ថ្នាក់ដឹកនាំទាំងពីរបានអះអាងថា កិច្ចសន្ទនាទទួលបានជោគជ័យ ក្នុងនោះភាគីទាំងពីរបានឯកភាពលើខ្លឹមសារសហប្រតិបត្តិការសំខាន់ៗជាច្រើន លើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។
ប្រធានរដ្ឋលោក Nguyen Xuan Phuc និងប្រធានាធិបតីលោក Joko Widodo បានឯកភាពគ្នា បង្កើនការផ្លាស់ប្តូរដំណើរទស្សនកិច្ចជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការ និងគណៈកម្មាធិការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី; អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា; កសាងកម្មវិធីសកម្មភាពដើម្បីអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដំណាក់កាល ២០២៤-២០២៨ យ៉ាងពេញលេញលើគ្រប់ជ្រុងជ្រោយ និងជាក់ស្តែង។
កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើង យ៉ាងរឹងមាំតាមទិសតុល្យភាពនិងចីរភាព; បង្កើតលក្ខណៈអំណោយផលសម្រាប់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ ដើម្បីធ្វើពិពិពិធកម្មវិស័យវិនិយោគនិងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចបៃតង ថាមពលកកើតឡើងវិញ ទេសចរណ៍ សេវាកម្មនិងការពង្រឹងជើងហោះហើរផងដែរ។ ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ១១,៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ហើយឆ្នាំនេះអាចសម្រេចបាន ១៣ ពាន់លានដុល្លារ ភាគីទាំងពីរបានឯកភាពគ្នានាំទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ ១៥ ពាន់លានដុល្លារ និងខ្ពស់ជាង នៅមុនឆ្នាំ ២០២៨។ ក្នុងឆ្នាំ ២០២៣ ប្រទេសទាំងពីរនឹងរំលឹកខួបលើកទី ១០ នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដោយបើកទំព័រថ្មីក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ស្ដីពីបញ្ហាអន្តរជាតិនិងតំបន់ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាព បង្កើនកិច្ចសហប្រតិបត្តិការលើបណ្តាវេទិកាតំបន់និងអន្តរជាតិ ជាពិសេសគឺវេទិកានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អង្គការសហប្រជាជាតិ ទន្ទឹមនឹងនោះក៏បានចែករំលែកទស្សនៈអំពីបញ្ហាតំបន់និងអន្តរជាតិមួយចំនួន ដែលមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមានបញ្ហាសមុទ្រខាងកើតផងដែរ។ វៀតណាមនិងឥណ្ឌូនេស៊ីបានឯកភាព សម្របសម្រួលគ្នាជំរុញអាស៊ានមួយប្រកបដោយសាមគ្គីភាព ខ្លួនទីពឹងខ្លួន និងពង្រីកមជ្ឈភាព រក្សាគោលជំហររួមរបស់អាស៊ានស្តីពីសមុទ្រខាងកើត ធានាសន្តិភាព សុវត្ថិភាព សន្តិសុខ សេរីភាពនាវាចរណ៍ និងអាកាសចរណ៍ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ៕