យោងតាមទិន្នន័យពីមជ្ឈមណ្ឌលផ្លាស់ប្តូរអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុប ពីខែមករាដល់ខែវិច្ឆិកាបានបង្ហាញថា ឆ្នាំនេះជាឆ្នាំដំបូងដែលសីតុណ្ហភាពជាមធ្យមរបស់ពិភពលោកលើសពី ១,៥ អង្សាសេបើប្រៀប ធៀបទៅនឹងចុងសតវត្សទី ១៩។
នៅឆ្នាំនេះ ស្ថានភាពអាកាសធាតុក្តៅខ្លាំងបានកើតឡើងនៅក្នុងតំបន់ជាច្រើនជុំវិញពិភពលោក ជាមួយនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅក្នុងប្រទេស អ៊ីតាលី និងអាមេរិកខាងត្បូង ទឹកជំនន់ក្នុងប្រទេសនេប៉ាល់ ស៊ូដង់ និងអឺរ៉ុប ព្យុះមហន្តរាយនៅសហរដ្ឋអាមេរិក និងហ្វីលីពីន រលកកំដៅនៅម៉ិកស៊ិក ម៉ាលី និង អារ៉ាប៊ីសាអូឌីតបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ត្រូវស្លាប់។
អ្នកវិទ្យាសាស្ត្រជឿថា ការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្ស គឺជាមូលហេតុនៃគ្រោះមហន្តរាយអាកាសធាតុទាំងនេះ។ ការកាត់បន្ថយការបំភាយឧស្ម័នដល់សូន្យ ដូចដែលរដ្ឋាភិបាលជាច្រើនបានសន្យានឹងអនុវត្តន៍នោះ នឹងជួយទប់ស្កាត់ការឡើងកំដៅផែនដី។ យ៉ាងណាមិញ ការបំភាយកាបូនឌីអុកស៊ីត (CO2) សកលនៅឆ្នាំនេះនៅតែត្រូវបានគេរំពឹងថា នឹង ឈានដល់កម្រិតខ្ពស់បំផុត៕