13/12/2020 15:08 GMT+7 Email Print Like 0

វាល Coi - ប្រសព្វគ្នារវាងបណ្តាខឿនវប្បធម៌

បុរាណដែលរកឃើញនៅតំបន់បុរាណវត្ថុវិទ្យាវាល Coi (រូបថត៖ Ngoc Anh)
 

វាល Coi ជាបណ្តុំបុរាណវត្ថុវិទ្យា រួមមានវាល Coi និងកន្លែងព័ទ្ធជុំវិញ ដូចជា វាល Loi និងវាល Phoi Phoi ស្ថិតនៅឃុំ Xuan Vien ស្រុក Nghi Xuan ខេត្ត Ha Tinh។ វាល Coi គឺជាតំបន់បុរាណវត្ថុវិទ្យាពិសេសមួយ ពីព្រោះទីនេះជាកន្លែងសម្រាប់ផ្លាស់ប្តូររវាងខឿនវប្បធម៌បុរេប្រវត្តិនៅវៀតណាមផងដែរ។

តំបន់វាល Coi មានទីតាំងស្ថិតនៅលើកោះខ្សាច់មួយ នៅជើងភ្នំ Hong Linh និងនៅជិតទន្លេ La ដែលបែងចែកផ្ទៃដីធម្មជាតិរវាងខេត្ត Nghe An និងខេត្ត Ha Tinh។ វាល Coi គឺជាបណ្តុំបញ្ចុះសពមួយកន្លែងដែលនៅរាយប៉ាយពាសពេញផ្ទៃដីធំទូលាយដែលមានផ្នូរចំនួនពីរប្រភេទ គឺផ្នូររណ្តៅ (លក្ខណៈវប្បធម៌ Dong Son) និងផ្នូរពាង (លក្ខណៈវប្បធម៌ Sa Huynh) ដែលត្រូវបានកប់ចន្លោះគ្នា។ កន្លែងបញ្ចុះសពនេះ មានតាំងពីប្រហែលសតវត្សទី ៣ មុនគ្រឹះសគរាជ រហូតដល់ដើមគ្រឹះសគរាជតែម្តង។ វត្ថុបុរាណដែលទទួលបានតាមរយៈការស្រាវជ្រាវ និងជីកគាស់ សឹងតែស្ថិតនៅទីបញ្ចុះសពទាំងអស់។ ចំណុចដែលបង្កើតតម្លៃពិសេសនៃវត្ថុបុរាណរបស់វាល Coi គឺថា នៅក្នុងផ្នូរពាង (Sa Huynh) មានវត្ថុបុរាណនៃវប្បធម៌ Dong Son និងផ្ទុយទៅវិញនៅក្នុងផ្នូររណ្តៅ ( Dong Son) យើងនឹងជួបប្រទះនឹងវត្ថុបុរាណមានលក្ខណៈវប្បធម៌ Sa Huynh។ លោក Tran Phi Cong នាយករងនៃសារមន្ទីរ Ha Tinh បានឲ្យដឹងថា៖ “យោងតាមអ្នកបុរាណវិទូថា វាល Coi និងវាល Loi  បានចុះកាលបរិច្ឆេទយឺតជាងបន្តិច គឺមុននេះ ២.៥០០ ឆ្នាំទៅ ២០០០ ឆ្នាំ។ វាល Coi ជាកន្លែងផ្លាស់ប្តូរវប្បធម៌រវាងវប្បធម៌ Dong Son និងវប្បធម៌ Sa Huynh ដែលត្រូវបានបង្ហាញតាមរយៈវត្ថុបុរាណដែលជីកគាស់បាន។ វត្ថុបុរាណត្រូវបានធ្វើឡើងពីគ្រឿងភាជន៍វប្បធម៌ Sa Huynh ប៉ុន្តែ លំនាំគឺជាវប្បធម៌មួយនៃវប្បធម៌ Dong Son។ ហើយមានវត្ថុបុរាណខ្លះ នៅខាងក្រៅដែលមានក្បូរក្បាច់តំណាងឱ្យវប្បធម៌ Dong Son ប៉ុន្តែនៅខាងក្នុងគឺគ្រឿងភាជន៍នៃវប្បធម៌ Sa Huynh ។ ពោលគឺ ក្បូរក្បាច់មានលក្ខណៈវប្បធម៌ Dong Son ប៉ុន្តែ វត្ថុធាតុដើមមានលក្ខណៈវប្បធម៌ Sa Huynh។ ទាំងនោះបង្ហាញយ៉ាងច្បាស់អំពីការផ្លាស់ប្តូរវប្បធម៌ទៀតសោត”។

