ព័ត៌មាន
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh មកដល់ទីក្រុង Hiroshima ចាប់ផ្តើមចូលរួមកិច្ចប្រជុំកំពូល G៧ និងទស្សនកិច្ចការងារនៅជប៉ុន
ទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅព្រលានយន្តហោះ មានវត្តមាន អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន Yamada Kenji; អភិបាលខេត្ត Hiroshima លោក Hidehiko Yuzaki; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Pham Quang Hieu។
ក្នុងរបៀបវារៈនៃដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូល G៧ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងចូលរួមសម័យពិភាក្សា និងរួមមតិលើបញ្ហាជាច្រើន ជាពិសេសគឺទាក់ទងផ្ទាល់ទៅនឹងសន្តិសុខ - អភិវឌ្ឍន៍ ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ បរិស្ថាន ថាមពលជាដើម។
ក្នុងដំណើរបំពេញទស្សនកិច្ចការងារនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio ដោយពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក; ចូលរួម និងថ្លែងសុន្ទរកថានៅក្នុងសិក្ខាសាលាជាមួយថ្នាក់ដឹកនាំនៃសហគ្រាសជប៉ុនធំៗ; ជួបជាមួយអង្គការសេដ្ឋកិច្ច សាជីវកម្ម សហគ្រាសធំៗរបស់ជប៉ុន និងជួបតំណាងឆ្នើមនៃសហគមន៍ និងបញ្ញវន្តវៀតណាមនៅជប៉ុន ផងដែរ៕