ព័ត៌មាន
សន្និបាតមជ្ឈិមលើកទី២៖ ប្រមូលផ្តុំនៃបញ្ញាសមូហភាព ចក្ខុវិស័យយុទ្ធសាស្ត្រ និងស្មារតីផ្លាស់ប្តូរថ្មី
បញ្ហាដែលបានពិភាក្សា និងសម្រេចនៅក្នុងសន្និបាតគឺ “របៀងច្បាប់” “បទបញ្ញត្តិប្រតិបត្តិការ” “គោលការណ៍វិន័យ” និង “ស្តង់ដារនៃសកម្មភាព” ដើម្បីនាំយកសេចក្តីសម្រេចចិត្តរបស់បក្សឈានចូលជីវភាពរស់នៅប្រចំាថ្ងៃ បង្កើតជាមូលដ្ឋានរឹងមាំសម្រាប់ការសម្រេចគោលដៅយុទ្ធសាស្ត្ររយៈពេល ១០០ ឆ្នាំទាំងពីរ របស់ប្រជាជាតិ។
ដាក់មូលដ្ឋានគ្រឹះនៃប្រតិបត្តិការសម្រាប់អាណត្តិទាំងមូល
យោងតាមលោកអគ្គលេខាបក្ស តូ ឡឹម សន្និបាតមជ្ឈិមលើកទី ២ ប្រារព្ធឡើងនៅក្នុងបរិបទដែលស្ថានភាពពិភពលោកនិងតំបន់ បន្តផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ខ្លាំងក្លា និងមិនអាចទាយទុកជាមុនបាន។ នៅក្នុងប្រទេស វៀតណាមកំពុងនៅចំពោះមុខឱកាសដ៏ល្អមួយសម្រាប់ការទម្លុះទម្លាយ ប៉ុន្តែក៏ត្រូវប្រឈមមុខនឹងតម្រូវការខ្ពស់ផងដែរ ទាក់ទងនឹងការផ្លាស់ប្តូថ្មីគំរូកំណើន អត្រាកំណើន កែលម្អស្ថាប័ន ការរៀបចំឡើងវិញនៃលំហអភិវឌ្ឍន៍ និងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៃគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត...។ លោកអគ្គលេខាបក្សអញ្ជើញធ្វើការបូកសរុបតម្រូវការសំខាន់ៗ។ ដំបូងបង្អស់ គឺត្រូវមានការយល់ដឹងយ៉ាងស៊ីជម្រៅថា សន្និបាតនេះដាក់គ្រឹះប្រតិបត្តិការសម្រាប់អាណត្តិទាំងមូល។
“កម្មវិធីការងារសម្រាប់អាណត្តិទាំងមូល បទបញ្ជាការងារ បទបញ្ជាស្តីពីការអនុវត្តល្ខន្តិកៈបក្ស បទបញ្ជាស្តីពីការត្រួតពិនិត្យ ការឃ្លាំមើល វិន័យ ការងារសតិអារម្មណ៍ យន្តការសម្របសម្រួល និងកម្មាភិបាលសំខាន់ៗនៃក្បាលម៉ាស៊ីនរដ្ឋ... សុទ្ធតែជា "រចនាសម្ព័ន្ធ" របស់អង្គការ ជា"ស្តង់ដារ" សម្រាប់រក្សាគោលការណ៍ ជា "យន្តការ" សម្រាប់គ្រប់គ្រងអំណាច និងជា "ឧបករណ៍" សម្រាប់លើកកម្ពស់ប្រជាធិបតេយ្យ ដើរទន្ទឹមនឹងការរក្សាបានយ៉ាងតឹងរ៉ឹងនូវវិន័យនិងសណ្តាប់ធ្នាប់។ យើងត្រូវតែត្រៀមឲ្យបានល្អ ដើម្បីបង្កើតសណ្តាប់ធ្នាប់ ល្បឿន មានប្រសិទ្ធភាព និងបង្កើនសមត្ថភាពប្រយុទ្ធសម្រាប់អាណត្តិទាំងមូល។ ដូច្នេះ ខ្លឹមសារនីមួយៗត្រូវតែពិចារណាយ៉ាងយកចិត្តទុកដាក់ ពិនិត្យយ៉ាងដិតដល់ ជាមួយនឹងលក្ខន្តិកៈបក្ស រដ្ឋធម្មនុញ្ញ និងតម្រូវការកសាងរដ្ឋនីតិរដ្ឋសង្គមនិយម ជាមួយតម្រូវការកសាងបក្សដ៏ស្អាតស្អំ រឹងមាំ និងទូលំទូលាយ និងជាមួយស្ថានភាពដ៏រស់រវើកនៃជីវភាពរស់នៅប្រចាំថ្ងៃ”។
រួមជាមួយគ្នានោះ ត្រូវជ្រួតជ្រាបយ៉ាងជ្រាលជ្រៅ ស្មារតីផ្លាស់ប្តូរថ្មីវិធីសាស្រ្តដឹកនាំរបស់បក្ស៖
“បក្សរបស់យើងគឺជាកម្លាំងដឹកនាំរបស់រដ្ឋនិងសង្គម; ការដឹកនាំរបស់បក្សគឺដាច់ខាត ផ្ទាល់ និងគ្រប់ជ្រុងជ្រោយ។ ដូច្នេះ យើងត្រូវតែបន្តផ្លាស់ប្តូរវិធីសាស្រ្តដឹកនាំរបស់យើងជានិច្ច ដើម្បីឱ្យការដឹកនាំកាន់តែត្រឹមត្រូវ វិទ្យាសាស្ត្រ និងមានប្រសិទ្ធភាពជាង។ ផ្លាស់ប្តូរថ្មីដើម្បីបក្សដឹកនាំដោយមានចក្ខុវិស័យយុទ្ធសាស្ត្រប្រសើរជាង តាមរយៈក្របខ័ណ្ឌស្ថាប័នប្រកប ដោយសមកាលកម្មជាង តាមរយៈការត្រួតពិនិត្យកាន់តែតឹងរ៉ឹង តាមរយៈការធ្វើជាគំរូខ្លាំងក្លាជាង តាមរយៈការជ្រើសរើសកម្មាភិបាលកាន់តែត្រឹមត្រូវ តាមរយៈវិមជ្ឈការ វិសហមជ្ឈការកាន់តែច្បាស់លាស់ ក៏ដូចជាតាមរយៈការឆ្លើយតបគោលនយោបាយកាន់តែលឿនចំពោះការផ្លាស់ប្តូរសកល និងតម្រូវការអភិវឌ្ឍន៍ក្នុងប្រទេស”។
បក្សត្រូវតែខ្លាំងក្លាជាង ប្រទេសជាតិត្រូវតែអភិវឌ្ឍន៍កាន់តែរហ័សជាង និងប្រកបដោយចីរភាពជាង
អគ្គលេខាបក្ស លោកតូ ឡឹម បានសង្កត់ធ្ងន់លើតម្រូវការក្នុងការ "កំណត់" ត្រឹមត្រូវនូវការងារត្រួតពិនិត្យ វិន័យបក្ស និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងបាតុភូតអសកម្ម។ ទាំងនេះជាបញ្ហាសំខាន់សម្រាប់បក្ស និងលក្ខណៈចង្បងសម្រាប់រក្សាទំនុកចិត្តរបស់ប្រជាជន។ យោងតាមលោកអគ្គលេខាបក្ស ការកសាងបក្សត្រូវតែភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងភារកិច្ចនៃការអភិវឌ្ឍជាតិ និងការកែលម្អជីវភាពរស់នៅរបស់ប្រជាជន។
