07/05/2021 14:14 GMT+7 Email Print Like 0

ទៅបោះឆ្នោតគឺជាសិទ្ធិនិងកាតព្វកិច្ចដ៏ខ្ពង់ខ្ពស់របស់ប្រជាជនវៀតណាម

នាថ្ងៃទី ២៧ ខែមេសាឆ្នាំ ១៩៦៩ លោកប្រធានហូជីមិញបានអញ្ជើញទៅបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាប្រជាជននៅសង្កាត់ Ba Dinh ទីក្រុងហាណូយ (រូបថត៖ TTXVN)
 

នៅលើបណ្តាញសង្គមបច្ចុប្បន្នមាន “ពាក្យចលនា” ឲ្យម្ចាស់ឆ្នោតមិនទៅបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់ អាណត្តិ ២០២១-២០២៦ នៅថ្ងៃទី ២៣ ខែ ៥ ឧសភា ឆ្នាំ ២០២១ ខាងមុខនេះទាល់តែសោះ។ ថ្វីត្បិតដូច្នេះក៏ដោយ ក៏ប្រជាជនមួយចំនួនធំបានយល់ថា ការទៅបោះឆ្នោតគឺជាសិទ្ធិនិងកាតព្វកិច្ចដ៏ខ្ពង់ខ្ពស់របស់ពលរដ្ឋវៀតណាម។ ដើម្បីមានសិទ្ធិបោះឆ្នោត ប្រជាជាតិនិងប្រជាជនវៀតណាមទាំងមូល ត្រូវតស៊ូអស់រយៈពេលរាប់ពាន់ឆ្នាំហើយត្រូវលះបង់ទាំងសាច់ស្រស់និងឈាមស្រស់ ទើបសម្រេចបានសិទ្ធិនេះផងដែរ។

សិទ្ធិបោះឆ្នោតគឺជាការកំណត់របស់រដ្ឋធម្មនុញ្ញនិងច្បាប់ស្តីពីសមត្ថភាពរបស់ពលរដ្ឋ ក្នុងការអនុវត្តសិទ្ធិរបស់ខ្លួនដើម្បីជ្រើសតាំងអ្នកតំណាងចូលរួមបម្រើការក្នុងស្ថាប័នសិទ្ធិអំណាចរបស់រដ្ឋ។ សិទ្ធិបោះឆ្នោតរួមមានការតែងតាំងបេក្ខជននិងការបោះឆ្នោតពោលគឺជាសិទ្ធិម្ចាស់ការក្នុងការជ្រើសតាំងអ្នកតំណាងរបស់ពលរដ្ឋម្នាក់ៗ។ តាមរយៈការបោះឆ្នោត ប្រជាជនបោះឆ្នោតដោយផ្ទាល់ដើម្បីជ្រើសតាំងអ្នកតំណាងឲ្យឆន្ទៈ បំណងប្រាថ្នានិងភាពជាម្ចាស់របស់ខ្លួន ដើម្បីចូលរួមចំណែកក្នុងការបង្កើតក្បាលម៉ាស៊ីនរដ្ឋ សម្រាប់ដំណើរការសកម្មភាពគ្រប់គ្រងសង្គម។

