ក្នុងក្របខ័ណ្ឌនៃកម្មវិធីមហាសន្និបាតលើកទី
១៤៧ និងកិច្ចប្រជុំពាក់ព័ន្ធនៃសហភាពអន្តរសភា (IPU) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី
២៣ ដល់ថ្ងៃទី ២៧ ខែតុលា នៅរដ្ឋធានី Luanda ប្រទេសអង់ហ្គោឡា
កាលពីម្សិលមិញ (ថ្ងៃទី ២៥ តុលា) អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Khac
Dinh បានអញ្ជើញថ្លែងបទអន្តរាគមន៍ក្នុងសម័យប្រជុំពេញអង្គ។
លោកអនុប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះប្រធានបទនៃមហាសន្និបាត
IPU-147
“សកម្មភាពសភាដើម្បីសន្តិភាព
យុត្តិធម៌ និងស្ថាប័នយ៉ាងរឹងមាំ” ផ្សារភ្ជាប់ជាមួយនឹងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ លោកអនុប្រធានរដ្ឋសភាបានឲ្យដឹងថា ក្រោយរយៈពេល ៣៧
ឆ្នាំនៃការអនុវត្តន៍បុព្វហេតុផ្លាស់ប្ដូរថ្មី (១៩៨៦)
វៀតណាមសម្រេចបានសមិទ្ធិផលដ៏សំខាន់ៗជាច្រើនក្នុងការអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្រ។
លោកអនុប្រធានរដ្ឋសភាក៏បានចែករំលែកនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់វៀតណាមរហូតដល់ឆ្នាំ
២០៣០ ដោយអះអាងថា
រដ្ឋសភាវៀតណាមក្នុងនាមជាស្ថាប័នអំណាចរដ្ឋកំពូលបំផុតគឺមានតួនាទីដ៏សំខាន់ពិសេសក្នុងការកែទម្រង់ស្ថាប័នរបស់ប្រទេសជាតិ
និងការឃ្លាំមើលកំពូល ហើយតាមនោះធានាការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព។
អនុប្រធានរដ្ឋសភាលោក
Nguyen
Khac Dinh បានផ្តល់អនុសាសន៍មួយចំនួនសម្រាប់សភានៃបណ្ដាប្រទេសជាសមាជិក
IPU សហការគ្នាសំដៅពន្លឿនវឌ្ឍនភាពក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងពាក់កណ្តាលដំណាក់កាលដែលនៅសល់។
ក្នុងនោះ គួរអោយកត់សំគាល់គឺអនុសាសន៍
នាំគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្លាយទៅជាចំណុចអាទិភាពស្នូលក្នុងកម្មវិធីគោលដៅជាតិ
កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងកម្មវិធីសកម្មភាពរបស់រដ្ឋសភា។
នាថ្ងៃដដែល
អនុប្រធានរដ្ឋសភាវៀតណាមលោក Nguyen Khac Dinh បានជួបសន្ទនាទ្វេភាគីជាមួយអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាអង់ហ្គោឡា
លោក Americo Antonio Cuononoca; ប្រធានរដ្ឋសភាតង់ហ្សានី
បេក្ខភាពប្រធាន IPU ក្នុងអាណត្តិខាងមុខ លោកស្រី Tulia
Ackson និងប្រធានរដ្ឋសភាម៉ាល់តា លោក Angelo Farrugia ៕





