ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh មកដល់ទីក្រុង Hiroshima ចាប់ផ្តើមចូលរួមកិច្ចប្រជុំកំពូល G៧ និងទស្សនកិច្ចការងារនៅជប៉ុន

នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញមកដល់ទីក្រុង Hiroshima ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូល G៧ បើកទូលាយ និងទស្សនកិច្ចការងារនៅជប៉ុន តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio។
អភិបាលខេត្ត Hiroshima លោក Hidehiko Yuzaki ស្វាគមន៍នាយករដ្ឋមន្ត្រី លោក Pham Minh Chinh (រូបថត៖ VOV)

ទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅព្រលានយន្តហោះ មានវត្តមាន អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន Yamada Kenji; អភិបាលខេត្ត Hiroshima លោក Hidehiko Yuzaki; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Pham Quang Hieu

ក្នុងរបៀបវារៈនៃដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូល G៧ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងចូលរួមសម័យពិភាក្សា និងរួមមតិលើបញ្ហាជាច្រើន ជាពិសេសគឺទាក់ទងផ្ទាល់ទៅនឹងសន្តិសុខ - អភិវឌ្ឍន៍ ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ បរិស្ថាន ថាមពលជាដើម។

ក្នុងដំណើរបំពេញទស្សនកិច្ចការងារនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio ដោយពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក; ចូលរួម និងថ្លែងសុន្ទរកថានៅក្នុងសិក្ខាសាលាជាមួយថ្នាក់ដឹកនាំនៃសហគ្រាសជប៉ុនធំៗ; ជួបជាមួយអង្គការសេដ្ឋកិច្ច សាជីវកម្ម សហគ្រាសធំៗរបស់ជប៉ុន និងជួបតំណាងឆ្នើមនៃសហគមន៍ និងបញ្ញវន្តវៀតណាមនៅជប៉ុន ផងដែរ៕


top