បើប្រៀបធៀបទៅនឹងពាងកុលាភាជន៍នៃវត្ថុបុរាណវប្បធម៌ Sa Huynh នោះ ពាងកុលាភាជន៍នៅវាល Coi មានទំហំតូចជាង ដែលភាគច្រើនមានរូបរាងផ្លែប៉េស (Peach) និងរាងពងមាន់។ នេះជាទម្រង់មានលក្ខណៈប្រចាំតំបន់ ប្រភេទពាងកុលាភាជន៍នេះក៏ត្រូវបានគេរកឃើញនៅតំបន់ Go Ma Voi (នៅខេត្ត Quang Nam) និងកោះ Con Rang (នៅខេត្ត Thua Thien - Hue)។ ផ្នូរពាងធំៗ ត្រូវបានបញ្ចុះដោយវិធីសាស្ត្រជីករណ្តៅរាងមូល  បន្ទាប់មកដាក់ពាងនៅកណ្តាលលុបដីពាសពេញមាត់ពាងនិងបានបញ្ចុះវត្ថុផ្សេងចូលជាមួយ ហើយក្នុងពាងកុលាភាជន៍មួយចំនួន នៅតែមានឆ្អឹងដែលត្រូវឆេះ (សញ្ញាបញ្ជាក់ថាសពត្រូវដុត)។ លោក Nguyen Manh Thang ប្រធាននាយកដ្ឋានស្រាវជ្រាវបុរាណវិទ្យានៃសារមន្ទីរប្រវត្តិសាស្រ្តជាតិ អ្នកដែលចូលរួមក្នុងការស្រាវជ្រាវបុរាណវត្ថុវិទ្យាវាល Coi បានឲ្យដឹងថា៖ “នៅតំបន់បុរាណវត្ថុវិទ្យាវាល Coi ត្រូវបានរកឃើញប្រព័ន្ធពាង ដែលបានផ្លាស់ប្តូរការយល់ឃើញរបស់អ្នកបុរាណវិទូសិក្សាអំពីព្រំប្រទល់និងការបែងចែកវប្បធម៌ Dong Son និង Sa Huynh។ ក្នុងពេលជីកគាស់កកាយលើកទីបី យើងបានបង្ហាញឱ្យឃើញកាន់តែច្បាស់លាស់។ តំបន់បុរាណវត្ថុវិទ្យាវាល Coi អាចត្រូវបានគេមើលឃើញថាប្រជាជននៃវប្បធម៌ Sa Huynh បានប្រមូលផ្តុំគ្នា បន្ទាប់មកវប្បធម៌ Dong Son បានរីកសាយភាយ។ យ៉ាងណាមិញ  វប្បធម៌ Dong Son និង Sa Huynh មានកាលបរិច្ឆេទតាំងពី ២៥០០ ដល់ ២០០០ ឆ្នាំមុននេះ។ ហើយនោះគឺជាចំណុចពិសេសនៃតំបន់បុរាណវត្ថុវិទ្យារបស់វាល Coi ផងដែរ”។