មុនឆ្នាំ ១៩៤៥ វៀតណាមមិនទាន់មានរដ្ឋធម្មនុញ្ញ មិនទាន់មានការបោះឆ្នោតជ្រើសតាំងសមាជិកសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់។ បដិវត្តខែសីហាឆ្នាំ ១៩៤៥ ដឹកនាំដោយបក្សកុម្មុយនិស្ត វៀតណាម ដោយលោកប្រធានហូជីមិញជាប្រមុខដឹកនាំ បាននាំមកជូនប្រជាជនវៀតណាមនូវផលប្រយោជន៍ជាច្រើន ដែលពួកគេមិនធ្លាប់មានពីមុនមក ក្នុងនោះ មានសិទ្ធិបោះឆ្នោតនិងសិទ្ធិឈរឈ្មោះបោះឆ្នោត។ រដ្ឋធម្មនុញ្ញដើមដំបូងរបស់វៀតណាមឆ្នាំ ១៩៤៦ បានបញ្ជាក់ពីសិទ្ធិរបស់ពលរដ្ឋក្នុងការឈរឈ្មោះបោះឆ្នោតនិងបោះឆ្នោត ក្នុងមាត្រា ១៨ ដោយរដ្ឋសភានីតិកាលទី ១ នៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមអនុម័តនៅថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ១៩៤៦ ដែលចែងថា៖ “ពលរដ្ឋវៀតណាមទាំងអស់ ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ដោយមិនគិតពីស្រីឬប្រុសទេ គឺសុទ្ធតែមានសិទ្ធិបោះឆ្នោត លើកលែងតែមនុស្សវិកលចរិត និងអ្នកដែលបាត់បង់សិទ្ធិពលរដ្ឋ។  អ្នកឈរឈ្មោះបេក្ខជនត្រូវតែជាអ្នកដែលមានសិទ្ធិបោះឆ្នោត ត្រូវមានអាយុយ៉ាងតិច ២១ ឆ្នាំ ហើយត្រូវចេះអាននិងសរសេរភាសាជាតិ”។ ឆ្លងតាមរយៈរដ្ឋធម្មនុញ្ញចំនួន ៣ បន្តបន្ទាប់គ្នា (ឆ្នាំ ១៩៥៩, ១៩៨០ និង ១៩៩២) សិទ្ធិបោះឆ្នោតនិងសិទ្ធិឈរឈ្មោះបោះឆ្នោតនៅតែត្រូវបានបញ្ជាក់អះអាង។ រដ្ឋធម្មនុញ្ញបច្ចុប្បន្ន (រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣) ក្នុងមាត្រា ២៧ ចែងថា៖ ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅមានសិទ្ធិបោះឆ្នោត ហើយអ្នកដែលមានអាយុចាប់ពី ២១ ឆ្នាំឡើងទៅមានសិទ្ធិឈរឈ្មោះបេក្ខជនសមាជិកសភានិងសមាជិកក្រុមប្រឹក្សាប្រជាជន។ ការអនុវត្តសិទ្ធិទាំងនេះត្រូវបានកំណត់ដោយច្បាប់”។ ហេតុដូច្នេះ សាធារណរដ្ឋសង្គមនិយមវៀតណាមតែងតែពង្រីកភាពជាម្ចាស់របស់ប្រជាជន សិទ្ធិបោះឆ្នោតនិងឈរឈ្មោះបេក្ខជន ត្រូវបានចាត់ទុកថាជាសិទ្ធិសំខាន់របស់ពលរដ្ឋ ហើយដើរទន្ទឹមជាមួយសិទ្ធិគឺជាការទទួលខុសត្រូវនិងកាតព្វកិច្ចរបស់ពលរដ្ឋ។ ការចលនាឲ្យម្ចាស់ឆ្នោត មិនទៅបោះឆ្នោត គឺជាការរំលោភលើច្បាប់ ការរំលោភសិទ្ធិនិងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ។

ការពិតជាក់ស្តែងបានបង្ហាញថា ការបោះឆ្នោតជ្រើសតាំងសមាជិកសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់នៅវៀតណាម មានលក្ខណៈប្រជាធិបតេយ្យ ដោយពិចារណាលើប្រព័ន្ធបោះឆ្នោតទាំងមូល បេក្ខជនត្រូវបានដាក់ក្នុងបរិបទពិសេសនៃប្រវត្តិសាស្ត្រ វប្បធម៌ នយោបាយរបស់វៀតណាមនិងនិន្នាការនៃការរីកចម្រើនរបស់មនុស្សជាតិ។ ប្រព័ន្ធច្បាប់បោះឆ្នោតរបស់វៀតណាមបានដំណើរការ តាមគោល ការណ៍សកល ស្មើភាព បោះឆ្នោតដោយផ្ទាល់និងបោះឆ្នោតសម្ងាត់។ គោលការណ៍នេះត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ដោយធានាថា ចំនួនតំណាងនៃមូលដ្ឋាននីមួយៗគឺសមស្របទៅនឹងចំនួនម្ចាស់ឆ្នោតនៃតំបន់នោះ។ ម្ចាស់ឆ្នោតអាចទៅបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួនដោយផ្ទាល់ តាមស្ថាប័ន ចាប់ពីថ្នាក់មូលដ្ឋានរហូតដល់រដ្ឋសភា។

