11/11/2021 14:14 GMT+7 Email Print Like 0

ជំរុញទំនាក់ទំនងការពារជាតិរវាងអាស៊ាននិងកូរ៉េខាងត្បូង

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការពារជាតិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ADMM ចង្អៀត), កិច្ចប្រជុំក្រៅផ្លូវការនៃរដ្ឋមន្ត្រីការពារជាតិអាស៊ាន-កូរ៉េខាងត្បូងបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា។
 

រដ្ឋមន្ត្រីការពារជាតិអាស៊ាន-កូរ៉េខាងត្បូង ចូលរួមកិច្ចប្រជុំអនឡាញ (រូបថត៖ Trong Duc/TTXVN)
 
លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស អញ្ជើញចូលរួមកិច្ចប្រជុំដែលតភ្ជាប់បណ្តាញពីទីក្រុងហាណូយ (រូបថត៖ Trong Duc/TTXVN)


នៅក្នុងកិច្ចប្រជុំ គណៈប្រតិភូបានវាយតម្លៃខ្ពស់ចំពោះការរៀបចំកិច្ចប្រជុំក្រៅផ្លូវការលើកដំបូងរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកូរ៉េខាងត្បូង។ ក្នុងនាមជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន-កូរ៉េខាងត្បូង ប្រធានគណៈប្រតិភូវៀតណាមនិងជារដ្ឋមន្ត្រីក្រសួងការពារប្រទេស នាយឧត្តមសេនីយ៍ Phan Van Giang បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់កូរ៉េខាងត្បូងចំពោះយន្តការសហប្រតិបត្តិការដែលដឹកនាំដោយអាស៊ាន ជាពិសេសគឺ ADMM+ ព្រមទាំងជឿជាក់ថាប្រទេសកូរ៉េខាងត្បូងនឹងទទួលជោគជ័យក្នុងតួនាទីជាសហប្រធាននៃក្រុមជំនាញ ADMM+ ស្តីពីសន្តិសុខបណ្តាញ សម្រាប់ដំណាក់កាល ២០២១-២០២៣ ជាមួយម៉ាឡេស៊ី។

“រាល់ផែនការសហប្រតិបត្តិការជាអាទិភាព បង្ហាញថា កូរ៉េខាងត្បូងចាប់អារម្មណ៍លើបញ្ហាសន្តិសុខទាក់ទិននឹងសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ក្នុងនោះមានបញ្ហាសមុទ្រខាងកើត ដោយហេតុនោះបានរួមចំណែកដល់សន្តិភាពស្ថិរភាពនៃតំបន់។ ក្រសួងការពារប្រទេសវៀតណាមវាយតម្លៃខ្ពស់និងតែងតែគាំទ្រចំពោះសំណើររបស់កូរ៉េខាងត្បូងស្តីពីវិធានការលើកកំពស់សមត្ថភាពរបស់បណ្តាប្រទេសអាស៊ាន ក្នុងនោះមានវិស័យរក្សាសន្តិភាព តាមរយៈការបណ្តុះបណ្តាល បំប៉ន អំពីការរក្សាសន្តិភាពសម្រាប់បណ្តាប្រទេសអាស៊ាន។ ក្នុងនាមជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន-កូរ៉េខាងត្បូង ក្នុងដំណាក់កាល ២០២១-២០២៤ វៀតណាមនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសអាស៊ាន និងកូរ៉េខាងត្បូង ដើម្បីជំរុញទំនាក់ទំនងការពារជាតិរវាងភាគីទាំងពីរ និងដើម្បីផលប្រយោជន៍រួមនៃតំបន់ទាំងមូល”។ នេះបើយោងតាមប្រសាសន៍របស់នាយឧត្តមសេនីយ៍ Phan Van Giang។

ប្រធានគណៈប្រតិភូវៀតណាមបានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់ប្រទេសកូរ៉េខាងត្បូងក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩ ដោយថ្លែងអំណរគុណប្រទេសកូរ៉េខាងត្បូងចំពោះការជួយឧបត្ថម្ភដល់ប្រទេសអាស៊ានជាទូទៅ និងវៀតណាមជាពិសេស ក្នុងការបង្ការជំងឺរាតត្បាត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