ផ្នូរតាមបែបជីករណ្តៅកបសព គឺជាទម្រង់បញ្ចុះសពដ៏ពេញនិយមនៃវប្បធម៌ Dong Son។ នៅទីតាំងវាល Coi មានរណ្តៅបញ្ចុះសពដែលមានកាលបរិច្ឆេទយឺតជាងផ្នូរពាង។ ផ្នូររណ្តៅបញ្ចុះសពប្រើបំណែកកុលាភាជន៍បែងចែកកន្លែងបញ្ចុះ។ កុលាភាជន៍ត្រូវបានដំបំបែកដោយចេតនាហើយដោតជុំវិញសព។ ទម្រង់បែបនេះមានលក្ខណៈប្រហាក់ប្រហែលនឹងទម្រង់បញ្ចុះសពនៅឯភូមិ Vac (ខេត្ត Nghe An) ក្បែរនឹងវាល Coi ផងដែរ។ គ្រឿងកុលាភាជន៍ដែលត្រូវបានកប់ក្នុងផ្នូរ មានវត្ថុបុរាណខ្លះប្រកបដោយលក្ខណៈវប្បធម៌ Dong Son និងវត្ថុបញ្ចុះខ្លះ ដែលមានលក្ខណៈពិសេសនៃវប្បធម៌ Sa Huynh ផងដែរ។ ប្រការនេះបានបង្ហាញពីទំនាក់ទំនង ការផ្លាស់ប្តូរនិងឥទ្ធិពលពិសេសរវាងប្រជាជននៃវប្បធម៌ទាំងពីរនេះនៅឯតំបន់បុរាណវត្ថុវិទ្យាវាល Coi។ ដំណើរការនៃការស្រាវជ្រាវ បុរាណវិទ្យានៅវាល Coi បានរកឃើញលក្ខណៈថ្មីៗជាច្រើន។ លោក Nguyen Van Doan នាយកសារមន្ទីរប្រវត្តិសាស្ត្រជាតិបានឲ្យដឹងថា៖ “លក្ខណៈពិសេសនៅទីនេះត្រង់ចំណុចថា ជាលើកដំបូងបានរកឃើញសញ្ញាវប្បធម៌ Sa Huynh ដែលយើងធ្លាប់ដឹងថា វប្បធម៌នេះមានការបែងចែកនៅខេត្ត Ha Tinh មិនសូវច្បាស់និងមិនទាន់កំណត់អត្តសញ្ញាណឡើយ។ តំបន់នេះជាតំបន់ប្រសព្វវប្បធម៌រវាងវប្បធម៌ទាំងពីរ Dong Son និង Sa Huynh ហេតុដូច្នេះបានបង្កើតជាលក្ខណៈវប្បធម៌ពិសេសមួយដែលបង្ហាញតាមរយៈវត្ថុបញ្ចុះតាមសព។ និយាយរួមគឺថា តំបន់បុរាណវត្ថុវិទ្យានេះ ជាកន្លែងប្រមូលផ្តុំទាំងសហគមន៍វប្បធម៍ Sa Huynh និងសហគមន៍វប្បធម៌ Dong Son ដែលជាវប្បធម៌ល្បីឈ្មោះតាំងពីយូរយារមកហើយ ជាមូលដ្ឋានគ្រឹះនៃការបង្កើតអត្តសញ្ញាណវប្បធម៌វៀតណាម”។

ការជីកកកាយតំបន់បុរាណវត្ថុវិទ្យាវាល Coi ត្រូវបានអនុវត្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ អ្នកបុរាណវិទ្យាជឿថា នាពេលខាងមុខនេះ ការជីកគាស់នៅតែត្រូវពង្រីកដើម្បីរកឃើញវត្ថុបុរាណនេះឱ្យបានពេញលេញ។ វត្ថុបុរាណដែលបានជីកគាស់រកឃើញនៅវាល Coi បច្ចុប្បន្នត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរប្រវត្តិសាស្ត្រជាតិបនៃទីក្រុងហាណូយ ហើយដល់ខែឧសភាឆ្នាំ ២០២១ បន្តត្រូវបានដាក់បង្ហាញនៅសារមន្ទីរ Ha Tinh។ ជាមួយនឹងតម្លៃវប្បធម៌ដ៏សម្បូរបែបនិងវិសេសវិសាល នៅឆ្នាំ ២០១៤ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍ បានទទួលស្គាល់ថាវាល Coi ជាបេតិកភណ្ឌថ្នាក់ជាតិផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