ក្នុងអត្ថបទ “ដំណើរ៣០ឆ្នាំ៖ ពីសេចក្តីប្រាថ្នារួម ទៅកាន់សមាជិកជាទីទុកចិត្ត និងការទទួលខុសត្រូវ” ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស Bui Thanh Son បានសង្កត់ធ្ងន់ថា រយៈពេល ៣០ឆ្នាំមុន វៀតណាមបានចូលក្នុងផ្ទះរួមអាស៊ាន ដោយមានផ្នត់គំនិតសកម្ម ទំនួលខុសត្រូវ និងមានបំណងចង់រួមចំណែកប្រកបដោយប្រសិទ្ធភាព។ ឆ្លងកាត់រយៈពេល ៣០ ឆ្នាំ ជាមួយនឹងវិធីសាស្រ្តប្រកបដោយតុល្យភាពនិងសុច្ឆន្ទៈ វៀតណាមបានរួមចំណែកក្នុងការចុះសម្រុងគ្នានូវភាពខុសប្លែកគ្នា និងការបង្កើនលក្ខណៈស្រដៀងគ្នា រក្សាសំឡេងរួមរបស់អាស៊ានលើបញ្ហាយុទ្ធសាស្ត្រក្នុងតំបន់ ដោយ ឈរលើគោលការណ៍ច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ វៀតណាមបានដើរតួនាទីដ៏ល្អជាស្ពានរវាងគោលនយោបាយនិងការអនុវត្ត បំពេញផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជន ធុរកិច្ច និងមូលដ្ឋាន។ វៀតណាមតែងតែជាអ្នកត្រួសត្រាយផ្លូវក្នុងការជំរុញការអភិវឌ្ឍប្រកបដោយសមធម៌ និងបរិយាប័ន្ន។ ជាពិសេស វិធីសាស្រ្តរបស់វៀតណាម “យកប្រជាជនជាមជ្ឈមណ្ឌល គោលដៅ និងកម្លាំងជំរុញនៃដំណើរការកសាងសហគមន៍” ត្រូវបានបញ្ចូលទៅក្នុងទិសដៅទូទៅនៃឯកសារអាស៊ាន ២០៤៥។ ទន្ទឹមនឹងនោះ វៀតណាមក៏ជាកត្តាសកម្មក្នុងការជំរុញបណ្តាញភាពជាដៃគូ និងបង្កើនឥទ្ធិពលរបស់អាស៊ានផងដែរ។ តាមទស្សនៈក្នុងតំបន់ អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានសំឡេងវៀតណាម បានបញ្ជាក់ថា៖
អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន។ រូបថត៖ VN |
“វៀតណាមបានក្លាយជាសមាជិកយ៉ាងសកម្មរបស់អាស៊ានក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ។ ប្រការនេះ បានឆ្លុះបញ្ចាំងតាមរយៈគំនិតផ្តួចផ្តើម និងសំណើដែលវៀតណាមបានដាក់ចេញក្នុងមុខតំណែងផ្សេងៗគ្នា។ អាចនិយាយបានថា វៀតណាមបានរួមចំណែកក្នុងការអភិវឌ្ឍនិងផ្លាស់ប្តូរយន្តការដឹកនាំដោយអាស៊ាន នាំមកនូវផលប្រយោជន៍ និងពង្រឹងសហគមន៍អាស៊ាន។ បច្ចុប្បន្ន វៀតណាមជាប្រទេសធំទី៣បើគិតពីចំនួនប្រជាជនក្នុងតំបន់ បន្ទាប់ពីប្រទេស ឥណ្ឌូនេស៊ី និងហ្វីលីពីន។ ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់វៀតណាមគួរជាទីចាប់អារម្មណ៍យ៉ាងខ្លាំង ដោយ GDP របស់វៀតណាមបានរួមចំណែកដល់តំបន់គឺមានទំហំធំណាស់។ វៀតណាមក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ដូច្នេះ តាមរបៀបជាច្រើន ក្នុងរយៈពេល ៣០ ឆ្នាំមកនេះ ខ្ញុំគិតថា វៀតណាមបានរួមចំណែកជាច្រើនក្នុងការអភិវឌ្ឍអាស៊ាន”។
ក្រឡេកមើលទៅក្រោយរយៈពេល ៣០ ឆ្នាំកន្លងមក ការប្តេជ្ញាចិត្ត សកម្មភាពនីមួយៗ គំនិតផ្តួចផ្តើមនីមួយៗបានបង្ហាញពីភាពសកម្ម និងការទទួលខុសត្រូវរបស់វៀតណាម ដែលបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងសម្រាប់អាស៊ាន។ ឈា ចូលដំណាក់កាលថ្មី ដោយមានផ្នត់គំនិតថ្មី និងឥរិយាបទថ្មី វៀតណាមនឹងបន្តរួមដំណើរជាមួយប្រទេសផ្សេងទៀតក្នុងការកសាងសហគមន៍អាស៊ានដែលអាចពឹងផ្អែកលើខ្លួនឯងប្រកបដោយបរិយាប័ន្ននិងនិរន្តរភាព៕