ជាប្រទេសមួយដែលមានជនជាតិចំនួន ៥៤ ក្នុងនោះមានជនជាតិភាគតិចជាច្រើន ហេតុដូច្នេះ បក្សនិងរដ្ឋវៀតណាមតែងតែយកចិត្តទុកដាក់លើសិទ្ធិរបស់ជនជាតិភាគតិចក្នុងការបោះឆ្នោត។ តាមការពិត ក្នុងរយៈពេលជាច្រើនកន្លងមក អត្រានៃតំណាងជាជនជាតិភាគតិចគឺតែងតែខ្ពស់ជាងអត្រាចំនួនប្រជា ជន។ នៅក្នុងអាណត្តិរដ្ឋសភានីតិកាលទី ១១ ចំនួនសមាជិកសភាដែលជាជនជាតិភាគតិចមានចំនួន ១៧,២%។  ក្នុងអាណត្តិរដ្ឋសភានីតិកាលទី១៤  មានចំនួន ១៧,៣% ខណៈពេលដែលអាត្រាជនជាតិភាគតិចចំនួន ៥៣ ស្រូបយកត្រឹមតែ ១៣% នៃចំនួនប្រជាជនវៀតណាមប៉ុណ្ណោះ។

ស្របតាមនិន្នាការនៃវឌ្ឍនភាពសង្គម បង្កើនតួនាទីរបស់ស្ត្រី ច្បាប់បោះឆ្នោតជ្រើសរើសសមាជិកសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនបច្ចុប្បន្ន បានចែងថា “ចំនួនស្ត្រីដែលត្រូវបានតែងតាំងជាបេក្ខជនសមាជិក សភា ត្រូវធានាថា យ៉ាងហោចណាស់៣៥% នៃចំនួនប្រជាជនសរុបនៅក្នុងបញ្ជីផ្លូវការនៃបេក្ខជនសមាជិក សភាជាស្ត្រី"។ យោងតាមរបាយការណ៍របស់មូលនិធិអភិវឌ្ឍន៍អង្គការសហប្រជាជាតិសម្រាប់ស្ត្រី (UNIFEM) អត្រាស្ត្រីជាសមាជិកសភារបស់វៀតណាមក្នុងប៉ុន្មានអាណត្តិកន្លងមកនេះ គឺខ្ពស់ជាងប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍និងពិភពលោក។

រដ្ឋវៀតណាមគឺជារដ្ឋរបស់ប្រជាជន ដោយប្រជាជននិងសម្រាប់ប្រជាជន។ តាមរយៈការបោះឆ្នោត ប្រជា ជនទៅបោះឆ្នោតដោយផ្ទាល់ដើម្បីជ្រើសតាំងអ្នកតំណាងឱ្យឆន្ទៈ បំណងប្រាថ្នានិងសិទ្ធិម្ចាស់ការ ដើម្បីបម្រើការងារក្នុងស្ថានអំណាចរដ្ឋក្នុងនាមពួកគេ ដែលចូលរួមចំណែកក្នុងការបង្កើតក្បាលម៉ាស៊ីនរដ្ឋ ដើម្បីប្រតិបត្តិសកម្មភាពគ្រប់គ្រងសង្គម។ ម្ចាស់ឆ្នោតជាពលរដ្ឋវៀតណាមទាំងអស់សុទ្ធតែបានយល់ច្បាស់ថា បោះឆ្នោតនិងការទៅបោះឆ្នោតគឺជាសិទ្ធិនិងកាតព្វកិច្ចដ៏ខ្ពង់ខ្ពស់របស់ប្រជាជនវៀតណាម។ ហេតុដូច្នេះ រាល់ការមូលបង្កាច់ណាមួយមិនអាចបំបែកបានមហាពិធីបុណ្យរបស់ប្រជាពលរដ្ឋវៀតណាមទូទាំងប្រទេស ថ្ងៃទី ២៣ ខែឧសភាឆ្នាំ ២០២១ នោះបានឡើយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