ប្រធានរដ្ឋវៀតណាមនិងប្រធានាធិបតីអាមេរិកធ្វើជាអធិបតីសន្និសីទកាសែត
នាពេលថ្ងៃត្រង់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ បន្ទាប់ពីពិធីទទួលជាផ្លូវការនិងការចរចាជាន់ខ្ពស់ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានអញ្ជើញសហអធីបតីសន្និសីទកាសែតជូនដំណឹងអំពីលទ្ធផលល្អប្រសើរនៃការចរចានិងឆ្លើយសំណួររបស់អ្នកយកព័ត៌មាននៅក្នុងនិងក្រៅប្រទេស។ ថ្លែងមតិនៅសន្និសីទកាសែត ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានឲ្យដឹងថា៖ ភាគីទាំងពីរសុទ្ធតែវាយតំលៃថា៖ ទំនាក់ទំនងវៀតណាម-អាមេរិកនាពេលកន្លងទៅទទួលបានលទ្ធផលជាក់ស្តែងដែលនាំមកនូវផលប្រយោជន៍ធំធេងសំរាប់ប្រជាជននៃប្រទេសទាំងពីរ។លោក Tran Dai Quang បានលើកច្បាស់ថា៖
«ខ្ញុំនិងលោកប្រធានាធិបតីអាមេរិកបានផ្លាស់ប្តូរអំពីបញ្ហាតំបន់និងអន្តរជាតិដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ហើយឯកភាពបង្កើនកិច្ចសហការនៅវេទិកាតំបន់និងអន្តរជាតិសំដៅរួមចំណែកធានាសន្តិភាពស្ថិរភាពក្នុងតំបន់និងលើពិភពលោក។ យើងខ្ញុំមក៏ឯកភាពអំពីសារសំខាន់នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាមេរិក-អាស៊ាន ហើយជឿជាក់ទៅលើការអភិវឌ្ឍន៍នៃទំនាក់ទំនងវៀតណាម-អាមេរិក ដែលមិនត្រឹមតែនាំមកនូវផលប្រយោជន៍ សំរាប់ប្រទេសនីមួយៗ ប៉ុណ្ណោះទេ ថែមទាំង រួមវិភាគទានទៅក្នុងការបង្កើនទំនាក់ទំនង អាមេរិក-អាស៊ាន ទៀតផង។»
ស្តីអំពីទិសដៅក្នុងទំនាក់ទំនងវៀតណាម-អាមេរិកនាពេលខាងមុខប្រធានរដ្ឋវៀតណាមបានឲ្យដឹងថា៖ ភាគីទាំងពីរនឹងបង្កើនការជួបប្រាស្រ័យនិងការសន្ទនាជាពិសេសគឺជំរុញការផ្លាស់ប្តូរជំនួបតាមរយៈដំណើរទស្សនកិច្ចទ្វេភាគីនិងនៅខាងក្រៅវេទិកាតំបន់និងអន្តរជាតិ។
«ជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគដោយផ្អែកទៅលើឧត្តមភាពនានា។ ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការខាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា បរិស្ថាន បំរែបំរួលអាកាសធាតុនិងបង្កើនសកម្មភាពមនុស្សធម៌ បណ្ដុះបណ្ដាលប្រភពធនធានមនុស្ស និងបើកទូលាយសកម្មភាពជួបប្រាស្រ័យប្រជាជន។ តាមនោះ បង្កើនទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។”
រីឯ ប្រធានាធិបតីអាមេរិក លោក Donald Trump បានសង្កត់ធ្ងន់ថា៖ ក្នុងអំឡុងជាង ២ ទសវត្សន៍កន្លងទៅអាមេរិកនិងវៀតណាមបានរួមជាមួយគ្នារកឃើញចំណុចប្រហាក់ប្រហែលគ្នាដោយឈរលើផលប្រយោជន៍រួមបង្កើតការតភ្ជាប់ដើម្បីទទួលបានទំនាក់ទំនងបច្ចុប្បន្ន។ ហើយដំណើរទស្សនកិច្ចរបស់លោក Donald Trump បានអះអាងជាថ្មីម្តង ទៀតនូវប្រការនេះ។
“ខ្ញុំវាយតំលៃខ្ពស់ការដែលវៀតណាមបានកែលម្អបរិយាកាសវិនិយោគពាណិជ្ជកម្ម បង្កើនការនាំចេញទៅអាមេរិក។ មជ្ឈដ្ឋានអ្នកមានប្រាក់ចំណូលមធ្យមនៅវៀតណាមកំពុងកើនឡើងនេះជាទីផ្សារពោពេញទៅដោយសក្ដានុភាពសំរាប់សហគ្រាសអាមេរិក។ យើងនឹងជំរុញទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដើម្បីអនាគតសម្បូររុងរឿងសំរាប់អាមេរិកនិងវៀតណាម។ “
លោក Donald Trump អបអរសាទរប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ដែលបានធ្វើអធិបតីប្រកបដោយជោគជ័យសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ ហើយរំលឹកឡើងវិញនូវកិច្ចសន្យារបស់អាមេរិកអំពីតំបន់ឥណ្ឌា-ប៉ាស៊ីហ្វិកសេរីភាពនិងបើក ទ្វារ ឯករាជ្យ គោរពអធិបតេយ្យភាព រក្សាច្បាប់និងជំរុញពាណិជ្ជកម្មដោយមានការទទួលខុសត្រូវ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម