ថ្លែងនៅក្នុងសន្និសីទ លោកឧបនាយករដ្ឋមន្ត្រី ផាម យ៉ា ទូក បានឱ្យដឹងថា ពីបទពិសោធន៍ជាក់ស្តែងក្នុងការអភិវឌ្ឍទីក្រុង វៀតណាមបានសង្កេតឃើញថា ការផ្លាស់ប្តូរឌីជីថល កំណើនបៃតង និងការតភ្ជាប់តំបន់ គឺជាសសរស្តម្ភដែលបំពេញបន្ថែមគ្នាទៅវិញទៅមក សំដៅលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន និងបង្កើនភាពធន់ចំពោះបញ្ហាប្រឈមនាពេលអនាគត។ ដោយឈរលើមូលដ្ឋាននោះ លោកឧបនាយករដ្ឋមន្ត្រីបានស្នើទិសដៅសំខាន់ៗចំនួនបួន៖
«ទីមួយ សូមស្នើឱ្យបណ្តាទីក្រុងមានភាពខ្លួនទីពឹងខ្លួន និងយកប្រជាជនជាមជ្ឈមណ្ឌល។ ក្នុងនោះ បណ្តាទីក្រុងអាស៊ានត្រូវផ្លាស់ប្តូរពីផ្នត់គំនិតឆ្លើយតប ទៅជាភាពម្ចាស់ការដើម្បីអនាគត ពីការកសាងដំណោះស្រាយសម្រាប់បញ្ហាដាច់ដោយឡែកនីមួយៗ ទៅជាការបង្កើតប្រព័ន្ធអេកូឡូស៊ីដែលមានភាពធន់ខ្ពស់ចំពោះបញ្ហាប្រឈមនិងការអភិវឌ្ឍ។ ទីពីរ កៀងគរនិងតភ្ជាប់ប្រភពធនធានទាំងអស់សម្រាប់ការអភិវឌ្ឍន៍ទីក្រុង។ ទីបី កសាងបណ្តាញបញ្ញាវន្ត និងនវានុវត្តន៍ក្នុងចំណោមទីក្រុងអាស៊ាន។ ទីបួន ប្រែក្លាយការប្តេជ្ញាចិត្តទៅជាសកម្មភាព និងលទ្ធផលជាក់ស្តែង»។
អាស៊ានគឺជាតំបន់មួយដែលមានការអភិវឌ្ឍយ៉ាងស្វាហាប់បំផុតនៅលើពិភពលោក។ ដំណើរការ នគរូបនីយកម្មបានប្រព្រឹត្តទៅយ៉ាងឆាប់រហ័សបានផ្លាស់ប្តូរទីក្រុងនានាឱ្យក្លាយទៅជាមជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ច នវានុវត្តន៍ និងការតភ្ជាប់តំបន់។ ទោះជាយ៉ាងណា ក៏ដោយ ទីក្រុងទាំងនេះក៏កំពុងនៅចំពោះមុខបញ្ហាប្រឈមរួមជាច្រើនផងដែរ។ ដូច្នេះហើយ ការបង្កើនកិច្ចសហប្រតិបត្តិការរវាងទីក្រុងនានារបស់អាស៊ាន មិនត្រឹមតែជាតម្រូវការចាំបាច់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំងចលករដ៏សំខាន់ក្នុងការសម្រេចបាននូវចក្ខុវិស័យនៃសហគមន៍អាស៊ានដែលខ្លួនទីពឹងខ្លួន ច្នៃប្រឌិត និងអភិវឌ្ឍប្រកបដោយចីរភាពទៀតផង៕





