID-19 តិចតួចនិងមិនមានអ្នកស្លាប់នោះ វៀតណាម​មាន​ឧត្តមភាព​ក្នុងការ​ស្តារសេដ្ឋកិច្ច​ឡើងវិញលឿនជាងប្រទេសដទៃទៀត។
 
ចំណុចភ្លឺគួរឱ្យចាប់​អារម្មណ៍នៅក្នុងក្រសែភ្នែករបស់វិនិយោគិន

ទីប្រឹក្សាពិគ្រោះយោបល់​សម្រាប់ក្រុមហ៊ុន​បរទេសមួយ​ចំនួនបាន​សន្មត់ថា​ជោគជ័យ​របស់​វៀត​ណាម​ក្នុង​ការឆ្លើយ​តប​នឹងជំងឺរាតត្បាត បានជួយជំរុញទំនុកចិត្តរបស់វិនិយោគិនបរទេសចំពោះវៀតណាម។ លោក Fred Burke ដៃគូ​គ្រប់គ្រងនៅក្រុមហ៊ុនច្បាប់អន្តរជាតិ Baker McKenzie បានវាយតម្លៃថា ប្រតិកម្មរបស់វៀត ណាមចំពោះ​ជំងឺរាតត្បាត បានជួយធ្វើឱ្យអាជីវកម្មបរទេសមានការនឹងនរចិត្ត ហើយពួកគេមានអារម្មណ៍ ថាមានសុវត្ថិភាព​ជាង ពេលនៅវៀតណាម។ លោក Michael Sieburg ដៃគូរបស់ក្រុមហ៊ុនពិគ្រោះយោបល់ YCP Solidiance ដែល​ជាក្រុមហ៊ុនប្រឹក្សាជំនាញឯកទេសនៅអាស៊ី បានបញ្ជាក់ថា បើប្រៀបធៀបនឹងប្រ ទេសជា​ច្រើននៅលើពិភពលោក វៀតណាម​បានលេចចេញ​ជាចំណុចភ្លឺ​គួរឱ្យចាប់​អារម្មណ៍​បំផុត​នៅក្នុង​ក្រសែភ្នែក​វិនិយោគិន​។ តំណាងក្រុមហ៊ុនអភិវឌ្ឍន៍ចម្រុះ  Kizuna ដែលជា​អង្គភាព​សាង​សង់​រោង​ចក្រដែល​កំពុងត្រៀម​ប្រតិបត្តិការ​នៅវៀតណាម រំពឹងថា ការវិនិយោគបរទេសនឹងហូរចូលមកប្រទេសវៀតណាម បន្ទាប់ពី​ជំងឺរាតត្បាត​បានបញ្ឈប់ជាពុំខាន។ សម្រាប់ខ្លួនវិញ Kizuna កំពុងពន្លឿនផែនការបង្ហើយរោងចក្រមានផ្ទៃដី ១០ម៉ឺនម៉ែត្រ​ការ៉េ នៅភាគខាងត្បូងប្រទេសវៀតណាមនៅខែកក្កដាឆ្នាំ ២០២០ ដើម្បីឆ្លើយតបនឹង​តម្រូវការ​ដែល​កំពុង​កើនឡើងនាពេលអនាគត។
 
ប្រការគួរឲ្យ​កត់សម្គាល់ថា និន្នាការផ្លាស់ប្តូរប្រតិបត្តិការបានត្រៀមរួចជាស្រេច។ មុនពេលមានជំងឺរាត ត្បាត អង្គភាពអាជីវកម្ម​ជាច្រើនដែលមានរោងចក្រស្ថិតនៅក្នុងប្រទេសចិនក៏បានមើលឃើញវៀតណាមហើយ។ ចលនាចរន្តទុន​វិនិយោគបរទេសហូរចូលទៅក្នុងបណ្តាប្រទេសអាស៊ាន ក្នុងនោះមានវៀតណាមផងដែរ ក៏បើកឱកាស​ជាច្រើនសម្រាប់វៀតណាម។ លោក Nguyen Anh Van អ្នកគ្រប់គ្រងតំបន់ឧស្សាហ កម្ម Van Trung ទី២ ខេត្ត Bac Giang បានឲ្យដឹងថា ពេលខ្លះ មានសហគ្រាសបរទេសរហូតដល់ទៅ ១០ បានមកសិក្សានិ​ងចង់​​វិនិយោគនៅក្នុងតំបន់ឧស្សាហកម្មនេះ៖ “អ្វីៗ ដែលវិនិយោគិនបរទេសយកចិត្តទុក ដាក់ គឺពួក​គេចាប់​អារម្មណ៍​លើគោល​នយោបាយវិនិយោគរបស់ខេត្តគឺបើកចំហនិងងាយស្រួលដែរឬទេ។ ហើយទី ២ គឺទីតាំងភូមិ​សាស្ត្រនិង​ហេដ្ឋារ​ចនាសម្ព័ន្ធនៃតំបន់ឧស្សាហកម្ម ដែលអាចឆ្លើយតបនឹងតម្រូវការរបស់ខ្លួនដែរឬទេ។ ទីបីតម្រូវការ​សម្រាប់​ការផ្គត់ផ្គង់កម្លាំងពលកម្មសម្បូរបែបនិងមានគុណភាពដែររឺ អត់”។
 
