រយៈពេលមួយឆ្នាំនៃអស្ថេរភាពនយោបាយពិភពលោកបានចាប់ផ្តើមជាមួយនឹងការវិលត្រឡប់មកកាន់តំណែងរបស់លោក ដូណាល់ ត្រាំ ក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិកសម្រាប់អាណត្តិទីពីរនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ហើយរហូតដល់ប៉ុន្មានថ្ងៃចុងឆ្នាំ អាមេរិកនៅតែជាចំណុចកណ្តាលនៃការយកចិត្តទុកដាក់ ជាមួយនឹងសេចក្តីប្រកាសដ៏ចម្រូងចម្រាសពីប្រធានាធិបតីអាមេរិកថា «អាមេរិកត្រូវតែទទួលបានកោះ Greenland»។
ឥទ្ធិពលពីសហរដ្ឋអាមេរិក
ការវិលត្រឡប់មកកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិករបស់លោក ដូណាល់ ត្រាំ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការវិវឌ្ឍទាំងអស់នៃទំនាក់ទំនងអន្តរជាតិក្នុងឆ្នាំ២០២៥ ដោយសារតែសហរដ្ឋអាមេរិកបានធ្វើការផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់ខ្លួនលើគ្រប់វិស័យ។ ទាក់ទងនឹងសន្តិភាព និងសន្តិសុខសកល រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកបានផ្លាស់ប្តូរទាំងស្រុងនូវវិធីសាស្រ្តអភិក្រមនឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន ដោយបន្តការសន្ទនាជាមួយរុស្ស៊ី ហើយដកជំនួយសេដ្ឋកិច្ច និងយោធាទៅឲ្យអ៊ុយក្រែនជាបណ្ដើរៗ ដើម្បីដាក់សម្ពាធលើភាគីនានាឱ្យស្វែងរកដំណោះស្រាយដើម្បីបញ្ចប់ជម្លោះ។ ទោះបីជាវិធីសាស្រ្តថ្មីនេះមិនទាន់សម្រេចបានលទ្ធផលជាក់ស្តែងក៏ដោយ ប៉ុន្តែក៏បានបើកឱកាសមួយផ្នែកសម្រាប់ការស្វែងរកសន្តិភាពតាមរយៈការទូត ហើយសំខាន់បំផុត នោះគឺជៀសវាងការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងរវាងរុស្ស៊ី និងលោកខាងលិច ដែលបានឃើញនៅចុងឆ្នាំ ២០២៤។ ក្នុងពេលនោះ នៅមជ្ឈិមបូព៌ា ការចូលរួមរបស់សហរដ្ឋអាមេរិកបានជួយនាំមកនូវបទឈប់បាញ់រវាងអ៊ីស្រាអែល និងហាម៉ាសនៅតំបន់ហ្គាហ្សា ប៉ុន្តែក៏បានធ្វើឱ្យបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់កាន់តែស្មុគស្មាញ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចូលរួមក្នុងការវាយប្រហារលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់នៅចុងខែមិថុនា។
ទោះជាយ៉ាងណាក៏ដោយ ឥទ្ធិពលដ៏ធំបំផុតពីការផ្លាស់ប្តូររបស់សហរដ្ឋអាមេរិក គឺសង្គ្រាមពន្ធ នៅពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុវត្តន៍ពន្ធបដិការលើប្រទេសភាគច្រើន រួមទាំងសម្ព័ន្ធមិត្តផងដែរ។ គោលនយោបាយនេះ មិនត្រឹមតែបង្កើតការភ្ញាក់ផ្អើលផ្នែកពាណិជ្ជកម្មដ៏ធំបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកលទៀតផង ហើយបានបង្កើតជាសណ្ដាប់ធ្នាប់សេដ្ឋកិច្ចថ្មីដែលកាន់តែពិបាក់ទាយទុកជាមុន។ លោកស្រី Rebecca Lissner អ្នកជំនាញខាងគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក នៅក្រុមប្រឹក្សាទំនាក់ទំនងការបរទេស (CFR) បានធ្វើអត្ថាធិប្បាយថា៖ “ឆ្នាំ ២០២៥ អាចត្រូវបានចាត់ទុកថា ជាឆ្នាំនៃការរំខាននៅក្នុងគោលនយោបាយការបរទេសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ប្រការនេះបានចាប់ផ្តើមតាំងពីដើមឆ្នាំនៅពេលដែលលោកបានបិទទីភ្នាក់ងារអភិវឌ្ឍន៍សំខាន់របស់អាមេរិកគឺ USAID។ យើងបានឃើញអ្វីដែលត្រូវបានហៅថា "ទិវារំដោះ" នាថ្ងៃទី ២ ខែមេសា នៅពេលដែលលោក ដូណាល់ ត្រាំ បានអនុវត្តន៍អត្រាពន្ធខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ មិនត្រឹមតែលើគូប្រជែងរបស់អាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើសម្ព័ន្ធមិត្ត និងដៃគូទៀតផង ដែលបានបង្កើតសង្គ្រាមពាណិជ្ជកម្មដែលនៅតែបន្តរហូតមកដល់សព្វថ្ងៃនេះ”។
តើមានអ្វីដែលកំពុងរង់ចាំនៅឆ្នាំ ២០២៦?
