នៅព្រឹកថ្ងៃទី ២៥ ខែមេសា នៅកំពង់ផែ Lien Chieu (សង្កាត់ Hai Van ទីក្រុងដាណាំង) គណៈកម្មាធិការប្រជាជនទីក្រុងដាណាំង បានរៀបចំពិធីបើកការដ្ឋានសាងសង់គម្រោងកំពង់ផែកុងតឺន័រ Lien Chieu។
សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីប្រចាំការលោក Pham Gia Tuc ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់។ (រូបថត៖ Dinh Thieu/VOV ភាគកណ្តាល)
ថ្លែងមតិដឹកនាំក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការវៀតណាម លោក ហ្វាម យ៉ាទុក (Pham Gia Tuc) បានអះអាងថា គម្រោងកំពង់ផែកុងតឺន័រ Lien Chieu ត្រូវបានចាត់ទុកជាគម្រោងគំរូមួយ ដែលរួមចំណែកដល់ការអនុវត្តជាក់ស្ដែងនូវគោលជំហរ គោលមាគ៌ារបស់បក្ស និងបំពេញតាមតម្រូវការអភិវឌ្ឍន៍ក្នុងយុគសម័យថ្មី។ ការការបង្កើតកំពង់ផែកុងតឺន័រ Lien Chieu នឹងជំរុញសេវាកម្មភស្តុភារកម្មឧស្សាហកម្ម និងទីក្រុងកំពង់ផែ រួមចំណែកដល់ការការពារជាតិ សន្តិសុខ និងលើកកម្ពស់ឋានៈរបស់វៀតណាមនៅលើផែនទីនាវាចរណ៍អន្តរជាតិផងដែរ។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ហ្វាម យ៉ាទុក បានស្នើថា៖
"ខ្ញុំស្នើឱ្យទីក្រុងដាណាំង និងវិនិយោគិន ត្រូវបង្រួបបង្រួមសកម្មភាព ដោយស្មារតីរហ័សរហួននិងប្រសិទ្ធភាព។ គម្រោងវិនិយោគសាងសង់កំពង់ផែកុងតឺន័រ Lien Chieu ត្រូវតែសម្រេចតាមកាលវិភាគ ដោយធានាបាននូវគុណភាព ដើម្បីនាំទីក្រុងដាណាំងក្លាយទៅជាទីក្រុងកំពង់ផែដ៏រីកចម្រើនមួយ រួមចំណែកយ៉ាងសំខាន់ដល់កំណើនរួមរបស់ប្រទេសជាតិ ហើយបញ្ជាក់ពីតួនាទីជាមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែសមុទ្រដ៏ទំនើបនៅក្នុងតំបន់ភាគកណ្តាល និងប្រទេសទាំងមូលនៅក្នុងយុគសម័យថ្មី។ កំពង់ផែកុងតឺន័រ Lien Chieu មិនត្រឹមតែជាគម្រោងហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាតំណភ្ជាប់យុទ្ធសាស្ត្រនៅក្នុងខ្សែសង្វាក់ជាតិ និងសកលលោកផងដែរ។ គម្រោងនេះនឹងរួមចំណែកដល់ការដាក់ទីតាំងប្រទេសវៀតណាមឱ្យកាន់តែស៊ីជម្រៅនៅក្នុងបណ្តាញដឹកជញ្ជូនអន្តរជាតិ”។
គម្រោងវិនិយោគសាងសង់កំពង់ផែកុងតឺន័រ Lien Chieu មានការវិនិយោគសរុបប្រមាណ ១,៦ ពាន់លានដុល្លារអាមេរិក ស្របតាមស្តង់ដារអន្តរជាតិ។ កំពង់ផែ Lien Chieu មានទីតាំងយុទ្ធសាស្ត្រនៅលើផ្លូវនាវាចរណ៍អន្តរជាតិ និងជាចំណុចបញ្ចប់នៃច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច ដែលជាប៉ូលតភ្ជាប់ដ៏សំខាន់មួយរវាងប្រទេសវៀតណាម និងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់មេគង្គ៕
តាម vovworld.vn/km-KH