ឆ្លៀតយក​កាលានុវត្តន៍ភាពដើម្បីបន្តចែងចាំងពន្លឺ​

លទ្ធផលនៃ​ការបង្ការ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 បន្តបញ្ជាក់ពីគុណសម្បត្តិ​របស់ខ្លួន ក្នុងការធានាស្ថេរភាព និងបរិយាកាសវិនិយោគ​អំណោយ​ផល​នៅ​វៀត​ណាម។ សារព័ត៌មាន Nikkei Asian Review បានបញ្ជាក់ថា ការផ្លាស់​ប្តូរ​លំហូរ​ទុន​វិនិយោគ​គឺជានិន្នាការ​ដែលមិនអាចបញ្ជ្រាសបាន បន្ទាប់ពីជំងឺរាតត្បាត COVID-19 ហើយបណ្តាប្រទេស​នៅអាស៊ី​អាគ្នេយ៍​ ក្នុងនោះមានវៀត​ណាមគឺ​ជាទិសដៅគួរឲ្យទាក់ទាញណាស់។

នៅក្នុងរ​បាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២០ ដែលបានចេញផ្សាយនៅចុងខែមេសា IMF បានវាយតម្លៃ​ថា វៀតណាមគឺជា “ប្រទេសដែលមានយថាទស្សន៍កំណើនល្អបំផុតនៅក្នុងអាស៊ាន”។ ធនាគារពិភព​លោក (WB) ក៏បានលើកឡើងផងដែរថា វៀតណាមបាន​ទ្រទ្រង់យ៉ាង​ល្អប្រសើរឡើង​នៅក្នុង​ទិដ្ឋភាព​​សេដ្ឋកិច្ចបរទេស ហើយសេដ្ឋកិច្ច វៀតណាមនឹងរីកចម្រើនឡើងវិញជាពុំខាន។ នាយក​ប្រតិបត្តិនៃ​សភា​ពាណិជ្ជកម្ម​អាមេរិក (AmCham) លោក Adam Sitkoff បានអះអាងថា វៀតណាមនៅ​តែជា​ទិស​ដៅវិ​និយោគ​ដែលកំពុងរីកចម្រើននៅអាស៊ី។ លោក Hirai Shinji ប្រធានតំណាង JETRO ប្រចាំទី​ក្រុង​ហូជីមិញ​បាន​វាយ​តម្លៃ​ថា នៅពេលដែលវៀតណាមបានគ្រប់គ្រងយ៉ាងល្អជំងឺរាតត្បាត មានន័យថា លំហូរទុន FDI (រួមទាំង​សហគ្រាស​ជប៉ុន) នឹងបន្តហូរចូលមកកាន់ប្រទេសវៀតណាម។
 
រីឯកាសែត​ឯកទេសសេដ្ឋកិច្ចរបស់ ChosunBiz នៃសាជីវកម្មប្រព័ន្ធផ្សព្វផ្សាយល្បីឈ្មោះ Chosun (កូរ៉េខាងត្បូង) បានចាត់​ទុកថា ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាមក្នុងដំណើរការប្រឆាំងនឹងជំងឺរាតត្បាត គឺទទួលបាន​ការជឿ​ទុក​ចិត្តយ៉ាងខ្លាំងពីវិនិយោគិនពិភពលោក។ កាសែតនេះក៏បានលើកឧទាហរណ៍ថា ក្រុម​ហ៊ុន​អេឡិច​ត្រូនិក​  Samsung ត្រូវតែបញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅតាមបណ្តារោងចក្រជាច្រើននៅជុំវិញពិភពលោក ប៉ុន្តែនៅ​តែអាច​រក្សាការ​ផលិតនៅវៀតណាមបានដដែល។ កាសែតនេះក៏បានបង្ហើបថា កាសឥតខ្សែ (AirPods) ប្រហែល ៣ ដល់ ​៤ លាន នឹងត្រូវផលិតនៅ វៀតណាមនៅត្រីមាសទី ២ ឆ្នាំ ២០២០នេះ។

ចំណែកសារព័ត៌មាន​ Bloomberg ក៏បានដឹងអំពីលទ្ធភាពនៃការលោតផ្លោះរបស់សេដ្ឋកិច្ចវៀតណាមផងដែរ នៅពេលដែលប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ គឺជាទិសដៅដ៏ពេញនិយមសម្រាប់វិនិយោគិនបរទេស។ ជាក់ស្តែងគឺទុនវិនិយោគជាង ១២ ពាន់លានដុល្លារ ត្រូវបាន ចុះបញ្ជីវិនិយោគក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២០។
 
បច្ចុប្បន្នរដ្ឋាភិបាលវៀតណាមបានដាក់ចេញគោលដៅកំណើន GDP ឆ្នាំ ២០២០ ប្រហែល ៥%។ ប៉ុន្តែ អង្គការ Fitch Ratings (Fitch) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹងវិលត្រឡប់មកវិញនៅឆ្នាំ ២០២១ ដោយរំ​ពឹងថា GDP ទទួលបាន ៧,៣%៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