“បទបញ្ញត្តិទាំងអស់ គោលនយោបាយទាំងអស់ និងសេចក្តីសម្រេចចិត្តទាំងអស់របស់គណៈកម្មាធិការមជ្ឈិម ត្រូវតែឆ្ពោះទៅគោលដៅតែមួយគឺ៖ ធ្វើឱ្យបក្សកាន់តែរឹងមាំ ដើម្បីឱ្យប្រទេសអភិវឌ្ឍន៍លឿនជាង និងប្រកបដោយចីរភាពជាង; ដើម្បីសុក្រិតក្បាលម៉ាស៊ីនដឹកនាំសម្រាប់បម្រើប្រជាជនកាន់តែប្រសើរឡើង; ធ្វើឱ្យកម្មាភិបាលកាន់តែស្អាតស្អំ និងរឹងមាំជាងដើម្បីឱ្យប្រជាជនជឿទុកចិត្តជាង; ធ្វើឱ្យយន្តការប្រតិបត្តិការកាន់តែច្បាស់លាស់ ដើម្បីឱ្យមូលដ្ឋានមានភាពសកម្មជាង; ធ្វើឲ្យគោលដៅសម្រាប់ឆ្នាំ ២០៣០ និង ២០៤៥ កាន់តែមានភាពប្រាកដប្រជាជាង”។
យោងតាមលោកអគ្គលេខាបក្ស ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ ២០២៦-២០៣១ ផែនការហិរញ្ញវត្ថុជាតិ និងផែនការវិនិយោគសាធារណៈរយៈពេលមធ្យម ត្រូវតែពិចារណាមិនត្រឹមតែជាមួយនឹងការគិតគូរពីការគ្រប់គ្រងធម្មតាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមួយនឹងការត្រិះរិះជាយុទ្ធសាស្ត្រផងដែរ។
“ប្រការមានសារៈសំខាន់ជាពិសេសគឺយើងត្រូវតែពិភាក្សា និងស្វែងរកវិធីដើម្បីសម្រេចបានកំណើន GDP លើសពី ១០% ពេញមួយអាណត្តិ ២០២៦-២០៣១ និងប៉ុន្មានឆ្នាំបន្តបន្ទាប់ទៀត។ ភារកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ គឺជាបេសកកម្មគ្របដណ្ដប់ និងជាបន្តបន្ទាប់។ កំណត់ត្រឹមត្រូវនូវគំរូអភិវឌ្ឍន៍ និងការបង្កើតអត្រាកំណើនសេដ្ឋកិច្ចត្រឹមត្រូវ គឺជាបញ្ហាស្នូល។ បញ្ហាបន្ទាន់នាពេលបច្ចុប្បន្ននេះ គឺការប្រយុទ្ធប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ច ប្រឆាំងសង្គ្រាមនិងជម្លោះ។ ទប់ស្កាត់ការគំរាមកំហែងទាំងពីរនេះ គឺជាបុព្វបទសម្រាប់ភាពជោគជ័យរបស់យើង ក្នុងភារកិច្ចអភិវឌ្ឍន៍ប្រទេសជាតិនាពេលបច្ចុប្បន្ននិងនាពេលអនាគតផងដែរ”។
លោកអគ្គលេខាបក្សបានមានប្រសាសន៍ថា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមបានគូសបញ្ជាក់ពីទិសដៅថ្មីមួយសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ កិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមលើកទី២ មានភារកិច្ចដោយផ្លាស់ប្តូរស្មារតី សេចក្តីប្រាថ្នា ការតាំងចិត្ត និងទិសដៅសំខាន់ៗ នៃមហាសន្និបាតលើកទី១៤ ទៅជាយន្តការប្រតិបត្តិការ ក្របខ័ណ្ឌអង្គការ គោលការណ៍នៃសកម្មភាព និងសមត្ថភាពគ្រប់គ្រងពិតប្រាកដរបស់បក្សពេញមួយអាណត្តិ៕







