ក្នុងជំនួបជាមួយប្រធានមូលនិធិវិនិយោគ CMIA Capital Partners លោក Lee Chong Min និងនាយកប្រតិបត្តិសារជីវកម្ម Surbana Jurong លោក Lim Hong Kian ប្រធានរដ្ឋសភាវៀតណាម លោក ទ្រិន ថាញ់មិន បានអះអាងថា វៀតណាមជានិច្ចកាលវាយតំលៃខ្ពស់ចំពោះវត្តមាននិងការវិនិយោគរបស់បណ្តាអង្គភាពអាជីវកម្មសិង្ហបុរីនៅវៀតណាម; វាយតំលៃខ្ពស់ចំពោះប្រសិទ្ធភាពនៃសកម្មភាពសហប្រតិបត្តិការវិនិយោគរបស់សាជីវកម្មនិងសហគ្រាសសិង្ហបុរីនៅវៀតណាម; ហើយលោកបានឲ្យដឹងថា រដ្ឋសភានិងរដ្ឋាភិបាលវៀតណាមបាននិងកំពុងរៀបចំប្រព័ន្ធឯកសារច្បាប់ពាក់ព័ន្ធ ក្នុងទិសដៅបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មបរទេសមកបណ្តាក់ទុន និងធ្វើអាជីវកម្មនៅវៀតណាម។
ទទួលជួបនាយកផ្នែកហិរញ្ញវត្ថុនៃសារជីវកម្ម Keppel លោក Kevin Chng ប្រធានរដ្ឋសភាវៀតណាម លោក ទ្រិន ថាញ់មិន បានសង្កត់ធ្ងន់ថា វៀតណាមជាគោលដៅគួរឲ្យទាក់ទាញសម្រាប់វិនិយោគិនជាច្រើន រួមទាំងវិនិយោគិនលើវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផងដែរ។ បណ្តាក្រុមហ៊ុនវៀតណាមចង់សហការជាមួយសហគ្រាសសិង្ហបុរីដូចជា Keppel Group ជាពិសេសក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់មណ្ឌលឧស្សាហកម្ម តំបន់ទីក្រុង ក៏ដូចជាគម្រោងថាមពលស្អាត ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់វៀតណាម។ លោកបានអះអាងថា វៀតណាមនឹងអមដំណើរជាមួយបណ្តាក្រុមហ៊ុននិងសាជីវកម្មសិង្ហបុរី។
ទទួលជួបអគ្គនាយករងនៃសារជីវកម្ម Temasek Holdings លោក Chia Song Hwee ប្រធានរដ្ឋសភាវៀតណាមមានបំណងថា សារជីវកម្មនឹងបន្តពង្រីកវិស័យវិនិយោគរបស់ខ្លួននៅវៀតណាម; សង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីដោះស្រាយការលំបាកនិងឧបសគ្គ ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសក្នុងស្រុកនិងវិនិយោគិនបរទេស រួមទាំងក្រុមហ៊ុន Temasek ដែលកំពុងប្រតិបត្តិការនៅវៀតណាមផងដែរ៕