អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានអញ្ជើញធ្វើជាអធិបតីនៅក្នុងសន្និបាត។ ប្រធានរដ្ឋសភា លោក ជិន ថាញ់មិន បានដឹកនាំសម័យប្រជុំបើក។
នៅក្នុងសុន្ទរកថាបើកសន្និបាត អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានបញ្ជាក់យ៉ាងច្បាស់ថា សន្និបាតប្រព្រឹត្តទៅក្នុងបរិបទដែលបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល កំពុងខិតខំប្រឹងប្រែងបំពេញភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០២៦ ត្រៀមរៀបចំផែនការសម្រាប់ឆ្នាំ២០២៧ និងឆ្នាំបន្តបន្ទាប់។ ជាមួយគ្នានោះ ការប្រែប្រួលអន្តរជាតិ ការប្រកួតប្រជែងបច្ចេកវិទ្យា សង្គ្រាមពាណិជ្ជកម្ម និងតម្រូវការក្នុងការផ្លាស់ប្ដូរថ្មីគំរូអភិវឌ្ឍន៍ប្រទេសជាតិ គោលដៅកំណើនផលិតផលក្នុងស្រុកសរុបលើសពី១០% ទាមទារឱ្យបង្កើនស្វ័យភាពយុទ្ធសាស្ត្រ ភាពធន់ សមត្ថភាពសម្របខ្លួន និងការប្ដេជ្ញាចិត្តធ្វើសកម្មភាព។ ដោយឈរលើស្មារតីនោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានស្នើឱ្យបង្កើនសមត្ថភាពក្នុងការផ្លាស់ប្ដូរថ្មី ការកែតម្រូវដោយខ្លួនឯង និងការតំរង់ទិសអភិវឌ្ឍន៍ប្រទេសជាតិ។ សេចក្តីសម្រេចចិត្តថ្មីៗ ត្រូវតែដោះស្រាយមូលហេតុឫសគល់ កំណត់ការទទួលខុសត្រូវ រួមទាំងការទទួលខុសត្រូវនៃស្ថាប័នដឹកនាំ និងស្ថាប័នសេនាធិការនៅមជ្ឈិមផងដែរ។
“សេចក្តីសម្រេចចិត្តថ្មីត្រូវតែរួមបញ្ចូលគ្នាយ៉ាងជិតស្និទ្ធរវាងការកែតម្រូវជាមួយនឹងការអប់រំ ការបង្ការជាមួយនឹងការដោះស្រាយយ៉ាងតឹងរ៉ឹង។ បង្កើតយន្តការសម្រាប់អង្គការបក្ស និងបក្ខជនម្នាក់ៗ ដើម្បីរកឃើញ និងកែតម្រូវចំណុចខ្វះខាតដោយខ្លួនឯង។ កសាងបក្សដែលមានសីលធម៌ និងអរិយធម៌ពិតប្រាកដ ត្រូវតែឆ្លុះបញ្ចាំងតាមរយៈសុចរិតភាព ភាពស្មោះត្រង់ ការគោរពសច្ចភាព ការពារភាពត្រឹមត្រូវ និងការទទួលខុសត្រូវចំពោះប្រជាជន។ ត្រូវតែពឹងផ្អែកយ៉ាងពិតប្រាកដលើប្រជាជនដើម្បីកសាងបក្ស។ ជំនឿជាក់របស់ប្រជាជនត្រូវតែពូនជ្រុំដោយការផ្ទៀងស្តាប់ ទទួលយកមតិយោបល់ ដោះស្រាយសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ និងកែតម្រូវចំណុចខ្វះខាតរបស់កម្មាភិបាល និងបក្ខជន។ ត្រូវពង្រីកតួនាទីរបស់រណសិរ្សមាតុភូមិ អង្គការនយោបាយ សង្គមនានា; ធានាថាប្រជាជនចូលរួមចំណែកក្នុងគោលជំហរ ឃ្លាំមើលការអនុវត្ត និងទទួលបានសមិទ្ធផល។ នេះគឺគឺជាមូលដ្ឋានគ្រឹះសម្រាប់ការពង្រឹងមហាសាមគ្គីភាព និងប្រមូលផ្តុំកម្លាំងពលំជាតិ”។
ទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ច-សង្គមក្នុងឆ្នាំ ២០២៦ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានសង្កត់ធ្ងន់ថា លទ្ធផលនៃការអនុវត្តភារកិច្ចអភិវឌ្ឍន៍ គឺជារង្វាស់សំខាន់មួយនៃប្រសិទ្ធភាពគោលនយោបាយ គុណភាពការងារបុគ្គលិក និងសមត្ថភាពសម្រាប់ការអនុវត្ត។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា អាទិភាពទាំងនេះ ឆ្ពោះទៅរកតម្រូវការតែមួយថា៖ កសាងបក្សនិងប្រព័ន្ធនយោបាយដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ដឹកនាំ រៀបចំការអនុវត្តគោលដៅអភិវឌ្ឍន៍ ពង្រីកការចូលរួម និងភាពច្នៃប្រឌិតរបស់ប្រជាជនទាំងមូល។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឱ្យមជ្ឈិមពិភាក្សាឱ្យបានជ្រាលជ្រៅអំពីជម្រើសសំខាន់ៗ និងចំណុចដែលនៅតែមានមតិខុសគ្នា; ជម្រើសទាំងអស់ត្រូវតែដាក់ផលប្រយោជន៍របស់ប្រទេសជាតិ ប្រជាជាតិ សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជនជាអាទិភាពចម្បងបំផុត៕







