ព័ត៌មាន
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជួបសម្តែងការគួរសមប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani
នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសម្តែងការគួរសមជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ នៅក្នុងជំនួបនេះនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani នឹងបើកចេញទំព័រថ្មីសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យភាគីទាំងពីរបង្កើនការនាំចេញនាំចូលទំនិញទៅវិញទៅមក ជាពិសេស ស្នើ ឲ្យភាគីទាំងពីរលើកកំពស់ទំនាក់ទំនងពាណិជ្ជកម្មអង្កឡើងថ្នាក់រដ្ឋាភិបាលសម្រាប់ ស្ថិរភាពកិច្ចសហប្រតិបត្តិការយូរអង្វែង។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសម្តែងការគួរសម
ជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក លោក Hassan Rouhani
ស្តីពីបញ្ហាសមុទ្រខាងកើត នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើ ឲ្យអ៊ីរ៉ង់បន្តគាំទ្រការរក្សាស្ថិរភាព ធានាសេរីភាព សុវត្ថិភាពនាវាចរណ៍ អាកាសចរណ៍ និងដោះស្រាយជម្លោះដោយសន្តិវិធីឈរលើមូលដ្ឋានច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិ ១៩៨២ (UNCLOS 1982) អនុវត្តពេញលេញនិងគ្រប់គ្រាន់សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឈានដល់សម្រេចក្រមប្រតិបត្តិតំបន់សម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ក្នុងឆ្នាំ ២០១៧ខាងមុខ។ រីឯខ្លួនវិញ លោក Hassan Rouhani បានអះអាងថា ដំណើរទស្សនកិច្ចលើកនេះរបស់លោកគឺសម្តែងនូវឆន្ទៈនយោបាយខ្ពស់របស់អ៊ីរ៉ង់ក្នុងការជម្រុញទំនាក់ទំនងជាមួយវៀតណាម។ នៅក្នុងជំនួបនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាប្រគល់ឲ្យក្រសួងឧស្សាហពាណិជ្ជកម្មនៃប្រទេសទាំងពីររៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងស្រាវជ្រាវបញ្ហាបើកផ្លូវដឹកជញ្ចូនសមុទ្ររវាងវៀតណាមជាមួយអ៊ីរ៉ង់ ដើម្បីជម្រុញវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម