សន្និសីទសមាជិកសភាវ័យក្មេងសកលលើកទី៩
មានប្រធានបទ៖ “តួនាទីរបស់មជ្ឈដ្ឋានវ័យក្មេងក្នុងការជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
តាមរយៈការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍”។ នេះជាខ្លឹមសារដែលត្រូវបានសមាជិកសភាវ័យក្មេងថៃវាយតម្លៃខ្ពស់
ព្រោះវាស្របតាមស្ថានភាពនិងនិន្នាការអភិវឌ្ឍន៍នៃប្រទេសនានាជុំវិញពិភពលោកក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤។
លោកស្រី Khattiya Sawatdiphol សមាជិកាសភាថៃបានឲ្យដឹងថា៖
“ប្រធានបទរបស់ប្រទេសម្ចាស់ផ្ទះវៀតណាមគឺមានលក្ខណៈក្ដៅគគុក។
បច្ចុប្បន្ននេះយើងកំពុងរស់នៅក្នុងសម័យឌីជីថល។ ដូច្នេះហើយ
ប្រទេសទាំងអស់ចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាពនិន្នាការនេះ
ដោយសារតែឌីជីថលមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ សម្រាប់ជំនាន់វ័យក្មេង
អាចសម្របខ្លួននិងរៀនបច្ចេកវិទ្យាថ្មីបានយ៉ាងលឿន។ ដូច្នេះ
យើងត្រូវការកិច្ចសហការពីមនុស្សវ័យក្មេងដើម្បីកែលម្អបញ្ហានានារបស់ប្រទេសជាតិ”។
ក្នុងរបៀបវារៈនៃសន្និសីទ
គណៈប្រតិភូសមាជិកសភាថៃ និងប្រទេសដទៃទៀតបានទៅទស្សនាសាលប្រជុំ Dien Hong នៅក្នុងវិមានរដ្ឋសភា ហើយចូលរួមសិក្ខាសាលា “បង្កើនសមត្ថភាពឌីជីថលសម្រាប់យុវជន” ដែលរៀបចំដោយមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ។
សកម្មភាពនេះជួយសមាជិកសភាវ័យក្មេងថៃយល់ដឹងថែមទៀតអំពីតួនាទី
និងការបង្កើនសមត្ថភាពឌីជីថលសម្រាប់យុវជននៅវៀតណាម។ លោកស្រី Phanida
Mongkolsawat សមាជិកាវ័យក្មេងថៃបានធ្វើអត្ថាធិប្បាយថា៖
“យើងខ្ញុំបានចូលរួមក្នុងសកម្មភាពនានានៅវិមានរដ្ឋសភា
ហើយបានស្តាប់អង្គភាពឯកជន
ក៏ដូចជាទីភ្នាក់ងាររដ្ឋបញ្ចេញគំនិតស្តីពីការបង្កើនសមត្ថភាពឌីជីថលសម្រាប់យុវជន។
ខ្ញុំឃើញថា យុវជនវៀតណាមមានទេពកោសល្យខ្លាំងណាស់។
ប្រការនេះត្រូវបានឆ្លុះបញ្ចាំងពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចវៀតណាម
ជាមួយនឹងជំហានអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ដូចសព្វថ្ងៃ”។
នេះមិនមែនជាលើកដំបូងទេដែលលោក Voraphop
Viriyaroj ប្រធានគណៈប្រតិភូសមាជិកសភាវ័យក្មេងថៃ មកកាន់ប្រទេសវៀតណាម។ ដូច្នេះហើយ
នៅពេលដែលអញ្ជើញមកវៀតណាម ដើម្បីចូលរួមសន្និសីទសមាជិកសភាវ័យក្មេងសកលលើកទី៩
