ព័ត៌មាន
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ប្រគល់កិត្តិនាមវីរជនកងកម្លាំងប្រដាប់អាវុធប្រជាជនដល់យោធភូមិភាគទី៥
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងជាលេខាគណៈកម្មការយោធាមជ្ឈិម បានចូលរួមនិងប្រគល់កិត្តិនាមវីរជនកងកម្លាំងប្រដាប់អាវុធប្រជាជន ដល់យោធភូមិភាគទី៥។
យោងតាមលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ប្រទេសជាតិកំពុងចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ ដោយមានតម្រូវការខ្ពស់លើការកសាងខឿនការពារជាតិដោយប្រជាជនទាំងមូលដ៏រឹងមាំ។ ដូច្នេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានស្នើថា៖
“កសាងយោធភូមិភាគឱ្យមានភាពរឹងមាំពិតប្រាកដខាងនយោបាយ មនោគមវិជ្ជា រចនាសម្ព័ន្ធ និងកម្មាភិបាល; កែលម្អគុណភាពជារួម ជំនាញ ការត្រៀមខ្លួនប្រយុទ្ធ និងកម្លាំងប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទាំងមូល។ ត្រូវតែផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លាក្នុងការងារហ្វឹកហ្វឺន សមយុទ្ធ ការអប់រំ ការបណ្ដុះបណ្ដាល ការកសាង និងការគ្រប់គ្រងវិន័យ; ជំរុញខ្លាំងការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ការធ្វើជាម្ចាស់លើឧបករណ៍បច្ចេកទេស; បង្កើនសមត្ថភាពប្រយុទ្ធក្នុងបរិបទសង្គ្រាមបច្ចេកវិទ្យាខ្ពស់ ការប្រយុទ្ធអេឡិចត្រូនិក ការប្រយុទ្ធតាមអ៊ីនធឺណិត ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ដល់ការដោះស្រាយឲ្យមានប្រសិទ្ធភាពនូវស្ថានភាពសន្តិសុខមិនមែនប្រពៃណី ការការពារស៊ីវិល ការស្វែងរក និងជួយសង្គ្រោះផងដែរ”។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ក៏បានតម្រូវឱ្យយោធភូមិភាគទី៥ ពង្រីកតួនាទីស្នូលរបស់កងកម្លាំងប្រដាប់អាវុធក្នុងការកសាងខឿនការពារជាតិដោយប្រជាជនទាំងមូល; រៀបចំឲ្យបានល្អនូវគំរូអភិវឌ្ឍន៍របរចិញ្ចឹមជីវិត ការកាត់បន្ថយភាពក្រីក្រ ការធានាស្ថិរភាពប្រជាជន ការកសាងមូលដ្ឋានគ្រឹះនយោបាយ ជួយឧបត្ថម្ភអ្នកនេសាទនិងប្រជាពលរដ្ឋនៅតំបន់ព្រំដែន; រួមចំណែកជាក់ស្តែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយភ្ជាប់ទៅនឹងការពង្រឹងការពារជាតិ និងសន្តិសុខ។
មុននោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងក្រុមការងារបានទៅអុជធូប ដាក់កម្រងផ្កា នៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅទីក្រុងដាណាំង ព្រមទាំងបានទៅសួរសុខទុក្ខនិងប្រគល់អំណោយដល់វីរអ្នកម្តាយវៀតណាម Huynh Thi Me នៅទីក្រុងដាណាំងផងដែរ៕







