03/03/2020 12:38 GMT+7 Email Print Like 0

រដ្ឋាភិបាលវៀតណាមអះអាងនូវការប្តេជ្ញាចិត្តបញ្ជាដឹកនាំការអភិវឌ្ឍន៍ប្រទេសជាតិ


 (ប្រភព៖ កាសែតហិរញ្ញវត្ថុ)
 

រដ្ឋាភិបាលវៀតណាមបាន​អះអាងនូវការប្តេជ្ញាចិត្តរក្សាយ៉ាងរឹងមាំនូវគោលដៅកំណើនក្នុងឆ្នាំ ២០២០ បើទោះ​បី​ជា​ជំងឺរាតត្បាតរលាកផ្លូវដង្ហើម ដែល បង្កឡើងដោយវីរុស SARS - COV – 2 កំពុង​ជះឥទ្ធិពល​ជាក់​ស្ដែង​ដល់​ខឿន​សេដ្ឋកិច្ច​វៀតណាម និងដៃគូពាណិជ្ជកម្មនានារបស់វៀតណាមក៏ដោយ។ 

ដំណោះ​ស្រាយជាច្រើនត្រូវបាននាំចេញ ហើយសំណើរជាច្រើនក៏ត្រូវបានអនុវត្តន៍ដែរ សំដៅទប់ទល់​ប្រកប​ដោយ​ភាព​បត់បែនចំពោះ ស្ថានភាពជាក់ស្តែង។ការវិវត្តទាំងនេះបានសរឲ្យឃើញថា វៀតណាមមិន​ត្រឹម​តែមា​ន​ប្រតិ​កម្ម​យ៉ាងឆាប់រហ័ស ដើម្បីប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ប៉ុណ្ណោះទេថែម​ទាំង​កំពុង​ប្រតិកម្ម​យ៉ាង​ឆាប់​រហ័សអំពីសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងផលិតកម្ម ដើម្បីជំនះពុះ​ពារលើ​ផល​វិបាក​ដោយ​សារ​ជំងឺ​រាត​ត្បាត​នេះផង​ដែរ​។
 
ការបញ្ជាណែនាំដោយព្រមៗគ្នា
 
នៅក្នុងសម័យកិច្ចប្រជុំសម្រប​សម្រួលសេដ្ឋកិច្ច សង្កម ចាប់ពីដើមឆ្នាំ ២០២០ មក នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងជាច្រើនលើកច្រើនសារថា វៀតណាមមិនលើកបញ្ហា​កែប្រែ​បទដ្ឋាន​កំណើន​ក្នុង​ឆ្នាំ ២០២០ ឡើយ។ ជាក់ស្ដែង នៅក្នុងសម័យប្រជុំរដ្ឋាភិបាលប្រចាំខែ មករាឆ្នាំ ២០២០ (ដែលបានប្រ​ព្រឹត្តិទៅនាថ្ងៃទី ៥ ខែកុម្ភៈ) នោះ លោកនាយករដ្ឋមន្ត្រីបានថ្លែងថា៖ វៀតណាមមាន​ជំនឿ​ជាក់​យ៉ាង​មុត​មាំចំពោះវឌ្ឍនភាពសេដ្ឋកិច្ចរបស់វៀតណាមក្នុងបរិបទដែលមានការលំបាក សាកល្បងជាច្រើន។ ក្នុងស្មារតី​នេះ លោកនាយករដ្ឋមន្រ្តីបានបញ្ជាណែនាំដល់ក្រសួង ស្ថាប័នបន្តនាំចេញដំណោះស្រាយ រៀបចំ​រចនា​សម្ព័ន្ធ​ផលិតកម្មឡើងវិញយ៉ាងរឹងមាំ។ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

“យើងបាន​បង្កើតក្រុមការងារប្រតិកម្មឆាប់រហ័ស ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត nCoV។ ទន្ទឹមនឹង​នេះ​ ​យើងក៏ត្រូវប្រតិកម្មយ៉ាងឆាប់រហ័សអំពីសេ​ដ្ឋកិច្ច ហិរញ្ញវត្ថុ និ​ងផលិតកម្ម ដើម្បីទប់​ទល់​នឹង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​​ដោយសារជំងឺរាតត្បាត។ ដូច្នេះហើយ បន្សាំនឹងស្ថានភាពនាបច្ចុប្បន្នក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បី“ ប្រែក្លាយ​បរាជ័យទៅជាជោគជ័យ ជំនះពុះពារលើរាល់ការលំបាក នាំខឿនសេដ្ឋកិច្ចឆ្ពោះទៅមុខ និងឆ្លើយតប​នឹងក្ដី​សង្ឃឹមរបស់ប្រជាជន”។
 
