ព័ត៌មាន
ចំណង់សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងឡាវគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជននៃប្រទេសទាំងពីរ
នាព្រឹកថ្ងៃទី១៨ ខែកក្កដា នៅទីក្រុងហាណូយ គណៈកម្មាធិការប្រតិបត្តិមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម រណសិរ្សមាតុភូមិវៀតណាម និងទីក្រុងហាណូយ បានប្រារព្ធពិធីយ៉ាងឱឡារិកអបអរសាទរខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត (៥ កញ្ញា ១៩៦២ - ៥ កញ្ញា ២០២២) និងខួបលើកទី ៤៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការវៀតណាម - ឡាវ (១៨ កក្កដា ១៩៧៧ - ១៧ កក្កដា ២០២២)។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ខាងភាគីវៀតណាមមានប្រធានគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong; ប្រធានរដ្ឋ លោក Nguyen Xuan Phuc; នាយករដ្ឋមន្ត្រី លោក Pham Minh Chinh, ប្រធានរដ្ឋសភាលោក Vuong Dinh Hue។ គណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋឡាវ ដឹកនាំដោយសមាជិកការិយាល័យនយោបាយ លេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ឡាវ អនុប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Bounthong Chitmany។
ក្នុងសុន្ទរកថា អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់លើប្រពៃណីនៃទំនាក់ទំនងមិត្តភាព ទំនាក់ទំនងជិតស្និទ្ធជាមួយគ្នាទៅវិញទៅមកក្នុងប្រវត្តិសាស្ត្រកសាង និងការពារប្រជាជាតិនៃប្រទេសទាំងពីរវៀតណាម និងឡាវ។ នាថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ១៩៦២ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ បង្ហាញពីការបន្តនៃសម្ព័ន្ធមិត្តប្រយុទ្ធវៀតណាម - ឡាវ ក៏ដូចជាស្មារតីនៃសាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមករវាងប្រជាជាតិទាំងពីរលើវិស័យយោធា និងកិច្ចការបរទេស គូសសញ្ញាសម្គាល់សំខាន់ក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងរវាងវៀតណាមនិងឡាវក្នុងសម័យកាលទំនើប។ អស់រយៈពេលជាងមួយទស្សវត្សរ៍ក្រោយមក កងទ័ព និងប្រជាជននៃប្រទេសទាំងពីរបានបន្តប្រកៀកស្មាគ្នា តស៊ូប្រយុទ្ធជាមួយគ្នាយ៉ាងរឹងមាំ និងទទួលបានជ័យជំនះដ៏ត្រចះត្រចង់លើជួរភ្នំ Truong Son ទាំងសងខាង និងផ្លូវប្រវត្តិសាស្ត្រហូជីមិញ ឈានដល់ដណ្តើមជ័យជំនះទាំងស្រុងនៃបដិវត្តរបស់ប្រទេសនីមួយៗ នៅឆ្នាំ ១៩៧៥។
ដោយផ្តើមចេញពីតម្រូវការនៃកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ និងបន្ទាន់ក្នុងស្ថានភាពថ្មីនោះ នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ១៩៧៧ វៀតណាមនិងឡាវបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ។ ក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមក សន្ធិសញ្ញានេះបានក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃ និងមានសារៈសំខាន់បំផុត ដែលជាមូលដ្ឋានគតិយុត្តិដ៏រឹងមាំសម្រាប់ប្រទេសទាំងពីរក្នុងការពង្រីកឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ។
“ក្រឡែកមើលឡើងវិញនូវដំណើរប្រវត្តិសាស្ត្រវីរភាពដែលប្រជាជាតិទាំងពីរបានឆ្លងកាត់ យើងមានសិទ្ធិគ្រប់បែបយ៉ាងដើម្បីមានមោទនភាពចំពោះទំនាក់ទំនងគំរូ បរិសុទ្ធ និងស្មោះត្រង់បំផុតរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជាតិវៀតណាមនិងឡាវ។ ទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវត្រូវបានថ្នាក់ដឹកនាំដ៏មហិមា ដូចជា លោកប្រធានហូជីមិញ លោកប្រធាន Kaysone Phomvihan និងលោកប្រធាន Suphanuvong ចាក់មូលដ្ឋានគ្រឹះជាផ្ទាល់ ហើយត្រូវបានថែរក្សា និងចិញ្ចឹមបីបាច់ដោយឈាមស្រស់ សាច់ស្រស់និងការខិតខំប្រឹងប្រែង របស់កងទ័ពនិងប្រជាជនច្រើនជំនាន់នៃប្រទេសទាំងពីរ។ ចំណង់នេះពិតជាក្លាយជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន ដែលជាទំនាក់ទំនង "មានតែមួយគ្មានពីរ" នៅក្នុងប្រវត្តិសាស្ត្រពិភពលោក។
អញ្ជើញថ្លែងមតិក្នុងពិធីនេះ អនុប្រធានរដ្ឋឡាវ លោក Bounthong Chitmany បានអះអាងថា ពិធីអបអរសាទរខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងឡាវនិងវៀតណាម និងខួបលើកទី ៤៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការរវាងឡាវនិងវៀតណាម គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់នៃប្រទេសពីរ។ អនុប្រធានរដ្ឋឡាវបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះការជំនួយឧបត្ថម្ភដ៏មានតម្លៃ ទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ក្នុងការតស៊ូរំដោះប្រទេសជាតិនាពេលមុននេះ ក៏ដូចជាក្នុងការការពារ និងអភិវឌ្ឍន៍ប្រទេសឡាវ។
“បក្ស រដ្ឋ និងប្រជាជនឡាវតែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួន ហើយតែងតែចាត់ទុកជាទំនួលខុសត្រូវរបស់យើងក្នុងការលើកកម្ពស់ប្រពៃណីនៃទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឡាវ-វៀតណាមដែលបានឆ្លងកាត់ការលំបាកហើយត្រូវបានពូនជ្រុំដោយឈាមស្រស់និងសាច់ស្រស់របស់យុទ្ធជនវីរៈភាពក៏ដូចជាប្រជាជនឡាវ និងវៀតណាមគ្រប់ជំនាន់ ដើម្បីការស់រានជានិរន្ត នាំមកនូវផលប្រយោជន៍ជាក់ស្តែងជាអតិបរមាដល់ប្រជាជននៃប្រទេសទាំងពីរ”។
អនុប្រធានរដ្ឋឡាវ លោក Bounthong Chitmany ជឿជាក់ថា ជាមួយនឹងកម្មវិធី និងសកម្មភាពជាបន្តបន្ទាប់ក្នុងឆ្នាំនៃទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពរវាងវៀតណាមនិងឡាវ នឹងក្លាយជារបត់ដ៏សំខាន់មួយដើម្បីពូនជ្រុំនិងពង្រីកចំណងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ៕