នៅក្នុងជំនួសន្ទនា ប្រធានរដ្ឋលោក Nguyen Xuan Phuc បានស្នើឱ្យអ៊ូហ្គង់ដា ជួយសម្រួលដល់ការនាំចេញ និងនាំចូលមុខទំនិញ ដែលជាប្រៀបខ្លាំងរបស់ភាគីនីមួយៗ ក្នុងនោះ វៀតណាមនាំចូលកប្បាស និងឈើពីអ៊ូហ្គង់ដា ហើយអ៊ូហ្គង់ដានាំចូលស្បៀងអាហារ ម្ហូបអាហារកែច្នៃ វាយនភណ្ឌកាត់ដែរ សម្ភារៈសំណង់ មធ្យោបាយដឹកជញ្ជូន គ្រឿងបន្លាស់ ឧបករណ៍ទូរគមនាគមន៍ពីវៀតណាម។ លោកប្រធានរដ្ឋមានជំនឿជាក់ថា អ៊ូហ្គង់ដានឹងទទួលរៀបចំកិច្ចប្រជុំជាន់ខ្ពស់នៃចលនាមិនចូលបក្សសម្ព័ន្ធឆ្នាំ ២០២៣ ប្រកបដោយជោគជ័យ ក៏ដូចជាសម្រេចតួនាទីជាប្រធានចលនាមិនចូលបក្សសម្ព័ន្ធ អាណត្តិ ២០២៣-២០២៦ យ៉ាងល្អប្រសើរ។
ជាការឆ្លើយតប ប្រធានាធិបតីអ៊ូហ្គង់ដាលោក Yoweri Kaguta Museveni បានអបអរសាទរវៀតណាម ដែលជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអាណត្តិ ២០២៣ - ២០២៥។ លោកមានជំនឿជាក់ថា វៀតណាមនឹងបន្តរួមវិភាគទានប្រកបដោយប្រសិទ្ធភាពក្នុងការខិតខំប្រឹងប្រែងធានាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ។
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាលើទិសដៅជាក់លាក់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាព។ ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រីកប្រពៃណីសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ គាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសគឺអង្គការសហប្រជាជាតិ និងចលនាមិនចូលបក្សសម្ព័ន្ធ ហើយជួយគ្នាទៅវិញទៅមក ដើម្បីបង្កើតទំនាក់ទំនងជាមួយអង្គការក្នុងតំបន់ដូចជាសហគមន៍អាហ្វ្រិកខាងកើត (EAC) និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
ក្រោយពីកិច្ចសន្ទនា ថ្នាក់ដឹកនាំទាំងពីរបានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន រួមមាន៖ កិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ និង អនុស្សរណៈនៃការយោគយល់គ្នាចំនួន ៤ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការទូត ការអប់រំ ព័ត៌មាន ផ្សព្វផ្សាយ និងបច្ចេកវិទ្យាកសិកម្ម៕