ព័ត៌មាន
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញជូនពរ ឆ្នាំថ្មីចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ ជនរួមជាតិនិងយុទ្ធជនក្នុងទូទាំងប្រទេស
នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ (ពោលគឺថ្ងៃទី២៧តេត) នៅវិមានប្រធានរដ្ឋ អគ្គ លេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញជូនពរ ឆ្នាំថ្មីចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម ជនរួមជាតិ យុទ្ធជន ក្នុងទូទាំងប្រទេស ក៏ដូចជាអាណិកជន វៀតណាមនៅឯបរទេស។
អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានលើកឡើងយ៉ាងច្បាស់ថា៖
“រាល់សមិទ្ធផលលើគ្រប់វិស័យដែលសម្រេចបានក្នុងឆ្នាំ២០១៨ បានរួមចំណែកពង្រឹងនិងលើកកំពស់ជំនឿទុកចិត្តរបស់កម្មាភិបាល បក្ខជន និងប្រជាជនចំពោះការដឹកនាំរបស់បក្សនិងបុព្វហេតុផ្លាស់ប្ដូរថ្មីរបស់ប្រទេសជាតិ។
នោះគឺជាលទ្ធផលនៃបុព្វហេតុផ្លាស់ប្ដូរថ្មីប្រទេសជាតិយ៉ាងពេញលេញអស់រយៈពេលជាង ៣០ ឆ្នាំកន្លងទៅនៃចំណងសាមគ្គីភាព ឯកភាព ការខិតខំប្រឹងប្រែងរួមកម្លាំងកាយចិត្តរបស់បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល ក៏ដូចជាការស្រុះចិត្តគំនិត ការគាំទ្រ ការលើកទឹកចិត្ត ការផ្ដល់មតិទាន់ពេលវេលារបស់ កម្មាភិបាល បក្ខជន សមមិត្តបដិវត្តន៍ជើងចាស់និងប្រជាជនគ្រប់ស្រទាប់។ កត្តាទាំងអស់នេះបានបង្កើតឡើងកម្លាំងចម្រុះនៃប្រព័ន្ធនយោបាយនិងសង្គមទាំងមូល ព្រមទាំងបង្កើតឡើងកម្លាំងចលករ ជំនឿជាក់និងសេចក្ដីសង្ឃឹមថ្មី ដើម្បី អោយយើងឈានចូលឆ្នាំ២០១៩”។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមបានអំពាវនាវអោយបក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល ប្ដេជ្ញាចិត្តពង្រីកស្មារតីខ្លួនទីពឹងខ្លួន សាមគ្គីគ្នា សកម្ម ច្នៃប្រឌិត ក៏ដូចជាលទ្ធផលដែលសម្រេចបានដើម្បីជំនះពុះពារ លើការលំបាក អនុវត្តន៍យ៉ាងខ្លាំងក្លាកម្មវិធី ផែនការ និងភារកិច្ចទាំងអស់ដែលត្រូវបានដាក់ចេញ។ ទន្ទឹមនឹងនោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ក៏បានលើកឡើងយ៉ាងច្បាស់ថា ចាំបាច់អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចការបរទេសនិងសមាហរណកម្មអន្តរជាតិ ធ្វើអោយទំនាក់ទំនងជាមួយប្រទេសផ្សេងៗកាន់តែស៊ីជំរៅ ជំរុញខ្លាំងកិច្ចការបរទេសពហុភាគីបន្ថែមទៀត សំដៅលើកកំពស់ឋានៈនិងតួនាទីរបស់វៀតណាមលើឆាកអន្តរជាតិ ព្រមទាំងរួមចំណែករក្សាយ៉ាងរឹងមាំបរិយាកាសសន្តិភាពនិងស្ថិរភាព ដើម្បីអភិវឌ្ឍន៍ ផងដែរ៕
តាម VOV5- វិទ្យុសម្លេងវៀតណាម