ព័ត៌មាន

បណ្តា​ទីក្រុងអាស៊ានជំរុញកិច្ចសហប្រតិបត្តិការ​ដើម្បីអនាគតនៃទីក្រុងឆ្លាតវៃ និងនិរន្តរភាព

សន្និសីទថ្នាក់ដឹកនាំបណ្តា​ទីក្រុងអាស៊ានឆ្នាំ២០២៦ បានប្រព្រឹត្តទៅសម័យប្រជុំបើកនារសៀលថ្ងៃទី៨ ខែមិថុនា នៅទីក្រុងហាណូយ។ សន្និសីទនេះ សំដៅជំរុញការចូលរួមយ៉ាងសកម្ម បរិយាប័ន្ន និងប្រកបដោយចីរភាពនៃភាគីពាក់ព័ន្ធទាំងអស់ក្នុងការកសាងសហគមន៍អាស៊ាន។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម យ៉ា ទូក បានអញ្ជើញ​ចូលរួម និងថ្លែងសុន្ទរកថានៅក្នុង​សន្និសីទ​នេះ​។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម យ៉ា ទូក ថ្លែងនៅក្នុថឲងសន្និសីទថ្នាក់ដឹកនាំបណ្តាទីក្រុងអាស៊ាន។ រូបថត៖ VNA

ថ្លែងនៅក្នុងសន្និសីទ លោកឧបនាយករដ្ឋមន្ត្រី ផាម យ៉ា ទូក បានឱ្យដឹងថា​ ពីបទពិសោធន៍ជាក់ស្តែងក្នុងការអភិវឌ្ឍទីក្រុង វៀតណាមបានសង្កេតឃើញថា ការផ្លាស់ប្តូរឌីជីថល កំណើនបៃតង និងការតភ្ជាប់តំបន់ គឺជាសសរស្តម្ភ​ដែល​បំពេញបន្ថែមគ្នាទៅវិញទៅមក សំដៅ​លើក​កម្ពស់គុណភាពជីវភាពរស់នៅ​របស់ប្រជាជន និងបង្កើនភាពធន់​ចំ​ពោះបញ្ហាប្រឈមនាពេលអនាគត​។ ដោយឈរលើ​មូលដ្ឋាននោះ លោកឧបនាយករដ្ឋមន្ត្រីបានស្នើទិសដៅសំខាន់ៗចំនួនបួន៖

«​ទីមួយ សូម​ស្នើឱ្យ​បណ្តា​ទីក្រុងមាន​ភាព​ខ្លួន​ទីពឹងខ្លួន និងយកប្រជាជន​ជាមជ្ឈមណ្ឌល​។ ក្នុង​នោះ បណ្តា​ទីក្រុងអាស៊ានត្រូវផ្លាស់ប្តូរពីផ្នត់គំនិត​ឆ្លើយ​តប ទៅជា​ភាពម្ចាស់ការដើម្បីអនាគត ពីការកសាងដំណោះស្រាយសម្រាប់បញ្ហាដាច់ដោយឡែកនីមួយៗ ទៅជាការបង្កើតប្រព័ន្ធអេកូឡូស៊ីដែលមានភាពធន់ខ្ពស់ចំពោះបញ្ហាប្រឈម​និង​ការ​អភិវឌ្ឍ។ ទីពីរ កៀងគរនិង​តភ្ជាប់ប្រភព​ធន​ធាន​ទាំងអស់សម្រាប់​ការអភិវឌ្ឍន៍ទីក្រុង​។ ទីបី កសាងបណ្តាញ​បញ្ញាវន្ត និងនវានុវត្តន៍ក្នុងចំណោម​ទីក្រុងអាស៊ាន។ ទីបួន ប្រែ​ក្លាយ​ការ​ប្តេជ្ញាចិត្តទៅជាសកម្មភាព និងលទ្ធផល​ជាក់ស្តែង»​។​

អាស៊ានគឺជាតំបន់មួយដែលមានការអភិវឌ្ឍយ៉ាងស្វាហាប់បំផុតនៅលើពិភពលោក​។ ដំណើរការ នគរូបនីយកម្មបាន​ប្រព្រឹត្តទៅយ៉ាងឆាប់រហ័សបានផ្លាស់ប្តូរទីក្រុងនានា​ឱ្យ​ក្លាយទៅជាមជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ច នវានុវត្តន៍ និងការតភ្ជាប់តំបន់។ ទោះជាយ៉ាងណា ក៏ដោយ ទីក្រុងទាំងនេះក៏​កំពុងនៅចំពោះមុខបញ្ហាប្រឈម​រួម​ជាច្រើនផងដែរ។ ដូច្នេះហើយ ការបង្កើនកិច្ចសហប្រតិបត្តិការ​រវាងទីក្រុងនានារបស់អាស៊ាន មិនត្រឹមតែជាតម្រូវការចាំបាច់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំងចលករដ៏សំខាន់ក្នុងការសម្រេចបាននូវចក្ខុវិស័យនៃសហគមន៍អាស៊ានដែលខ្លួន​ទីពឹងខ្លួន ច្នៃប្រឌិត និងអភិវឌ្ឍប្រកបដោយចីរភាពទៀត​ផង៕


top