ក្នុងអំឡុងពេលនៃកិច្ចពិភាក្សា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា ដោយមានសេដ្ឋកិច្ចដ៏ស្វាហាប់ ព្រែកជីកប៉ាណាម៉ា និងតួនាទីជាមជ្ឈមណ្ឌលតភ្ជាប់នាវាចរណ៍ អាកាសចរណ៍ ភស្តុភារកម្ម និងហិរញ្ញវត្ថុនៅក្នុងតំបន់ ប្រទេសប៉ាណាម៉ាអាចរួមជាមួយវៀតណាមដើរតួនាទីជាច្រកទ្វារពាណិជ្ជកម្ម និងភស្តុភារកម្មរវាងអាស៊ីអាគ្នេយ៍ និងអាមេរិកឡាទីន។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសម្តែងទំនុកចិត្តថា ប្រទេសទាំងពីរនឹងបន្តទាញយកសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម កសិកម្ម នាវាចរណ៍ អាកាសចរណ៍ ភស្តុភារកម្ម និងការផ្លាស់ប្តូរឌីជីថល ដោយជំរុញទំនាក់ទំនងទ្វេភាគីឱ្យអភិវឌ្ឍកាន់តែជាក់ស្តែង មានប្រសិទ្ធភាព និងប្រកបដោយចីរភាព។
រីឯខ្លួនវិញ ប្រធានាធិបតីប៉ាណាម៉ា លោក José Raúl Mulino បានថ្លែងអំណរគុណដល់វៀតណាម ជាប្រទេសដំបូងគេដែលបានចុះហត្ថលេខាលើពិធីសារស្តីពី អព្យាក្រឹតភាពជាអចិន្ត្រៃយ៍នៃព្រែកជីកប៉ាណាម៉ា (ឆ្នាំ១៩៧៩) ដោយបញ្ជាក់ថា ប៉ាណាម៉ាចាត់ទុកវៀតណាមជាដៃគូអាទិភាពកំពូលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាច្រកទ្វារតភ្ជាប់វៀតណាមជាមួយសេដ្ឋកិច្ចនៃតំបន់អាមេរិកឡាទីន។
បន្ទាប់នោះ នាយប់ថ្ងៃទី៦ ខែតុលា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងភរិយា បានអញ្ជើញជាអធិបតីនៃពិធីលាងសាយភោជន៍ចំពោះប្រធានាធិបតីសាធារណរដ្ឋប៉ាណាម៉ាលោក José Raúl Mulino និងភរិយា។ អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា៖ «ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងប្រជាជាតិទាំងពីរត្រូវបានបង្កើតឡើងដោយផ្អែកលើមនោសញ្ចេតនាដ៏ស្មោះត្រង់ និងការគោរពគ្នាទៅវិញទៅមក ហើយតែងតែមានភាពរស់រវើកយូរអង្វែង។ ក្រឡេកមើលរយៈពេលកន្លះសតវត្សរ៍កន្លងមកនេះ យើងអាចមានមោទនភាពចំពោះអ្វីដែលវៀតណាម និងប៉ាណាម៉ាបានពូនជ្រុំរួមគ្នា។ ដោយសម្លឹងឆ្ពោះទៅអនាគត ខ្ញុំជឿជាក់ថា យើងអាចធ្វើបានច្រើនជាងនេះ។ សូមឲ្យប៉ាណាម៉ាបន្តជាស្ពានដែលនាំវៀតណាមឱ្យខិតជិតតំបន់អាមេរិកឡាទីន និងតំបន់ការ៉ាប៊ីន។ សូមឲ្យវៀតណាមក្លាយជាស្ពានដែលនាំប៉ាណាម៉ាឱ្យខិតជិតតំបន់អាស៊ីអាគ្នេយ៍។ ហើយសូមឲ្យការយោគយល់គ្នាទៅវិញទៅមក និងចំណងមិត្តភាពរវាងប្រទេសទាំងពីរបន្តជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសទាំងពីរ ដើម្បីបើកចេញឱកាសថ្មីៗសម្រាប់ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ទាំងពីរ»។
ក្នុងសុន្ទរកថាឆ្លើយតប ប្រធានាធិបតីនៃសាធារណរដ្ឋប៉ាណាម៉ា លោក José Raúl Mulino មានជំនឿជាក់ថា ប្រទេសទាំងពីរអាចស្វែងរក និងទាញយកសក្តានុពលនៃកិច្ចសហប្រតិបត្តិការបន្ថែមទៀត ព្រមទាំងបញ្ជាក់ថា ច្រកទ្វាររបស់ប៉ាណាម៉ាតែងតែបើកចំហសម្រាប់វៀតណាម និងប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ៕