នៅទីក្រុងហាណូយ លោក Voraphop Viriyaroj មានចំណាប់អារម្មណ៍ប្លែកៗ៖
“មុននេះ ខ្ញុំមានដំណើរទេសចរណ៍មកវៀតណាមហើយ។ យ៉ាងណាមិញ
នេះជាលើកដំបូងដែលខ្ញុំមកវៀតណាមក្នុងនាមជាសមាជិកសភាថៃ។
ខ្ញុំពិតជាភ្ញាក់ផ្អើលនៅពេលឃើញសេដ្ឋកិច្ចវៀតណាមរីកចម្រើនយ៉ាងឆាប់រហ័ស
ហើយប្រទេសមានការអភិវឌ្ឍយ៉ាងខ្លាំង។ ចំពោះការតាំងពិព័រណ៍ “សមិទ្ធិផលនៃបុព្វហេតុផ្លាស់ប្ដូរថ្មី
- ផលិតផល OCOP” ក្នុងក្របខ័ណ្ឌនៃសន្និសីទនេះ
ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះផលិតផល OCOP របស់វៀតណាម។
នេះគឺជាវិធីផ្សព្វផ្សាយដ៏ខុសប្លែក។
ខ្ញុំបានភ្លក់ហើយទិញកាហ្វេត្រាវនិងកាហ្វេដូងរបស់វៀតណាម”។
ទោះបីជាមិនមែនជាសមាជិកក្រុមសមាជិកសភាមិត្តភាពថៃ-វៀតណាមក្នុងរដ្ឋសភាក៏ដោយ
ប៉ុន្តែលោក Voraphop Viriyaroj បានសម្តែងការត្រៀមខ្លួនជាស្រេចដើម្បីសហប្រតិបត្តិការ
និងគាំទ្រចំពោះគម្រោង
និងកម្មវិធីសហប្រតិបត្តិការរវាងប្រទេសទាំងពីរតាមរយៈកាណាល់រដ្ឋសភា៖
“ថៃនិងវៀតណាម សុទ្ធតែជាសមាជិកអាស៊ាន។
ក្នុងក្របខ័ណ្ឌនៃសន្និសីទសមាជិកសភាវ័យក្មេងសកលឆ្នាំនេះ
ក៏មានសកម្មភាពសម្រាប់ក្រុមប្រឹក្សាសហភាពអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA) ផងដែរ។ ខ្ញុំជឿជាក់ថា ដោយមានទីតាំងភូមិសាស្ត្រជិតស្និទ្ធ
និងភាពស្រដៀងគ្នាក្នុងទិដ្ឋភាពជាច្រើន ប្រទេសថៃនិងវៀតណាមនឹងរួមគ្នាបង្កើតសន្ទុះសម្រាប់អាស៊ាន។
ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន
នឹងជួយបង្កើនសមត្ថភាពចរចារបស់អាស៊ានជាមួយប្រទេសផ្សេងៗទៀត រួមទាំងមហាអំណាចផងដែរ។
ប្រទេសថៃ និងវៀតណាមសុទ្ធតែមានឥទ្ធិពល និងតួនាទីនៅក្នុងអាស៊ាន។
កិច្ចសហប្រតិបត្តិការទៅវិញទៅមកនឹងនាំមកនូវផលប្រយោជន៍រួម
ហើយបង្កើនសមត្ថភាពចរចារបស់អាស៊ាន”។
គណៈប្រតិភូសមាជិកសភាវ័យក្មេងថៃក៏បានថ្លែងអំណរគុណ
ហើយអបអរសាទរចំពោះប្រទេសវៀតណាមដែលបានរៀបចំសន្និសីទសមាជិកសភាវ័យក្មេងសកលលើកទី៩ប្រកបដោយជោគជ័យ។
ព្រឹត្តិការណ៍នេះជួយឱ្យបណ្ដាសភានិងសមាជិកសភាវ័យក្មេងមានឱកាសជួបប្រាស្រ័យនិងរៀនសូត្រពីគ្នាទៅវិញទៅមក។
ពីនោះ អ្នកតាក់តែងច្បាប់ទាំងនេះអាចអនុវត្តន៍នៅក្នុងសកម្មភាពសភា
និងលើកកំពស់តួនាទីរបស់មជ្ឈដ្ឋានវ័យក្មេងលើគ្រប់វិស័យនៃជិវភាព ដូចជានយោបាយ
សេដ្ឋកិច្ច វប្បធម៌ និងសង្គម។ល៕