យោងតាមលោកស្រីឯកអគ្គរដ្ឋទូត តុន ធិ ង៉ុក ហឿង ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអាស៊ាន ការដែលនាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ ជាលើកដំបូង ក្នុងនាមជាប្រមុខរដ្ឋាភិបាល នឹងរួមចំណែកយ៉ាងសំខាន់ដល់ការឆ្លើយតបរបស់តំបន់ចំពោះការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ វិបត្តិថាមពល ស្បៀងអាហារ និងសម្ពាធប្រកួតប្រជែងក្នុងចំណោមមហាអំណាចធំៗ រួមទាំងគំនិតផ្តួចផ្តើមជាក់ស្តែង ដូចជាក្របខ័ណ្ឌអាស៊ានសម្រាប់ឆ្លើយតបទៅនឹងផលប៉ះពាល់ពីមជ្ឈិមបូព៌ា។ វៀតណាមនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃអាទិភាពនៃឆ្នាំប្រធានអាស៊ានឆ្នាំ២០២៦ និងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ឆ្ពោះទៅរកសហគមន៍មួយដែលមានភាពធន់ ស្វាហាប់ ច្នៃប្រឌិត និងផ្តោតលើប្រជាជន។ វៀតណាមក៏នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសអាស៊ានដើម្បីបន្តលើកកម្ពស់ច្បាប់អន្តរជាតិ ពង្រឹងបរិយាកាសសន្តិភាព និងស្ថិរភាព បើកទូលាយទំនាក់ទំនងសេដ្ឋកិច្ច ធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងជាមួយដៃគូ តាមនោះ បញ្ជាក់បន្ថែមទៀតអំពីតួនាទីស្នូលរបស់អាស៊ាននៅក្នុងរចនាសម្ព័ន្ធតំបន់ ។
ក្នុងឱកាសចូលរួមកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង គ្រោងនឹងអញ្ជើញជួបទ្វេភាគីជាមួយថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ាន។ ទាំងនេះនឹងជាជំនួបផ្ទាល់លើកដំបូងរបស់លោកនាយករដ្ឋមន្ត្រីជាមួយថ្នាក់ដឹកនាំអាស៊ានក្នុងឋានៈថ្មីរបស់លោក ដែលរួមចំណែកដល់ការបង្កើតសន្ទុះវិជ្ជមានសម្រាប់ទំនាក់ទំនងទ្វេភាគី ក៏ដូចជាសម្រាប់ការផ្សាភ្ជាប់រួមរបស់សហគមន៍៕






