នៅក្នុងសេចក្តីប្រកាសមួយនាថ្ងៃទី ១៣ មិថុនា ក្រសួងការបរទេសរុស្ស៊ីបានសម្តែងការព្រួយបារម្ភជាពិសេសចំពោះការបង្កើនភាពតានតឹងនៅមជ្ឈិមបូព៌ា ដោយបញ្ជាក់ថា សកម្មភាពយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់បានរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ រុស្ស៊ីបានអំពាវនាវឱ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់ ដើម្បីជៀសវាងការកើនឡើងភាពតានតឹង។ នៅថ្ងៃដដែល ប្រមុខគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Kaja Kallas បានប្រកាសថា ស្ថាន ភាពនៅមជ្ឈិមបូព៌ាមានគ្រោះថ្នាក់ និងបានអំពាវនាវឱ្យមានការអត់ធ្មត់។ លោកស្រីក៏បានសង្កត់ធ្ងន់ថា ការទូតនៅតែជាមធ្យោបាយដ៏ល្អបំផុតក្នុងការដោះស្រាយបញ្ហា ហើយត្រៀមខ្លួនជាស្រេចដើម្បីគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងការទូតដើម្បីកាត់បន្ថយភាពតានតឹង។
ប្រធានសហភាពអាហ្រ្វិក (AU) លោក Mahmoud Ali Youssouf បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើគោលដៅប្រហែល ១០០ កន្លែងនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយបានអំពាវ នាវឱ្យភាគីទាំងអស់ បញ្ចប់ការប្រឈមមុខដាក់គ្នាជាបន្ទាន់ និងអនុវត្តការអត់ធ្មត់ជាអតិបរមា ដោយសង្កត់ធ្ងន់ថា ការវិវឌ្ឍន៍បច្ចុប្បន្នគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខនិងសន្តិភាពអន្តរជាតិ។
ទន្ទឹមនឹងនេះដែរ កាលពីម្សិលមិញ ប្រធានាធិបតីអាមេរិក លោក Donald Trump បានជំរុញឱ្យប្រទេសអ៊ីរ៉ង់ ឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនោះ លោកបានព្រមានថា ផលវិបាកនឹងកាន់តែធ្ងន់ធ្ងរ។ នេះជាការលើកឡើងដំបូងរបស់មេដឹកនាំអាមេរិកបន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារលើក្រុងតេអេរ៉ង់។ លោកប្រធានាធិបតី Donald Trump បាននិយាយថា អ៊ីស្រាអែលមានឧបករណ៍យោធាល្អបំផុត និងគ្រោះថ្នាក់បំផុតជាច្រើននៅក្នុងពិភពលោក ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើប្រាស់វា។ លោកបានព្រមានថា ផលវិបាកនឹងអាក្រក់ជាងអ្វីដែលអ៊ីរ៉ង់បានដឹងឬស្រមៃ ហើយបានសង្កត់ធ្ងន់ថានៅមានពេលវេលាដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នាបង្ហូរឈាមនេះ៕