វៀតណាមជាប្រទេសមួយដែលមានភាពសម្បូរបែបនៃតំបន់វប្បធម៌ ជនជាតិ សាសនា ទំនៀមទម្លាប់ និងរបៀបរស់នៅ។ វាអាចបែងចែកជាតំបន់វប្បធម៌ធំៗចំនួនបី៖ ភូមិភាគខាងជើងដោយមានតំបន់ដីសណ្ដទន្លេក្រហម ជាមជ្ឈមណ្ឌលអរិយធម៌កសិកម្មស្រូវសើម ដែលថែរក្សាលក្ខណៈវប្បធម៌ភូមិឃុំ ជំនឿធ្វើសក្ការៈបូជាអ្នកតាភូមិ ពិធីកសិកម្ម និងចម្រៀងប្រជាប្រិយដូចជា Quan Ho, Ca Tru និង Cheo។ ភូមិភាគកណ្តាលគឺជាតំបន់ប្រសព្វគ្នារវាងវប្បធម៌ជនជាតិវៀតណាម - ចាម - ចិន - ខ្មែរ ជាកន្លែងដែលអភិវឌ្ឍន៍ស្ថាបត្យកម្មចាម តន្ត្រីព្រះរាជទ្រព្យ Hue សិល្បៈ Tuong និងភូមិសិប្បកម្មប្រពៃណីជាច្រើន។ ភូមិភាគខាងត្បូងគឺជាលំហពហុជាតិសាសន៍ (វៀតណាម ចិន ខ្មែរ ចាម) ដោយមានរបៀបរស់នៅបើកចំហ ស្វាហាប់ ជំនឿដ៏សម្បូរបែប ពិធីបុណ្យប្រជាប្រិយដ៏វិសេសវិសាល (ពិធីបុណ្យអកអំបុក ពិធីបុណ្យ Nghinh Ong) និងសិល្បៈច្រៀង Don ca។ ជាមួយនឹងជនជាតិបងប្អូនទាំង ៥៤ សហគមន៍នីមួយៗនាំមកនូវអត្តសញ្ញាណផ្ទាល់ខ្លួន អំពីសំលៀកបំពាក់ ម្ហូបអាហារ ចម្រៀងប្រជាប្រិយ ឧបករណ៍ភ្លេង រហូតដល់ពិធីបុណ្យ និងចំណេះដឹងប្រជាប្រិយ។ លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Duy Bac នាយករងអចិន្ត្រៃយ៍នៃបណ្ឌិត្យសភានយោបាយជាតិហូជីមិញបានមានប្រសាសន៍ថា៖
“ពេញមួយប្រវតិ្តសាស្រ្ត បណ្ដាជនជាតិនិងតំបន់ នៅប្រទេសវៀតណាម ទោះបីមានភាពខុសគ្នាអំពីលក្ខណៈធម្មជាតិ និងបរិស្ថានរស់នៅក៏ដោយ ប៉ុន្តែបានចែករំលែកនូវដំណើរការប្រវត្តិសាស្ត្ររួម ក្នុងការកសាង និងការពារប្រទេសជាតិ ចែករំលែកគ្នានៅចំពោះមុខការផ្លាស់ប្តូរនៃសម័យកាល ការលំបាក និងបញ្ហាប្រឈម និងសមិទ្ធិផលនានាក្នុងសេដ្ឋកិច្ចសង្គមទៀតផង។ ភាពជិតស្និទ្ធរវាងលក្ខណៈធម្មជាតិ ប្រវត្តិសាស្រ្ត និងសង្គមទាំងនោះ បានបង្កើតឡើងវប្បធម៌វៀតណាមដែលមានឯកភាពក្នុងភាពចម្រុះ មានលក្ខណៈទូលំទូលាយ ឯកភាព និងសម្បូរទៅដោយអត្តសញ្ញាណ”។
តថភាពជាក់ស្ដែងបានបង្ហាញឲ្យឃើញថា ស្រុកណាដែលធ្វើបានល្អក្នុងការងារអភិរក្សបេតិកភណ្ឌវប្បធម៌ ឆ្លើយតបនឹងតម្រូវការជីវភាពខាងវិញ្ញាណនិងវប្បធម៌របស់ប្រជាជន ស្រុកនោះប្រាកដថា មានសេដ្ឋកិច្ចសង្គមរីកចម្រើន។ ទន្ទឹមនឹងនោះ ការពង្រឹងជំនឿជាក់ និងមោទនភាពជាតិចំពោះអត្តសញ្ញាណវប្បធម៌វៀតណាមមានសារៈសំខាន់ពិសេស។ លើសពីនេះ ការអភិរក្សបេតិកភណ្ឌវប្បធម៌ត្រូវតែផ្សារភ្ជាប់ជាមួយនឹងការផ្សព្វផ្សាយរូបភាពបេតិកភណ្ឌ តាមនោះ ជំរុញការអភិវឌ្ឍទេសចរណ៍ រួមចំណែកផ្ទាល់ដល់កំណើនសេដ្ឋកិច្ចសង្គមនៃមូលដ្ឋាននីមួយៗ។ លោកសាស្ត្រាចារ្យរង បណ្ឌិត Bui Hoai Son សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការវប្បធម៌ និងសង្គមនៃរដ្ឋសភាបានមានប្រសាសន៍ថា៖
