ព័ត៌មាន
ប្រធានរដ្ឋសភា៖ នគរបាលសេដ្ឋកិច្ចសក្តិសមជា “ដាវមុតស្រួច” ក្នុងការបង្ការ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម
នេះជាសេចក្តីបញ្ជាណែនាំរបស់ប្រធានរដ្ឋសភាលោក ជិន ថាញ់ មិននៅក្នុងពិធីរំលឹកខួបលើកទី ៧០ នៃទិវាប្រពៃណីនៃកម្លាំងនគរបាលសេដ្ឋកិច្ច (១០ សីហា ១៩៥៦ - ១០ សីហា ២០២៦) និងពិធីប្រគល់គ្រឿងឥស្សរិយយសហូជីមិញ ដែលបានប្រារព្ធឡើងនាព្រឹកថ្ងៃទី ៨ ខែសីហា នៅទីក្រុងហាណូយ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងនាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង អញ្ជើញផ្ញើកម្រងផ្កាអបអរសាទរពិធី។
អញ្ជើញថ្លែងនៅក្នុងពិធីនេះ ប្រធានរដ្ឋសភាលោកជិន ថាញ់ មិន បានមានប្រសាសន៍ថា នៅក្នុងបរិបទនៃស្ថានភាពថ្មី កម្លាំងនគរបាលសេដ្ឋកិច្ចត្រូវបន្តច្នៃប្រឌិតយ៉ាងខ្លាំងនូវការត្រិះរិះ វិធីសាស្រ្ត និងរបៀបធ្វើការរបស់ខ្លួន។ លោកប្រធានរដ្ឋសភាបានស្នើឱ្យកម្លាំងនគរបាលសេដ្ឋកិច្ចដឹកនាំក្នុងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីកំណត់ជាមុននូវការគំរាមកំហែងថ្មីៗចំពោះសន្តិសុខសេដ្ឋកិច្ច សន្តិសុខហិរញ្ញវត្ថុ សន្តិសុខទិន្នន័យ និងសន្តិសុខខ្សែសង្វាក់ផ្គត់ផ្គង់។
ប្រធានរដ្ឋសភាលោកជិន ថាញ់ មិន បានសម្តែងទំនុកចិត្តថា៖ “ជាមួយនឹងប្រពៃណីដ៏រុងរឿងរយៈពេល ៧០ ឆ្នាំ ជាមួយនឹងការតាំងចិត្តនយោបាយដ៏រឹងមាំ ភាពវៃឆ្លាត និងការលះបង់ ក្រោមការដឹកនាំដោយផ្ទាល់ ដាច់ខាត និងគ្រប់ជ្រុងជ្រោយរបស់បក្សនិងរដ្ឋ ហើយដឹកនាំដោយផ្ទាល់គឺគណៈកម្មាធិការបក្សនគរបាលមជ្ឈិម ក្រសួងនគរបាល និងដោយមានការគាំទ្រពីក្រសួង នាយកដ្ឋាន អាជ្ញាធរមូលដ្ឋាន និងប្រជាជន កម្លាំងនគរបាលសេដ្ឋកិច្ចនឹងសម្រេចបានជ័យជម្នះ និងសមិទ្ធផលជាច្រើនទៀត ដែលសក្តិសមជា “ដាវមុតស្រួច” ក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ជា “ខែលដែករឹងមាំ” ដែលស្មោះត្រង់ និងគួរឱ្យទុកចិត្តទាំងស្រុងចំពោះបក្ស រដ្ឋ និងប្រជាជន”៕






