21/08/2021 00:01 GMT+7 Email Print Like 0

បាយក្តាំងគ្រឿងសមុទ្រ

រលឹកដល់បាយក្តាំងនរណាក៏នឹកដល់បាយក្តាំងនិញប៊ិញ (Ninh Binh) ប៉ុន្តែអ្នកធ្វើដំណើរ​ទេសចរណ៍​នៅខេត្តហាយ​ផុង (Hai Phong) ទើបដឹងថា នៅទីនេះ ក៏មានបាយក្តាំងគ្រឿងសមុទ្រ ដែលផ្តើម​ចេញពីបាយក្តាំងនិញប៊ិញ (Ninh Binh) តែរបៀបពិសាផ្សេងទាំងស្រុង ដូច្នេះបាយក្តាំងគ្រឿងសមុទ្រ​ខេត្តហាយផុង (Hai Phong)  មានលក្ខណៈពិសេសដោយឡែក ពិសារួចក៏ចង់ពិសាថែមទៀត។

បាយក្តាំងគ្រឿងសមុទ្រ ជាអាហារមានដើមកំណើតចេញពីខេត្តហាយផុង(Hai Phong)។ ពីព្រោះនៅទីនេះមានប្រៀបខ្លាំងខាងគ្រឿងសមុទ្រដ៏សម្បូរបែប។ ប្រជាជនបានសម្រប់បាយក្តាំងនឹងគ្រឿងសមុទ្រ នាំយកអាហារនេះឱ្យក្លាយទៅជាអាហារពិសេសប្រចាំតំបន់សមុទ្រ។ បាយក្តាំងគ្រឿងសមុទ្រ បង្ហាញពីភាពរួចរាយ ចិត្តទូលាយនៃប្រជាជនខេត្តហាយផុង (Hai Phong) ក្បែរនោះនៅមានចរិតព្យាយាម ស្លួតត្រង់ នៃប្រជាជននៅភូមិភាគខាងជើង ប្រឹងប្រែងឧស្សាហ៍ពលកម្ម។

បាយក្តាំងជាស្រទាប់បាយនៅជាប់បាត់ឆ្នាំង ពេលដាំបាយហូប។ បាយឆ្អិនដែលនៅជាប់បាត់ឆ្នាំង នៅលើកម្តៅយូរទៅ តែងមានសភាពក្រៀម ឡើងពណ៌ក្រហម និងស្រួយ។ ដើម្បីធ្វើបានបាយក្តាំង គឺជាសិល្បៈចម្អិនមួយប្រាកដប្រជា។ បន្ទាប់ពី បាយបានដាំរួច ចុងភៅនឹងយកចំណែកបាយនៅជាប់បាត់ឆ្នាំង យកទៅចៀនឱ្យស្រួយឡើងពណ៌ក្រហមស្មើ។ របៀបចៀនត្រូវមានថ្វីដៃ ធ្វើដូចម្តេចបាយក្តាំងមានពណ៌ក្រហមស្មើ ស្រួយ ហើយស្វិតបន្តិចផង។ បន្ទាប់ពីបាយក្តាំងចៀនរួចរាល់ ពួកគាត់នឹងកាត់ជាបន្ទះបួនជ្រុងតួច រៀបដាក់​លើ​ចាន​ទៀប​ ជំហានបន្តគឺដំណាក់កាលច្នៃគ្រឿងសមុទ្រ។
 

បាយក្តាំងគ្រឿងសមុទ្រ ជាអាហារពិសេសប្រចាំខេត្តហាយផុង (Hai Phong)។

អាសយដ្ឋានសម្រាប់លោកអ្នក៖
អាហារដ្ឋាន​ង៉ន
លេខ១៨ ផ្លូវផានប៊ូយចូវ (Phan Boi Chau) សង្កាត់កឿណាម (Cua Nam) ខណ្ឌហ្វាងគីម (Hoan Kiem) ក្រុងហាណូយ។

គ្រឿងសមុទ្រនៅទីនេះមានបង្គា ក្តាម ម៉ឹក ខ្យងប្រមោយដំរី ។ល។ គ្រឿង​សមុទ្រធ្វើសម្រាប់បាយក្តាំង ត្រូវជាប្រភេទគ្រឿងសមុទ្រស្រស់បំផុត លាងឱ្យជ្រះ ស្អាត​ រួចយកទៅ​​ឆា។ ពិបាកធ្វើបំផុត គឺទឹកស៊ុបគ្រឿងសមុទ្រ ពេលឆាគ្រឿងសមុទ្រ មានដាក់បន្ថែមប៉េងប៉ោះ គ្រឿងទេស និងទឹកត្រី។ គ្រឿងសមុទ្រមានរសជាតិផ្អែមពិសេស សម្រប់នឹងជាតិប្រៃនៃទឹកត្រី ព្រមទាំងគ្រឿងទេស បង្កើតបានជាទឹកស៊ុបឆ្ងាញ់ពិសា។ បាយក្តាំងទើបចៀនរួច នឹងបានរាយដាក់គ្រឿងសមុទ្រនៅពីលើ ដែលមានទឹកស៊ុបមកជាមួយ។ ទឹកស៊ុបស្រូបជ្រាបលើបាយក្តាំងក្តៅលាន់ឮប៉ិកប៉ក ស្តាប់ទៅជក់ចិត្ត។ ទឹកស៊ុបខាប់ពណ៌ក្រហមស្រស់នៃពណ៌ផ្លែប៉េងប៉ោះ ជាមួយនឹងក្លិនក្រអូបរសជាតិផ្អែមនៃគ្រឿងសមុទ្រ បានជ្រាបចូលបន្ទះបាយក្តាំងដែលកំពុងក្តៅ។ អាហារបាយក្តាំងមានលក្ខណៈមួយចំនួនជាកំហិតដូចជា៖ ស្រួយ ក្លិនក្រអូបឈ្ងុយឆ្ងាញ់ ពិសាទៅមិនជិនណាយ។ ពេលពិសា មនុស្សជាច្រើនមានទម្លាប់កាន់បន្ទះបាយក្តាំង ជ្រលក់នឹងស៊ុបគ្រឿងសមុទ្រ។ រាល់បន្ទះបាយក្តាំង ចេះតែទាក់អារម្មណ៍អតិថិជនគ្រប់គ្នា ចង់ពិសាហើយពិសាទៀត។

បាយក្តាំងគ្រឿងសមុទ្រជាប់ចំណាត់ថ្នាក់លេខ១ក្នុងចំណោមអាហារឆ្ងាញ់ទាំង១០ របស់ខេត្តហាយផុង (Hai Phong) ដែលនរណាអញ្ជើញមកទីក្រុងសមុទ្រនេះ ក៏ចង់ពិសាឱ្យបានម្តងដែរ។ មិនត្រឹមតែជាអាហារពិសេសនៃតំបន់ទេសចរណ៍ នៅទាំងជាអាហារមួយ ងាយធ្វើនៅក្នុងគ្រួសារ នារដូវសម្រាកលំហែ ហើយផ្សាយក្លាយជាអាហារមួយ ដែលពេញនិយមបំផុតនៅសហគមន៍។

អត្ថបទ៖ ប៊ិចវឹន រូបថត៖ ថាញយ៉ាង/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង

បណ្តាអត្ថបទបានផ្សាយ