• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងរុស្ស៊ី ចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងដំណាក់កាលថ្មី

ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម រួមជាមួយភរិយា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ទៅកាន់សហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែកញ្ញា ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-រុស្ស៊ី ក្នុងដំណាក់កាលថ្មី។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ធ្វើសន្និសីទសារព័ត៌មានរួម។ (រូបថត៖ Thong Nhat/TTXVN)

សេចក្តីថ្លែងការណ៍រួម បានបញ្ជាក់ថា ការពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងទ្វេភាគី គឺជាជម្រើសយុទ្ធសាស្ត្រដ៏យូរអង្វែង និងជាអាទិភាពមួយក្នុងចំណោមអាទិភាពនៃគោលនយោបាយកិច្ចការបរទេសរបស់ប្រទេសនីមួយៗ។

ភាគីទាំងពីរ បានឯកភាពគ្នាលើការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-រុស្ស៊ី ក្នុងដំណាក់កាលថ្មី ជាមួយនឹងទំនុកចិត្តនយោបាយនិងយុទ្ធសាស្ត្រកម្រិតខ្ពស់ ដោយមានមូលដ្ឋានគ្រឹះសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគប្រកបដោយតុល្យភាព និងចីរភាព; យកកិច្ចសហប្រតិបត្តិការការពារជាតិ-សន្តិសុខ ជាសសរស្តម្ភយុទ្ធសាស្ត្រ ដោយចាត់ទុកថាមពល ប្រេងឧស្ម័ន ជារបកគំហើញយុទ្ធសាស្ត្រ យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងធនធានមនុស្ស ជាកម្លាំងចលករចម្បង យកវប្បធម៌ និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ជាស្ពានតភ្ជាប់ប្រទេសទាំងពីរ ដែលមានសមត្ថភាពសម្របខ្លួនទៅនឹងការប្រែប្រួលនៃស្ថានភាពអន្តរជាតិ និងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជន មូលដ្ឋាន និងសហគ្រាសនៃប្រទេសទាំងពីរ។

ភាគីទាំងពីរ បានឯកភាពគ្នាជំរុញខ្លាំងកិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយ; បន្តពង្រឹងកិច្ចសហប្រតិបត្តិការសភា ព្រមទាំងបញ្ជាក់ថា កិច្ចសហប្រតិបត្តិការការពារជាតិ សន្តិសុខមិនមានគោលបំណងប្រឆាំងនឹងប្រទេសទីបីទេ ហើយមានលក្ខណៈស្របទាំងស្រុងជាមួយនឹងច្បាប់អន្តរជាតិ។

ទាក់ទងនឹងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម វៀតណាមលើកទឹកចិត្តរុស្ស៊ីឱ្យវិនិយោគលើគម្រោងដែលមានតម្លៃបន្ថែមខ្ពស់ ដោយផ្សារភ្ជាប់ទៅនឹងការផ្ទេរបច្ចេកវិទ្យា នវានុវត្តន៍ និងការបណ្តុះបណ្តាលធនធានមនុស្ស។ រុស្ស៊ីកំពុងស្រាវជ្រាវឱកាសពង្រីកការវិនិយោគនៅវៀតណាមក្នុងវិស័យដូចជា៖ ថាមពល (រួមទាំងថាមពលកកើតឡើងវិញ) ឧស្សាហកម្មកែច្នៃផលិតកម្ម សេដ្ឋកិច្ចវិលជុំ បច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង ភស្តុភារកម្ម ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ កសិកម្មបច្ចេកវិទ្យាខ្ពស់ ឱសថ សុខាភិបាល ទេសចរណ៍ និងវប្បធម៌។

ភាគីទាំងពីរចាត់ទុកកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រេងឥន្ធនៈ-ថាមពល ជារបកគំហើញយុទ្ធសាស្ត្រក្នុងទំនាក់ទំនងវៀតណាម-រុស្ស៊ី។ ដោយឈរលើមូលដ្ឋាននោះ ភាគីទាំងពីរបានឯកភាពគ្នាលើកកំពស់ប្រសិទ្ធភាពនៃគម្រោងដែលកំពុងដំណើរការ និងបន្តពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រេងឧស្ម័ននៅវៀតណាម និងរុស្ស៊ី។ ភាគីទាំងពីរ បន្តស្រាវជ្រាវពីលទ្ធភាពសម្រាប់អង្គការរុស្ស៊ីចូលរួមក្នុងការធ្វើទំនើបកម្មរោងចក្រអគ្គីសនីដែលកំពុងដំណើរការនៅវៀតណាម និងកសាងប្រភពបញ្ជូនអគ្គីសនីថ្មីៗ។

ភាគីទាំងពីរ បន្តអនុវត្តន៍គម្រោងសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានុយក្លេអ៊ែរនៅវៀតណាម ដែលជាគម្រោងសហប្រតិបត្តិការដ៏សំខាន់មួយក្នុងវិស័យប្រើប្រាស់ថាមពលបរមាណូដើម្បីគោលដៅសន្តិភាព។

វៀតណាមនិងរុស្ស៊ីបានបញ្ជាក់ពីការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងវិស័យគមនាគមន៍-ដឹកជញ្ជូន រួមទាំងការសាងសង់ប្រព័ន្ធរថភ្លើងក្រោមដីនៅវៀតណាម ការធ្វើទំនើបកម្មផ្លូវដែក និងជំរុញការដឹកជញ្ជូនពហុមធ្យោបាយរវាងវៀតណាម ចិន និងរុស្ស៊ីតាមរយៈផ្លូវដែក និងផ្លូវសមុទ្រ។

សេចក្តីថ្លែងការណ៍រួមក៏បានបញ្ជាក់ពីការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យវប្បធម៌ ពលករ និងទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ភាគីទាំងពីរគាំទ្រដល់ការបង្កើតសណ្តាប់ធ្នាប់ពិភពលោក ពហុប៉ូលដែលមានសមភាពនិងចីរភាពជាងមុន៕

តាម​ /vovworld.vn/km-KH

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋបារាំង និងចូលរួមក្នុងកិច្ចប្រជុំកំពូលអវកាសនៅទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀតណាម លោក តូ ឡឹម និងភរិយា រួមជាមួយ​គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅឧទ្យានម៉ុងត្រេអ៊ីល (ទីក្រុងម៉ុងត្រេអ៊ីល)។

Top