នាព្រឹកថ្ងៃទី១៩ ខែមេសា នៅស្ថានីយ៍ T3 នៃអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងជាតិសំខាន់និងគម្រោងធំៗក្នុងឱកាសរំលឹកខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង និងឯកភាពប្រទេសជាតិ (ថ្ងៃទី ៣០ មេសា ឆ្នាំ ១៩៧៥ - ថ្ងៃទី ៣០ មេសា ឆ្នាំ២០២៥)។ ក្នុងពេលជាមួយគ្នានេះដែរ នៅតាមបណ្តាខេត្ត-ក្រុងទាំងនៅភាគខាងជើង-ភាគកណ្តាល-ភាគខាងត្បូង គម្រោងចំនួន ៨០ ផ្សេងទៀតត្រូវបានបើកការដ្ឋានសាងសង់និងសម្ពោធផងដែរ។
ក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានមានប្រសាសន៍ថា នាពេលកន្លងមក រដ្ឋាភិបាល និងក្រសួង ស្ថាប័ន មូលដ្ឋាននានា បានដឹកនាំយ៉ាងប្ដូរផ្ដាច់ ប្រមូលផ្ដុំធនធាន ដោះស្រាយចំណុចរាំងស្ទះ និងជំនះពុះពារលើគ្រប់ការលំបាក និងបញ្ហាប្រឈម ដើម្បីសម្រេចគម្រោងសំខាន់ៗនៅក្នុងឆ្នាំនេះ។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា៖
“គម្រោងសេដ្ឋកិច្ចសង្គមសំខាន់ៗ ដែលត្រូវបានបើកការដ្ឋានសាងសង់និងសម្ពោធនៅទូទាំងប្រទេសថ្ងៃនេះ សុទ្ធតែមានសារៈសំខាន់ជាយុទ្ធសាស្ត្រ បង្ហាញពីឆន្ទៈ និងការប្តេជ្ញាចិត្តរបស់បក្ស រដ្ឋ បណ្ដាក្រសួង ស្ថាប័ន ផ្នែក មូលដ្ឋាន និងសហគ្រាស ក្នុងការបង្កើតលំហអភិវឌ្ឍន៍ថ្មី បង្កើតមូលដ្ឋានគ្រឹះ ដើម្បីជំរុញកំណើន និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ធានាសុខុមាលភាពសង្គម សន្តិសុខការពារជាតិ ជាមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីប្រទេសជាតិឈានចូលយុគសម័យនៃការស្ទុះឈានទៅមុខនិងការអភិវឌ្ឍយ៉ាងខ្លាំងក្លា។ ទាំងនេះនឹងជាគម្រោងសំខាន់ៗ មានលក្ខណៈ "និមិត្តរូប" ដែលរួមចំណែកបង្កើតរូបភាពរបស់ប្រទេសវៀតណាម "ឯករាជ្យ - សន្តិភាព - ឯកភាព - ភាពធន់ - សុភមង្គល - រីកចម្រើន - អរិយធម៌ - វិបុលភាព" នៅលើផែនទីពិភពលោក”៕