នាប៉ុន្មានថ្ងៃចុងឆ្នាំ ទីរួមស្រុក Lao Bao ស្រុក Huong Hoa ខេត្ត Quang Tri កាន់តែមានភាពអ៊ូអរ ដោយទទួលស្វាគមន៍ប្រជាជនមកពីភាគីទាំងសងខាងនៃព្រំដែនវៀតណាម-ឡាវ។ ផ្សារណាត់ត្រូវបានបែងចែកទៅជាតំបន់ជាច្រើនដូចជា៖ តំបន់អាហារនិងភេសជ្ជៈ; តំបន់តាំងពិព័រណ៍ផលិតផលពិសេសរបស់បងប្អូនជនជាតិ Van Kieu, Pa Co និងបណ្តាជនជាតិនៃប្រទេសឡាវ; កន្លែងដាក់តាំងលក់ទំនិញរបស់អាជីវករនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Lao Bao; កន្លែងថតរូបនិងឆាកសម្តែង។ ផ្សារណាត់ត្រូវបានរៀបចំឡើងនៅចុងឆ្នាំ បរិមាណទំនិញមានច្រើន ដូច្នេះចំនួនអ្នកចូលផ្សារមានច្រើនគួរសម។ នៅហាងលក់ផលិតផលតម្បាញចរបាប់របស់អ្នកស្រី Muk Da រស់នៅស្រុក Se Phon ខេត្ត Savanakhet ប្រទេសឡាវ អតិថិជនជាច្រើនបានជ្រើសរើសអាវ និងកន្សែងដែលមានពណ៌ចម្រុះ គួរឲ្យទាក់ភ្នែក។ អ្នកស្រី Muk Da បានឲ្យដឹងថា ៖ “នេះជាលើកទីមួយហើយដែលខ្ញុំបានចូលរួមផ្សារណាត់ពិសេសបែបនេះ។ ខ្ញុំបាននាំមកទីនេះនូវផលិតផលសម្លៀកបំពាក់ប្រពៃណីជាច្រើន សំលៀកបំពាក់ដ៏វិសេសវិសាលរបស់ប្រជាជនឡាវ ដើម្បីផ្សព្វផ្សាយ តាំងបង្ហាញ និងឧទ្ទេសនាមដល់ប្រជាជនវៀតណាម”។
ផ្សារព្រំដែន Lao Bao មិនត្រឹមតែមានទំនិញពិសេសរបស់ប្រជាជននៅព្រំដែនទាំងសងខាងប៉ុណ្ណោះទេ ថែមទាំងមានកសិផល ផលិតផល OCOP និងមុខម្ហូបពិសេសរបស់បណ្តាឃុំនិងទីរួមស្រុកក្នុងស្រុក Huong Hoa ទៀតផង។ ម្ចាស់អាជីវកម្ម និងគ្រួសារមួយចំនួននៅខេត្ត Quang Tri ក៏បានមកផ្សារនេះ ដើម្បីផ្សព្វផ្សាយនិងឧទ្ទេសនាមផលិតផលរបស់ខ្លួន។ អ្នកស្រី Ho Hoa My នៅស្រុក Dakrong បាននាំមកដល់ផ្សារណាត់នូវផលិតផលដូចជា៖ អង្ករ មាន់ និងមុខម្ហូបប្រចាំតំបន់របស់ស្រុក Dakrong ដូចជា ក្រឡាន និងសាច់អាំងក្នុងបំពង់ឬស្សី។ អ្នកស្រី Ho Hoa My បានចែករំលែក៖ “ខ្ញុំបានរៀបចំមុខម្ហូបពិសេសប្រចាំតំបន់របស់ខ្លួន។ តាមរយៈផ្សារណាត់ យើងខ្ញុំមានឱកាសផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរវៀតណាមនិងឡាវ។ បុណ្យតេតខិតមកជិតហើយ ដូច្នេះផ្សារណាត់បានបង្កើតបរិយាកាសសប្បាយរីករាយណាស់”។