រីឯនៅ​ក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាពិគ្រោះយោបល់គោលនយោបាយហិរញ្ញវត្ថិ ​រូបិយ​ប័ណ្ណ​ជាតិ នាថ្ងៃទី ២៥ ខែកុម្ភៈនៅ​ទីក្រុង​ហាណូយ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ប្រធានក្រុមប្រឹក្សាបានចាត់ទុកថា វៀតណាម​គប្បី​ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតយ៉ាងខ្លាំងក្លា ជំនះពុះពារលើការលំបាក ផ្ដោតសំខាន់​លើ​ផលិត​កម្ម​ ធ្វើអាជីវកម្ម ដើម្បីធានារាល់គោលដៅដែលបានដាក់ចេញ។ លោកបានថ្លែងថា៖
“យើង​ចាំបាច់​ត្រូវបន្តអនុវត្តដោយឥតងាករេនូវគោលដៅគ្រប់គ្រងអតិផរណា
ស្ថិរភាព​ម៉ាក្រូ ធានាតុល្យភាពធំៗសម្រាប់ខឿនសេដ្ឋកិច្ច បង្កើតមូលដ្ឋានគ្រឹះ សម្រាប់​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​។ ទំនិញ ផលិតកម្មសម្បូរ យន្តការចរាចរណ៍ជ្រះស្រឡះ ទីផ្សាររវើកជាង គោលន​យោបាយ​សារ​ពើពន្ធ​និង​រូបិយ​វត្ថុ​មាន​លក្ខណៈអំណោយផលសម្រាប់ប្រជាជននិងសហគ្រាស យកចិត្តទុកដាក់លើការនាំចេញ ជាដើម។ ឆ្នាំនេះ FDI ចូលមកច្រើនណាស់។ យើងត្រូវបំផុសជំនឿទុកចិត្តទៅលើទីផ្សារ ដើម្បីវិនិយោគិន​ក្នុង​ស្រុក​ជំរុញ​ការ​​វិនិយោគ“។
 
វិធាន​ការដែលរដ្ឋាភិបាលវៀតណាមកំពុងអនុវត្តគឺការអនុវត្តតាមការបញ្ជាណែនាំរបស់អគ្គលេខាបក្ស ប្រធាន​រដ្ឋវៀតណាម លោក Nguyen Phu Trong នៅក្នុង​កិច្ចប្រជុំ​អនឡាញ​របស់​រដ្ឋាភិបាល​ជាមួ​យ​ថ្នាក់​ដឹក​នាំខេត្ត​ ក្រុងចំណុះមជ្ឈឹម ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងហាណូយ។ នៅក្នុងកិច្ច​ប្រជុំ​នេះ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់ ត្រូវខិតខំប្រឹងប្រែង សកម្ម ច្នៃ​ប្រឌិតថែមទៀត ដើម្បីសម្រេចរាល់គោលដៅ និងភារកិច្ចដែលបានដាក់ចេញសម្រាប់ឆ្នាំ ២០២០ ប្រកបដោ​យ​ជោគជ័យ។
 
ប្រែក្លាយគ្រោះ​អាសន្នទៅជាឱកាស
 
ដោយឯកភាពលើការបញ្ជាណែនាំ​របស់ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ក៏ដូចជាការសម្រេបសម្រួលរបស់​រដ្ឋាភិបាលនោះក្រសួង ស្ថាប័ន ខេត្ត ក្រុងនានាបានរៀបចំផែនការជាច្រើន ដើម្បីដោះស្រាយការ​លំបាក និងអភិវឌ្ឍន៍សេដ្ឋកិច្ច។ ឧទាហរណ៍ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ​បាន​បង្កើន​ការនាំ​កសិផលទៅកាន់ផ្សារទំនើប និងហាងលក់ទំនិញនានា ជាពិសេសគឺអភិវឌ្ឍន៍ទីផ្សារថ្មី។ អនុរដ្ឋមន្រ្តីក្រសួង​កសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Phung Duc Tien បានអះអាងថា៖
 
“ក្រសួងកសិកម្មនិង​អភិវឌ្ឍន៍ជនបទបានឯកភាព​ផ្ដោតសំខាន់​លើការប្រមូលលក់​កសិផលក្នុង​ស្រុក។ យើង​ខ្ញុំ​បាន​ស្នើឲ្យសហគ្រាស និងតំបន់នានា ឆ្ពោះទៅរកដំណោះស្រាយកែច្នៃជលផលយ៉ាងស៊ីជម្រៅ។ ព្រមទាំង​ជំរុញ​ខ្លាំង​ការងារ​ពន្លឿនពាណិជ្ជកម្ម ដើម្បី កុំឱ្យពឹងផ្អែកលើទីផ្សារចិនផងដែរ“។
 
រដ្ឋាភិបាលវៀត​ណាមបានកំណត់ថា ជំងឺរាតត្បាត Covid -19 នាពេលខាងមុខ នៅតែវិវឌ្ឍន៍​យ៉ាង​ស្មុគស្មាញ​និង​មិន​អាចប៉ានស្មានបានឡើយ។ ហេតុដូច្នេះហើយ រដ្ឋាភិបាលវៀតណាម​មិនត្រឹម​តែប្រុង​ប្រយ័ត្ន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺប៉ុណ្ណោះទេ ថែមទាំងផ្ដោតសំខាន់លើការបញ្ជាណែនាំ ដើម្បីជំរុញការអភិវឌ្ឍផលិតកម្ម ធ្វើអាជីវកម្ម ​ដោះស្រាយការលំបាកជាបណ្តើរ ៗ និងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ដើម្បីសម្រេចគោលដៅ ភារកិច្ចឆ្នាំ ​២០២០ ដែល​បានអនុម័ត​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