27/03/2020 16:35 GMT+7 Email Print Like 0

វៀតណាមប្រឆាំងជំទាស់នឹងសកម្មភាពរបស់ចិននៅប្រជុំកោះ Truong Sa និង Hoang Sa

វៀតណាមស្នើឲ្យចិនគោរពអធិបតេយ្យភាពរបស់ វៀតណាម មិនមានសកម្មភាពណាមួយ ដើម្បីបង្កើនភាពតានតឹងធ្វើឱ្យស្មុគស្មាញដល់ស្ថានភាព និងជះឥទ្ធិពលដល់សន្តិភាពនៅសមុទ្រខាងកើត ក៏ដូចជាតំបន់ផងដែរ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang


នាថ្ងៃទី ២៦ ខែមិនា នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ ក្រសួងការបរទេសវៀតណាមដែលបានធ្វើឡើង តាមរយៈអ៊ីនធឺណិត នៅចំពោះមុខសកម្មភាពខុសច្បាប់របស់ចិននៅប្រជុំកោះ Truong Sa របស់វៀតណាមនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងថា នេះគឺជាសកម្មភាពខុសច្បាប់ ហើយស្នើឲ្យចិនបញ្ឈប់រាល់សកម្មភាពដែលផ្ទុយនឹងផលប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំងពីរ ដែលធ្វើឲ្យស្ថានភាពនៅសមុទ្រខាងកើតកាន់តែស្មុគស្មាញ។

ឆ្លើយតបនឹងសំនួររបស់អ្នកយកព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះព័ត៌មានដែលថា ចិនបានបង្កើតស្ថានីយ៍ស្រាវជ្រាវចំនួន ២ លើថ្មប៉ប្រះទឹក Xu Bi និងថ្មប៉ប្រះទឹក Chu Thap ចំណុះ ប្រជុំកោះ Truong Sa នោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា៖ ដូចដែលបានបញ្ជាក់ម្តងហើយម្តងទៀត វៀតណាមមានមូលដ្ឋានគតិយុត្តិនិងភស្តុតាងប្រវត្តិសាស្ត្រគ្រប់គ្រាន់ដើម្បីអះអាងនូវអធិបតេយ្យភាពចំពោះ ប្រជុំកោះ Truong Sa និង Hoang Sa ដែលស្របតាមច្បាប់អន្តរជាតិ។ ដូច្ចេះ រាល់សកម្មភាពទាំងអស់នៅក្នុងប្រជុំកោះនេះ ត្រូវទទួលបានការអនុញ្ញាតពីវៀតណាម។ វៀតណាមស្នើឲ្យចិនគោរពអធិបតេយ្យភាពរបស់វៀតណាម មិនមានសកម្មភាពណាមួយដើម្បីបង្កើនភាពតានតឹង ធ្វើឱ្យស្មុគស្មាញដល់ស្ថានភាព និងជះឥទ្ធិពលដល់សន្តិភាពនៅសមុទ្រខាងកើត ក៏ដូចជាតំបន់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