“ជាដំបូង យើងត្រូវចាត់ទុកសហគមន៍ជាកម្មវត្ថុវប្បធម៌ មិនមែនជាកម្មវត្ថុដែលត្រូវបានអភិរក្សនោះទេ។ Hoi An, Duong Lam ឬតំបន់ព្រែកទន្លេភាគខាងលិច… ទាំងអស់នេះត្រូវតែផ្តល់សិទ្ធិ និងធនធានឲ្យពួកគេ ដើម្បីរក្សាអត្តសញ្ញាណ។ ទីពីរគឺយើងត្រូវវិនិយោគលើចំណុចត្រឹមត្រូវ។ យើងមិនអាចកសាងវប្បធម៌ ហើយទុកវាចោលបានទេ ប៉ុន្តែត្រូវថែរក្សារតនសម្បត្តិរស់ ទាំងនេះ។ យើងយកចិត្តទុកដាក់ដល់ការថែទាំសិប្បករ អ្នកដែលបង្រៀនវិជ្ជាជីវៈ អ្នកដែលថែរក្សាព្រលឹងនៃអត្តសញ្ញាណ។ យើងត្រូវមានយន្តការលើកទឹកចិត្ត និងអនុគ្រោះដល់យុវជនជំនាន់ក្រោយៗ”។
ក្នុងដំណើរការសមាហរណកម្មអន្តរជាតិ ភាពចម្រុះនិងឯកភាពនៃវប្បធម៌ មិនត្រឹមតែបង្កើតឡើងកម្លាំងរស់ខាងក្នុងរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងបើកចេញលទ្ធភាពប្រែក្លាយវាទៅជា កម្លាំងទន់របស់ជាតិទៀតផង។ លោកសាស្ត្រាចារ្យរង បណ្ឌិត Pham Duy Duc វិទ្យាស្ថានវប្បធម៌ និងអភិវឌ្ឍន៍ មានប្រសាសន៍ថា៖
“វៀតណាមជាប្រទេសពហុជនជាតិ ពហុសាសនា និងពហុតំបន់។ ដូច្នេះហើយ វប្បធម៌វៀតណាមបង្កប់នូវលក្ខណៈចម្រុះ និងស៊ីជម្រៅ។ ទោះជាយ៉ាងណាក៏ដោយ ជំនះលើភាពខុសគ្នានោះ វប្បធម៌វៀតណាមនៅតែរក្សាបាននូវមូលដ្ឋានឯកភាពដ៏រឹងមាំ ដែលបង្ហាញតាមរយៈគុណតម្លៃស្នូល ដែលត្រូវបានបង្កើតឡើងក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ។ ទំនាក់ទំនងរវាងឯកភាពនិង ភាពចម្រុះក្នុងការកសាងវប្បធម៌មិនត្រឹមតែជាបាតុភូតជាក់ស្តែងប៉ុណ្ណោះទេ ថែមទាំងជាបញ្ហាទ្រឹស្តីជាមូលដ្ឋាន និងបន្ទាន់ទៀតផង។ ការស្រាវជ្រាវទំនាក់ទំនងនេះជួយយើង តំរង់ទិសសម្រាប់គោលនយោបាយវប្បធម៌ ការពារអត្តសញ្ញាណជាតិ ខណៈពេលដែលនៅតែជំរុញភាពបើកចំហ ភាពច្នៃប្រឌិត និងការធ្វើសមាហរណកម្ម”។
អាចមើលឃើញថា ភាពចម្រុះនៃវប្បធម៌ ប្រសិនបើត្រូវបានវាយតម្លៃដូច "ធនធានពិសេស" នឹងរួមចំណែកក្នុងការរក្សាអត្តសញ្ញាណជាតិ ព្រមទាំងជំរុញការអភិវឌ្ឍទេសចរណ៍ ឧស្សាហកម្មច្នៃប្រឌិត និងសេដ្ឋកិច្ចសង្គម ពង្រឹងផែនមហាសាមគ្គីភាពជាតិ។ ក្នុងបរិបទនៃការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ ការរួមផ្សំគ្នាប្រកបដោយសុខដុមរមនារវាងការអភិរក្ស និងការច្នៃប្រឌិត រវាងការថែរក្សាលក្ខណៈប្រពៃណី និងការផ្សព្វផ្សាយលក្ខណៈទំនើប នឹងជួយវប្បធម៍វៀតណាមឈានទៅពិភពលោក រួមចំណែកក្នុងការបញ្ជាក់ពីឋានៈនិងឫទ្ធានុភាពវៀតណាមនៅលើឆាកអន្តរជាតិ៕