02/01/2019 15:52 GMT+7 Email Print Like 0

ប្រជាជនវៀតណាមរីករាយទទួលស្វាគមន៍ឆ្នាំថ្មី ឆ្នាំសកល ២០១៩

ក្នុងរាត្រីឆ្លងឆ្នាំថ្មី ថ្ងៃទី៣១ធ្នូនេះ ប្រជាជនរដ្ឋធានីហាណូយគឺពោរពេញដោយក្ដីសប្បាយចូលរួមក្នុងពិធីប្រគុំភ្លេង  អមទៅដោយពន្លឺចែងចាំងដ៏ស្រស់ស្អាតនៅតាមឆាកសម្តែងសិល្បៈពិសេសនិងពិធីបុណ្យរាប់ថយក្រោយដើម្បីស្វាគមន៍ឆ្នាំថ្មី ឆ្នាំសកល ២០១៩ ។

ទិដ្ឋភាពនៃពិធីបុណ្យ  “Countdown ២០១៩ - របាំនៃពន្លឺ” នៅវិមាន Ly Thau To
នៃរដ្ឋធានីហាណូយ (រូបថតៈ VOV)

នៅពេលដែលនាឡិកាត្រឹមតែម៉ោង 0 ពោលគឺបញ្ចប់ការរាប់ថយក្រោយនៅឯពិធីបុណ្យ “Countdown ២០១៩ - របាំនៃពន្លឺ”  មនុស្សរាប់ពាន់នាក់ ដែលកំពុងនៅជុំវិញវិមាន Ly Thai To - បឹង Hoan Kiem សុទ្ធតែរំភើបរីករាយ ស្វាគមន៍ឆ្នាំថ្មី ឆ្នាំសកល២០១៩ ។ ជាពិសេស ចំទៅនឹងពេលវេលានេះ គេបានជូនពរគ្នាទៅវិញទៅមក ឲ្យជួបតែសេចក្តីសុខចម្រើននិងពរជ័យគ្រប់ប្រការជូនដល់មនុស្សជាទីស្រឡាញ់របស់ខ្លួន។  មិត្ត Nguyen Phuong Thao នៅខ័ណ្ឌ Cau Giay នៃទីក្រុងហាណូយបានចែករំលែកថា៖ “នាងខ្ញុំមើលថាមានមនុស្សច្រើនណាស់។ ឆាកសម្តែងបានតែងលំអរស្អាតអស្ចារ្យ ហើយសំឡេងភ្លេងគឺរស់រវើកណាស់។ នាងខ្ញុំមានប្រាថ្នា ចង់ឲ្យឆ្នាំថ្មីជួបតែសេចក្តីសុខនិងសុភមង្គល។ សម្រាប់មិត្តទាំងអស់គ្នាគឺជូនពរគ្នាសិក្សាឱ្យបានល្អនិងសម្រេចបាននូវបំណងប្រាថ្នាគ្រប់ប្រការ”។

ដោយបំណងប្រាថ្នាចង់ឲ្យខ្លួនផ្ទាល់និងក្រុមគ្រួសារក្នុងឆ្នាំថ្មីនេះ ជួបតែសំណាងល្អ អ្នកស្រី Dao Thi Yen ក៏បានរំពឹងទុកដែតថា “អ្វីៗមិនទាន់បានសម្រេចក្នុងឆ្នាំចាស់ នឹងទទួលបានជោគជ័យនៅឆ្នាំថ្មី។ ហើយចូលឆ្នាំថ្មី ជូនពរឲ្យមនុស្សគ្រប់រូបជួបតែសេចក្តីសុខចម្រើននិងវិបុលភាព។ ជាពិសេស នៅឆ្នាំថ្មីនេះសេដ្ឋកិច្ចរបស់ប្រទេសជាតិនឹងមានចំណុចលោតផ្លោះ ដើម្បីមនុស្សគ្រប់គ្នា ជាពិសេសគឺកម្មករនឹងទទួលបានលក្ខណៈប្រសើរជាងមុន”។

Da Nang ទទួលស្វាគមន៍ឆ្នាំថ្មី ឆ្នាំសកល២០១៩ (រូបថតៈ Toquoc)

នាយប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្តាខេត្តនិងក្រុងនានានៃភាគកណ្តាលវៀតណាម មានភ្លៀងរលឹមៗ  ប៉ុន្តែមនុស្សរាប់ពាន់នាក់និងអ្នកទេសចរនៅតែហូរមកតាមដងផ្លូវដើម្បីទទួលស្វាគមន៍ពេលវេលាឆ្លងឆ្នាំថ្មី ដោយមានបំណងប្រាថ្នាជាច្រើនសម្រាប់ឆ្នាំថ្មី។  នៅទីក្រុង Da Nang ប្រជាជននិងអ្នកទេសចររាប់ពាន់នាក់បានប្រមូលគ្នានៅទីលាន ២៩/៣ នៅវិថី ២/៩ ដើម្បីចូលរួមកម្មវិធីសិល្បៈ “Da Nang អំណរនិទាឃរដូវនិងរាប់ថយក្រោយ ២០១៩”។ ដើម្បីអំណរឆ្នាំថ្មី២០១៩នេះ នៅវេលាម៉ោង ០ មជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌក្រុងបុរាណ Hue បានបាញ់កាំភ្លើងធំ ២១ ណាត់ផងដែរ។ ទោះបីជាអាកាសធាតុត្រជាក់ ហើយភ្លៀងរលឹមៗ ប៉ុន្តែប្រជាជន Hue នៅតែរីករាយទន្ទឹងរងចាំការបាញ់កាំភ្លើងធំអំណរពេលវេលាឆ្លងឆ្នាំចាស់ ឈានចូលឆ្នាំថ្មី ដោយបួងសួងសុំឲ្យឆ្នាំថ្មីជួបតែសេចក្តីសុខចម្រើន វិបុលភាពគ្រប់ប្រការ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