កាលពីរសៀលថ្ងៃទី ២៩ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានជួបសំណេះសំណាលនិងអបអរសាទរក្រុមបាល់ទាត់បុរសអាយុក្រោម ១៧ ឆ្នាំ (U17) ជម្រើសជាតិវៀតណាម ចំពោះសមិទ្ធផលដ៏លេចធ្លោក្នុងការឈ្នះមេដាយមាសនៃការប្រកួតជើងឯក U17 អាស៊ីអាគ្នេយ៍ឆ្នាំ ២០២៦ ដែលបានធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី។
ថ្លែងនៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានអះអាងថា ជើងឯកនេះគឺជា “ជ័យជម្នះគ្រប់ជ្រុងជ្រោយ” នៃឫទ្ធានុភាព ឆន្ទៈ និងសេចក្តីប្រាថ្នា។
“ជ័យជម្នះដ៏សំខាន់នេះមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កីឡាវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសារដ៏ជ្រាលជ្រៅអំពីមនុស្សវៀតណាមនៅក្នុងដំណាក់កាលអភិវឌ្ឍថ្មីទៀតផង។ នោះគឺភាពធន់ សេចក្តីប្រាថ្នា ឈានឡើង ការជឿជាក់លើខ្លួនឯង វិន័យ និងសាមគ្គីភាព។ ពីជ័យជម្នះនៃការប្រកួតនេះ យើងត្រូវតែបន្តរក្សាជំនឿជាក់ បង្កើតសន្ទុះដើម្បីខិតខំឈានទៅរកជ័យជម្នះដ៏ធំធេងជាងនេះទៅទៀត ដែលសក្តិសមនឹងការជឿទុកចិត្ត និងសេចក្តីស្រឡាញ់របស់អ្នកគាំទ្រវៀតណាម និងប្រជាជនទាំងមូល”។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រុមគ្រូបង្វឹក និងអត្តពលិកទាំងអស់ បន្តហ្វឹកហាត់ជាមួយនឹងតម្រូវការកាន់តែខ្ពស់ ដោយរក្សាការប្តេជ្ញាឈ្នះ ជាមួយនឹងស្មារតីកីឡាដ៏យុត្តិធម៌និងស្មោះត្រង់។ ជាមួយគ្នានេះ សហព័ន្ធបាល់ទាត់វៀតណាមត្រូវតែធ្វើកំណែទម្រង់ និងកែលម្អប្រព័ន្ធបណ្តុះបណ្តាលឆ្ពោះទៅរកភាពវិជ្ជាជីវៈ ភាពទំនើប និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានបញ្ជាក់ថា៖
“រដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ក្រសួង មន្ទីរ គ្រប់លំដាប់ថ្នាក់ និងគ្រប់វិស័យ នឹងបន្តរួមដំណើរនិងបង្កើតលក្ខខណ្ឌល្អបំផុតជានិច្ច សម្រាប់កីឡាវៀតណាម និងបាល់ទាត់វៀតណាម ដើម្បីអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ប្រកបដោយវិជ្ជាជីវៈ ទំនើប ដោយរួមចំណែកដល់ការលើកកម្ពស់ឋានៈរបស់វៀតណាម នៅលើ ឆាកអន្តរជាតិ”៕







