នៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី៣០ ខែមីនា នៅមជ្ឈមណ្ឌលផ្សាយសំឡេងជាតិ (ទីក្រុងហាណូយ) គណៈកម្មការរៀបចំមហោស្រព បានឲ្យដឹងថា មហោស្រពនឹងទាក់ទាញការចូលរួមពីគណៈប្រតិភូចំនួន ៧៣ ដោយមានចំនួនប្រតិភូជិត ១០០០នាក់។ ស្នាដៃដែលចូលរួមមហោស្រព នឹងគ្របដណ្តប់លើសារព័ត៌មានផ្សាយសំឡេងជាច្រើនប្រភេទ ដូចជា៖ កម្មវិធីផ្សាយសំឡេងផ្ទាល់; បទយកការណ៍; បទយកការណ៍ស៊ើបអង្កេត; កម្មវិធីផ្សាយសំឡេងឯកទេស និងកម្មវិធីផ្សាយសំឡេងជាភាសាជនជាតិភាគតិច។ ជាពិសេស នៅឆ្នាំនេះ ប្រភេទ Podcast ជាទម្រង់មាតិកាសំឡេង ដែលកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៅលើលំហឌីជីថល នឹងត្រូវបានដាក់បញ្ចូលក្នុងការប្រកួតប្រជែងជាលើកដំបូង។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកកាសែត Pham Manh Hung ប្រធានគណៈកម្មការរៀបចំមហោស្រព អគ្គនាយករងវិទ្យុសំឡេងវៀតណាម បានអះអាងថា៖
“ជាលើកដំបូងក្នុងក្របខ័ណ្ឌនៃមហោស្រពផ្សាយសំឡេង យើងបានរៀបចំការប្រកួតប្រជែងប្រភេទ Podcast។ នេះគឺជាទម្រង់ថ្មីមួយនៃសារព័ត៌មានដែលផ្អែកលើសំឡេង សារព័ត៌មានផ្សាយសំឡេង ដែលរួមបញ្ចូលទម្រង់សារព័ត៌មានផ្សេងទៀត និងត្រូវបានចែកចាយនៅក្នុងលំហឌីជីថល។ នេះគឺជាទម្រង់ដ៏ពេញនិយមលើទូទាំងពិភពលោក ហើយកំពុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ ជាពិសេស វិទ្យុសំឡេងវៀតណាមកំពុងកសាងគម្រោងមួយដែលមានគោលដៅក្លាយជាអ្នកផលិត Podcast ឈានមុខគេនៅក្នុងប្រទេសវៀតណាម ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យបីយ៉ាង៖ ទីមួយ ការគ្របដណ្ដប់របស់ផលិតផលលើលំហឌីជីថល; ទីពីរ ឥទ្ធិពលលើមតិសាធារណៈ និងទីបី គឺលក្ខណៈវិជ្ជាជីវៈក្នុងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបច្ចេកទេសផលិត Podcast”។
ក្នុងក្របខ័ណ្ឌនៃមហោស្រព ក៏មានសកម្មភាពជំនាញ និងការជួបប្រាស្រ័យវិជ្ជាជីវៈជាច្រើន នឹងត្រូវបានរៀបចំឡើងផងដែរ៕







