
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសម្តែងការគួរសម
ព្រះចៅអធិរាជជប៉ុននិងអគ្គមហេសី
នាថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាមលោក Nguyen Xuan Phuc និងលោកជំទាវអញ្ជើញជួបសម្តែងការគួរសមព្រះចៅអធិរាជជប៉ុននិងអគ្គមហេសីដែលកំពុងយាងដំណើរទស្សនកិច្ចនៅវៀតណាម។ ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនានិងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់ព្រះចៅអធិរាជជប៉ុន និងអគ្គមហេសី ព្រមទាំងរាជវង្សានុវង្សជប៉ុនសម្រាប់ប្រទេសជាតិនិងប្រជាជនវៀតណាម ក៏ដូចជាទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងជប៉ុន។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកសកម្មរបស់សម្ព័ន្ធក្រុមហ៊ុនធំៗ និងសហគ្រាសនានាររបស់ជប៉ុនដែលកំពុងអនុវត្តសកម្មភាពធ្វើអាជីវកម្មនៅវៀតណាម ព្រមទាំងសម្តែងក្តីជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះរបស់ព្រះចៅអធិរាជជប៉ុនិងអគ្គអគ្គមហេសីនឹងបង្កើតឡើងកម្លាំងចលករថ្មីជម្រុញកិច្ចសហប្រតិបត្តិការរវាងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរនាពេលខាងមុខ។ រីឯខ្លួនវិញ ព្រះចៅអធិរាជជប៉ុននិងអគ្គមហេសីបានសម្តែងក្តីសោមនស្សរីករាយ ដែលព្រះអង្គបានយាងដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ។ អធិរាជជប៉ុននិងអគ្គមហេសីក៏អរគុណចំពោះមនោសញ្ចេតនារបស់ប្រជាជនវៀតណាមចំពោះប្រជាជនជប៉ុនតាមរយៈការអភិរក្សនូវបេតិកភ័ណ្ឌនិងស្ថាបត្យកម្មរបស់ជប៉ុននៅទីក្រុង Hoi An និងការជួយឧបត្ថម្ភរបស់ប្រជាជនវៀតណាមក្នុងការជំនេះពុះពារនូវផលវិបាកដោយគ្រោះរញ្ជួយដីនិងរលកយក្សនៅជប៉ុននាឆ្នាំ២០១១កន្លងទៅផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម