20/03/2019 10:55 GMT+7 Email Print Like 0

ការចាប់ផ្ដើមអាជីវកម្មសម្រាប់ជំនាន់យុវវ័យវៀតណាម - បទពិសោធន៍ របស់ អ្នកជំនាញខាងផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត


 ផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតដើម្បីចាប់ផ្ដើមអាជីវកម្មប្រកដោយជោគជ័យ (រូបថត៖ vov.vn)
 

 សម្ព័ន្ធក្រុមហ៊ុន Mentally Fit  និងវេទិកាផ្លាស់ប្ដូរថ្មីច្នៃប្រឌិតពិភពលោក WIF រួម​ជាមួយ​កាសែត​វេទិកា​ធុរកិច្ច​វៀត​ណាម​ទើបនឹងបានរៀបចំបណ្ដាសិក្ខាសាលាស្ដីពី ​រូបមន្តជោគជ័យរបស់ថ្នាក់ដឹកនាំជួ​រមុខ​ និង ការ​ផ្លាស់​ប្ដូរ​ថ្មី ច្នៃ​ប្រឌិត​។
 
សិក្ខាសាលាទាំងនេះត្រូវបានរៀបចំឡើងនៅមហាវិទ្យាល័យសេដ្ឋកិច្ចជាតិ និងមហាវិទ្យាល័យ ពហុ​បច្ចេក​ទេស​ហាណូយ​ នៃប្រទេសវៀតណាម សំដៅចែករំលែករូបមន្តពិសេសចាប់ផ្ដើមអា​ជីវកម្មប្រកបដោយជោគ​ជ័យ ដើម្បី​យុវវ័យអាច​ចាប់ផ្ដើមអាជីវកម្ម ក៏ដូចជាស្វែងរកឱកាសទាក់ទាញទុ​នវិនិយោគផងដែរ​។
 
មហាសេដ្ឋី Alex Schulzte ប្រធានវេទិកាផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតពិភពលោក (WIF) បានឲ្យដឹងថា ក្រោយ​ពី​ពេល​រៀប​ចំកិច្ច​សន្ទនាស្ដីពី វេទិកាផ្លាស់ប្ដូរថ្មី​ ច្នៃប្រឌិតពិភពលោក និងឱកាសសហប្រតិបត្តិការជាមួយវៀត​ណាម កាល​ពីឆ្នាំ​ទៅមិញនោះ លោកបានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពច្នៃប្រឌិតរបស់បណ្ដា startup ក៏ដូចជារាល់​គោល​នយោបាយ​ឧបត្ថម្ភការចាប់ផ្ដើមអាជីវកម្មនៅវៀតណាមផ​ងដែ​រ។ តាមលោក Alex Schulzte ថា អត្រាចាប់ផ្ដើមអាជីវកម្មទទួលបរាជ័យនៅបណ្ដាប្រទេសលើពិភពលោក​គឺមានកម្រិត ៨០% ទៅ ៩០% ។ ហេតុ​ដូច្នេះ​ហើយ មិនថា startup ណាមួយឡើយ គឺគប្បីសឹក្សារៀនសូត្របទពិសោធន៍អំពីការជោគជ័យ និង​ការ​បរាជ័យ​របស់​អ្នកចាប់ផ្ដើមអាជីវកម្ម។ លោក Alex Schulzte បានអះអាងថា៖
​ 
“ប្រការ​សំខាន់បំផុតនៅពេលចាប់ផ្ដើមអាជីវកម្មគឺ មិត្តត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ក្លាយ​ទៅ​ជាសហគ្រាស​ខ្នាតធំ ទើបទទួលបានជោគជ័យ។​ ហេតុដូច្នេះហើយ នៅពេលចាប់ផ្ដើមអា​ជីវកម្ម មិត្ត​គប្បី​ផ្ដោត​ការ​យក​ចិត្ត​ទុក​​ដាក់​ដល់និន្នាការអភិវឌ្ឍន៍ក្នុងរយៈពេល ពី ១០ ដល់ ២០ ឆ្នាំខាងមុខ។ ប្រការនេះ​ទាម​ទារ​ឲ្យ​មិត្ត​ត្រូវ​មាន​ទស្សន​វិស័យ ក៏ដូចជាត្រូវស្វែងរករិធីទាក់ទាញវិនិយោគិនផងដែរ។ លើសពីនេះទៅទៀត មិត្តត​ត្រូវ​នាំ​សហ​គ្រាស​របស់ខ្លួន ឆ្ពោះទៅរកសកលកលោក។ ហេតុដូច្នេះហើយ មិត្តត្រូវចេះភាសារអង់គ្លេសយ៉ាងពូកែ ដើម្បី​កសាង​វែបសាយរបស់សហគ្រាសជាភាសាវៀតណាមផង និងអង់គ្លេសផងដែរ។
 
តើធ្វើ​យ៉ាងម៉េចដើម្បីសុក្រឹតគោលដៅដល់ឆ្នាំ២០៣០ វៀតណាមនឹងជាប់ក្នុងបញ្ជីប្រទេស ដែលមាន​ចំណូល​មធ្យម​ខ្ពស់។ បំណងប្រាថ្នាដើម្បីវៀតណាមក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់នាឆ្នាំ ២០៤៥ កំពុង​ទាម​ទារ​ឲ្យ​សង្គមទាំងមូល ដែលក្នុងនោះមានយុវវ័យ ចាំចាច់ត្រូវខិតខំប្រឹងប្រែងដោយឥតឈប់ឈរ តាំង​ពីពេល​ជាសិស្ស​សាលា។ ហេតុដូច្នេះហើយ មហាវិទ្យាល័យសេដ្ឋកិច្ច​ជាតិ​បាន​កសាង​កម្ម​វិធី​បណ្ដុះ​បណ្ដាល​ថ្មីៗ​ជាភាសា​អង់​គ្លេស​ ដើម្បីឆ្លើយតបនឹងតម្រូវការធ្វើសមាហរណកម្មអន្តរជាតិ។ សាស្ត្រាចារ្យ បណ្ឌិត Tran Tho Dat នាយក​មហា​វិទ្យាល័យ​សេដ្ឋកិច្ចជាតិបានឲ្យដឹងថា៖
 
“ក្នុងឆ្នាំ២០១៨ នេះ មហាវិទ្យាល័យសេដ្ឋកិច្ចជាតិបានបើកកម្មវិធី បណ្ដុះបណ្ដាលថ្មីជាភាសាអង់គ្លេសចំនួន ៧ ដែលក្នុងនោះ​មាន​មុខជំនាញដូចជា៖ ធុរកិច្ចឌីជីថល សេដ្ឋកិច្ចឌីជីថលជាដើម។ នាបច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុ​ងប្រគល់ភារកិច្ចឲ្យស្ថាប័នតាក់តែងគោលនយោបាយ វិទ្យាស្ថានសិក្សាស្រាវជ្រាវ មហា​វិទ្យាល័យ​សេដ្ឋ​កិច្ច​ ដើម្បីកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០៣០ និងផែន​ការ​រយៈ​ពេល​ ៥​ ឆ្នាំខាងមុខ សំដៅសុក្រឹតគោលដៅទាំងនេះផងដែរ”។
 
ក្នុងឆ្នាំ២០១៨ វៀតណាមបានបង្កើតសហគ្រាសជាង ១៣១ ពាន់អង្គភាព។ ទោះជាយ៉ាងណាក៏ដោយ មាន​សហគ្រាស​ ១៣% ក្នុងចំណោមសហគ្រាសទាំងនេះត្រូវផ្អាកសកម្មភាព។ អត្រានេះ​ក៏​ស្រដៀង​នឹង​ប្រទេស​នានា​លើ​ពិភពលោក​។ តាមការសិក្សាស្រាវជ្រាវនៃវេទិកាផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ពិភពលោក WI​F រួម​ជាមួយ​សម្ព័ន្ធ​ក្រុម​ហ៊ុន​ Mentally Fit   បានឲ្យដឹងថា បន្ទាប់ពីផលិតចេញផលិតផលនោះ បណ្ដាសហគ្រា​ស ក៏ដូច​ជាបុគ្គល​ចាប់​ផ្ដើម​អាជីវកម្ម​គប្បីបន្តសិក្សាស្រាវជ្រាវដើម្បីផ្លាស់ប្ដូរថ្មី ឲ្យសមស្រ​បនឹងតម្រូវការរបស់អតិថិជ​ន។ លោក Alain Goudsmet ប្រធាន​ និងជាស្ថាបនិកសម្ព័ន្ធ​ក្រុមហ៊ុន​ Mentally Fit  បានចាត់​ទុកថា៖
 
“សហគ្រាស ឬផលិតផលចាប់ផ្ដើមអាជីវកម្មរបស់មិត្តនឹងទទួលបានជោគជ័យ នៅពេល​មិត្ត​មាន​បេសក​កម្ម​យ៉ាង​ច្បាស់លាស់ និងផ្ដោតសំខាន់លើផលិតផលរបស់ខ្លួន។ មិត្តត្រូវយល់ថា ដើម្បី​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ចាប់​ផ្ដើម​អាជីវកម្មនោះ គឺការសិក្សារៀនសូត្រ តាមវិធីបណ្ដុះបណ្ដាលប្រពៃណីស្រូបយក ១០% ការសិក្សា​រៀន​សូត្រ​ពីអ្នកបណ្ដុះបណ្ដាលស្រូបយក ២០ % ហើយ ៧០ % នៅ​សេស​សល់​គឺ​អាស្រ័យ​ទៅ​លើការ​សិក្សា​រៀន​សូត្រ​ដោយ​ខ្លួន​ឯង”។
 
ឆ្នាំ២០១៨ បានកត់សម្គាល់នូវការជោគជ័យរបស់បណ្ដា startup វៀតណាម។ ជាពិសេស ក្នុងឆ្នាំទៅមិញ សម្ព័ន្ធ​ក្រុម​​ហ៊ុនសេដ្ឋកិច្ចធំៗបានបង្កើនការបោះទុនវិនិយោគសម្រាប់គំនិតផ្ដួចផ្ដើមលោតផ្លោះអំពីវិទ្យាសាស្ត្រ ហើយ​បង្កើតឡើង ប្រព័ន្ធអេកូចាប់ផ្ដើមអាជីវកម្មផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត។ ម៉្យាងវិញទៀត មាន startup ចាប់​ផ្ដើម​អាជីវ​កម្មជាច្រើន​ក៏ទទួលបានជោគជ័យ ​ ដោយ​សារមាន​ការជួយ​ឧបត្ថម្ភ​ពរបស់​មូល​និធិចាប់​ផ្ដើម​ផ្ដើម​អាជីវកម្ម​ផ្លាស់​ប្ដូរ​ថ្មី ច្នៃប្រឌិត ក៏ដូចជាសហគ្រាសជួយឧបត្ថម្ភការចា​ប់ផ្ដើមអាជីវកម្មផងដែរ៕

 

តា​ម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