មកដល់ផ្សារណាត់ ភ្ញៀវទេសចរណ៍ក៏អាចសម្របខ្លួនទៅក្នុងបរិយាកាសវប្បធម៌ដ៏វិសេសវិសាល ជាមួយនឹងតម្លៃវប្បធម៌អរូបី ដែលត្រូវបានរក្សាទុករាប់ពាន់ឆ្នាំដោយក្រុមជនជាតិភាគតិច Van Kieu, Pa Co និងបណ្តាជនជាតិរបស់ឡាវ តាមរយៈក្បាច់រាំនិងចម្រៀងដែលបង្កប់ដោយខ្យល់ដង្ហើមនៃតំបន់ព្រៃភ្នំ ។ លោកស្រី Nguyen Truc Duong នៅទីរួមស្រុក Lao Bao ស្រុក Huong Hoa ខេត្ត Quang Tri បានចែករំលែកថា៖ “ផ្សារព្រំដែន Lao Bao គឺជាផ្សារណាត់ពិសេសមួយ ដោយមានការផ្លាស់ប្ដូរវប្បធម៌រវាងវៀតណាមនិងឡាវ និងការផ្សព្វផ្សាយវប្បធម៌ប្រពៃណីរបស់បណ្តាជនជាតិនៅស្រុកភ្នំ Huong Hoa។ ពេលខ្ញុំទៅផ្សារ ខ្ញុំមានអារម្មណ៍ថាបរិយាកាសអ៊ូអរនិងសប្បាយរីករាយណាស់។ ខ្ញុំសង្ឃឹមថា ផ្សារនេះនឹងប្រព្រឹត្តទៅជាប្រចាំ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយវប្បធម៌នៃប្រទេសទាំងពីរ”។
ប្រជាជនឡាវរស់នៅក្នុងភូមិ Sadenvan ខេត្ដ Savannakhet បាននាំរបាំ Sai Chay ឡាវ-វៀតណាម របាំ Sao Phu thay thongkham របាំ phon មកសម្តែងជូនប្រជាជននៅផ្សារណាត់នេះ។ ដើម្បីឆ្លើយតបនឹងសេចក្តីស្រលាញ់របស់មិត្តភក្កិឡាវ ប្រជាជន Van Kieu - Pa Co នៅជួរភ្នំ Truong Son បានសំដែងចម្រៀងប្រពៃណីនិងរបាំប្រពៃណី។ លក្ខណៈវិសេសវិសាលក្នុងការសម្តែងនិងសំឡេងគងឈ្មោះ ដូចជាសារអញ្ជើញភ្ញៀវមកពីគ្រប់ទិសទី ទាំងជិតទាំងឆ្ងាយមកដល់ផ្សារណាត់ផងដែរ។ លោក Le Ba Hung ប្រធានគណៈកម្មាធិការប្រជាជនទីរួមស្រុក Lao Bao ខេត្ត Quang Tri បានឲ្យដឹងថា មូលដ្ឋានមានបំណងចង់កសាង និងរក្សាផ្សារណាត់ឱ្យក្លាយជាអាសយដ្ឋានក្នុងការធ្វើដំណើរតភ្ជាប់តំបន់ទេសចរណ៍ រួមចំណែកក្នុងការធ្វើពិពិធកម្មផលិតផលទេសចរណ៍ជាបណ្តើរៗ។ នេះក៏ជាឱកាសសម្រាប់ប្រជាជននៅតាមព្រំដែនទាំងសងខាង ក្នុងការផ្លាស់ប្តូរនិងធ្វើពាណិជ្ជកម្មទំនិញ។
“រៀបចំផ្សារព្រំដែន Lao Bao ដើម្បីផ្លាស់ប្តូរវប្បធម៌និងម្ហូបអាហាររវាងប្រជាជននៅតាមព្រំដែនទាំងសងខាង ផ្លាស់ប្តូរនិងទិញលក់ផលិតផលកសិកម្មនិងរុក្ខាកម្ម។ យើងខ្ញុំបានរៀបចំស្តង់ទំនិញជាង ៥០ រួមទាំងផលិតផលកសិកម្មនិងរុក្ខាប្រមាញ់ របស់ជនជាតិ Van Kieu ផលិតផល OCOP និងផលិតផលម្ហូបអាហាររបស់ប្រជាជនឡាវដើម្បីប្រាស្រ័យគ្នាផងដែរ”។
ផ្សារព្រំដែន Lao Bao រួមចំណែកថែរក្សាសោភ័ណភាព និងលក្ខណៈវិសេសវិសាលរបស់ប្រជាជននៅតំបន់ខ្ពង់រាប បង្ហាញយ៉ាងរស់រវើកនូវចំណងសាមគ្គីភាពដ៏យូរអង្វែងរវាងប្រជាជននៃប្រទេសជិតខាងទាំងពីរវៀតណាម និងឡាវ៕