ភាពចម្រូងចម្រាសរវាងសហរដ្ឋអាមេរិក និងដាណឺម៉ាកលើជោគវាសនានៃកោះ Greenland ភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងវេណេស៊ុយអេឡា ភាពជាប់គាំងក្នុងការចរចារវាងរុស្ស៊ី និងអ៊ុយក្រែន និងការសងសឹកគ្នាទៅវិញទៅមកផ្នែកពន្ធបដិការវាងចិន និងសហភាពអឺរ៉ុប (EU) នៅថ្ងៃចុងឆ្នាំ ២០២៥ បានបង្ហាញថា ពិភពលោកនឹងបន្តឈានចូលឆ្នាំថ្មី ២០២៦ ជាមួយនឹងភាពមិនប្រាកដប្រជា។
យោងតាមលោក Neil Melvin នាយកសន្តិសុខអន្តរជាតិនៅវិទ្យាស្ថានការពារជាតិនិងសន្តិសុខអង់គ្លេស(RUSI) និន្នាការសំខាន់ៗចំនួនបីគឺ អស្ថិរភាពសកលកើនឡើង ការបែកបាក់គ្នានិងជម្លោះកាន់តែខ្លាំងឡើង និងហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងមហាអំណាចធំៗនឹងបន្តគ្របដណ្ដប់នៅឆ្នាំ២០២៦។ អ្វីដែលគួរឲ្យព្រួយបារម្ភជាងនេះ គឺការលេចចេញនូវចំណុចក្តៅថ្មីៗនៅជុំវិញពិភពលោក ខណៈដែលជម្លោះក្នុងឆ្នាំ ២០២៥ និងកាលពីមុននោះ នៅតែមិនទាន់ដោះស្រាយបានឡើយ។
“ឆ្នាំ ២០២៥ បានកត់សម្គាល់នូវអស្ថិរភាព និងជម្លោះកើនឡើង ហើយខ្ញុំគិតថា យើងកំពុងមើលឃើញការរួមបញ្ចូលគ្នានៃនិន្នាការសំខាន់ៗចំនួនបីនៅឆ្នាំនេះ ទៅក្នុងឆ្នាំ ២០២៦។ ក្នុងនោះ និន្នាការមួយគឺពិភពលោកកំពុងឃ្លាតឆ្ងាយពីសន្តិភាពនិងស្ថិរភាព បានអូសបន្លាយតាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ រហូតដល់ព្រឹត្តិការណ៍ “និទាឃរដូវអារ៉ាប់”។ នេះគឺជានិន្នាការសកល ហើយអ្វីដែលបង្ហាញពីនិន្នាការនេះ គឺការបញ្ចប់នៃ Pax Americana ពោលគឺការធ្លាក់ចុះនៃតួនាទីរបស់សហរដ្ឋអាមេរិកក្នុងការគាំទ្រគំនិតសន្តិភាព ជាពិសេសតាមរយៈអង្គការសហប្រជាជាតិ”។
នៅក្នុងបរិបទនេះ មជ្ឈដ្ឋានអ្នកសង្កេតការណ៍វាយតម្លៃថា ព្រឹត្តិការណ៍សំខាន់មួយនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦ អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់រយៈពេលដែលនៅសល់ក្នុងឆ្នាំនេះ គឺដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងត្រីមាសទីមួយឆ្នាំ២០២៦ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ដំណើរទស្សនកិច្ចនេះនឹងបង្កើតទំនាក់ទំនងថ្មីរវាងសហរដ្ឋអាមេរិក និងចិន ហើយក៏បញ្ជាក់យ៉ាងច្បាស់ពីយន្តការ “G2” ដែលប្រធានាធិបតីអាមេរិកធ្លាប់បានលើកឡើង តាមនោះ អាមេរិកនិងចិននឹងផ្អាក់ការខ្វែងគំនិតគ្នាជាយុទ្ធសាស្ត្រ ដើម្បីសម្របសម្រួលទំនាក់ទំនងសកល មិនត្រឹមតែភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងលើវិស័យបច្ចេកវិទ្យាទៀតផង៕






